ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំងនេះជារបៀបរថយន្តជជុះអាមេរិក បានទៅដល់ដៃអ្នកប្រើប្រាស់ក្នុងប្រទេសរុស្ស៊ី

7 ម៉ោង មុន

ប្រទេសហ្សកហ្ស៊ី ៖ តូចតែខ្លឹម! ហ្សកហ្ស៊ី ដែលជាប្រទេសតូចមួយនៅតំបន់កូកាសភាគខាងត្បូង (South Caucasus) ត្រូវបានស្គាល់យ៉ាងទូលំទូលាយថាជាមជ្ឈមណ្ឌលតម្លៃរាប់ពាន់លានដុល្លារ សម្រាប់ទីផ្សាររថយន្តជជុះអន្តរជាតិ។ រថយន្តជាច្រើនមានប្រភពមកពីសហរដ្ឋអាមេរិក…

ប្រទេសហ្សកហ្ស៊ី ៖ តូចតែខ្លឹម! ហ្សកហ្ស៊ី ដែលជាប្រទេសតូចមួយនៅតំបន់កូកាសភាគខាងត្បូង (South Caucasus) ត្រូវបានស្គាល់យ៉ាងទូលំទូលាយថាជាមជ្ឈមណ្ឌលតម្លៃរាប់ពាន់លានដុល្លារ សម្រាប់ទីផ្សាររថយន្តជជុះអន្តរជាតិ។ រថយន្តជាច្រើនមានប្រភពមកពីសហរដ្ឋអាមេរិក ហើយភាគច្រើនបានទៅដៃអ្នកប្រើប្រាស់ក្នុងប្រទេសរុស្ស៊ី។ នេះបើយោងតាមប្រភពពីសារព័ត៌មាន BBC កាលពីដើមសប្តាហ៍នេះ។

ស្ថិតនៅជាយក្រុងរូស្តាវី (Rustavi) ដែលពោរពេញដោយធូលីដី គឺជាទីក្រុងឧស្សាហកម្មចម្ងាយ២០​គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងទីប៊ីលីស៊ី (Tbilisi) រដ្ឋធានីរបស់ប្រទេសហ្សកហ្ស៊ី អ្នកនឹងបានឃើញកន្លែងចតរថយន្តដ៏ធំសម្បើមមានទំហំស្មើទីលានបាល់ទាត់ចំនួន៤០ទីលានបញ្ចូលគ្នា។ នៅទីនោះមានរថយន្តរាប់ពាន់គ្រឿងសម្រាប់លក់ ហើយអ្នកអាចស្វែងរករថយន្តម៉ាកល្បីៗជាច្រើនគ្រឿង គ្រប់ស៊េរីដែលអ្នកចង់បានដូចជា Mercede, Porsche, Jaguar, Toyota និងរថយន្តស៊េរីថ្មីៗដូចជា Tesla ជាដើម។ ចំណតរថយន្តដ៏ធំបំផុតនេះ ស្ថិតក្រោមការគ្រប់គ្រងដោយក្រុមហ៊ុន Caucasus Auto Import (CAI) ដែលជាក្រុមហ៊ុនទិញរថយន្តជជុះពីការដេញថ្លៃនៅសហរដ្ឋអាមេរិក។ ជារឿយៗរថយន្តជាច្រើនរងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលត្រូវបានកាត់ផ្តាច់កិច្ចសន្យាដោយក្រុមហ៊ុនធានារ៉ាប់រងនៅសហរដ្ឋអាមេរិក។

ក្រុមហ៊ុន Caucasus Auto Import បានអះអាងថា ក្រុមអ្នកជំនាញរបស់ខ្លួននឹងឡើងទៅដេញថ្លៃយករថយន្តដោយផ្ទាល់ ហើយបន្ទាប់មករៀបចំការនាំចេញតាមរយៈកប៉ាល់កុងតឺន័រធ្វើដំណើរចម្ងាយ ១ម៉ឺនគីឡូម៉ែត្រទៅកាន់កំពង់ផែមួយ នៅឆ្នេរសមុទ្រខ្មៅរបស់ប្រទេសហ្សកហ្ស៊ី ហើយរថយន្តខូចនឹងត្រូវបានជួសជុលដោយក្រុមមេកានិចជំនាញ។

លោក David Gulashvili អគ្គនាយករងក្រុមហ៊ុន Caucasus Auto Import បានលើកឡើងថា «ក្រុមហ៊ុនយើងបានរួមចំណែកយ៉ាងច្រើន ប្រៀបដូចជាកងនាវារបស់ប្រទេសហ្សកហ្ស៊ី។ នៅពេលយើងចាប់ផ្តើមអាជីវកម្មដំបូងក្នុងឆ្នាំ ២០០៤ រថយន្តចរចរាណ៍នៅលក្នុងប្រទេសហ្សកហ្ស៊ីភាគច្រើនផលិតដោយសហភាពសូវៀតទាំងស្រុងដូចជា Lada និង Vaz។ ប៉ុន្តែក្រោយមកតម្រូវការបានកើនឡើង សម្រាប់រថយន្តផលិតដោយលោកខាងលិច។ ហើយសព្វថ្ងៃនេះក្រុមហ៊ុនមានបុគ្គលិកប្រមាណ ៦០០នាក់»។

បើតាមតួលេខផ្លូវការដោយរដ្ឋាភិបាលហ្សកហ្ស៊ី កាលពីឆ្នាំមុន ប្រទេសនេះបាននាំចូលរថយន្តមានតម្លៃរហូតដល់ ៣.១ពាន់លានដុល្លារអាមេរិក និងបាននាំចេញបន្តក្នុងតម្លៃ ២.១ពាន់លានដុល្លារជាចម្បងនាំចេញទៅកាន់អតីតសាធារណរដ្ឋសូវៀត ស្ថិតនៅតំបន់កូកាស (Caucasus) និងអាស៊ីកណ្តាល។ ដ្បិតការនាំចេញរថយន្ត គឺជាការនាំចេញធំទី២របស់ហ្សកហ្ស៊ី បន្ទាប់ពីរ៉ែទង់ដែង។ នៅទូទាំងទីផ្សាររថយន្តដ៏ធំក្នុងទីក្រុងរូស្តាវី ក្រុមអ្នកគួកជេ និងអតិថិជនចង់ដឹងចង់ឃើញកំពុងស្វែងរកកិច្ចព្រមព្រៀងទិញរថយន្តនៅទីនោះ ហើយរថយន្តនីមួយៗមានផ្លាកមួយបិទជាប់កញ្ចក់ផ្នែកខាងក្នុង ដែលបង្ហាញពីតម្លៃ ទំហំម៉ាស៊ីន និងកាលបរិច្ឆេទផលិត។

ហ្សកហ្ស៊ី ធ្លាប់នាំចេញរថយន្តជជុះរបស់អាមេរិក និងអឺរ៉ុប ទៅកាន់ប្រទេសជិតខាងភាគខាងជើងរបស់ខ្លួនគឺប្រទេសរុស្ស៊ី។ ទោះយ៉ាងណាពាណិជ្ជកម្មនេះ ត្រូវបានផ្អាកជាផ្លូវការ ក្រោយការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងឆ្នាំ ២០២២។ លុះនៅខែកញ្ញា ឆ្នាំ ២០២៣ រដ្ឋាភិបាលហ្សកហ្ស៊ីបានប្រកាសថា ស្របតាមការដាក់ទណ្ឌកម្មលោកខាងលិចចុងក្រោយបង្អស់ប្រឆាំងនឹងរុស្ស៊ីនោះ ហ្សកហ្ស៊ីបានរឹតបន្តឹងការនាំចេញរថយន្ត ពិសេសការនាំចេញបន្តនូវរថយន្តដែលនាំចូលពីសហរដ្ឋអាមេរិក និងអឺរ៉ុបទៅប្រទេសរុស្ស៊ី និងបេឡារុស។

មន្ត្រីហ្សកហ្ស៊ីបានបដិសេធយូរមកហើយថា ប្រទេសហ្សកហ្ស៊ីមិនបានធ្វើការលួចលាក់ណាមួយ ដើម្បីជួយរុស្ស៊ីគេចចេញពីទណ្ឌកម្មពាណិជ្ជកម្មណាមួយឡើយ ប៉ុន្តែការស៊ើបអង្កេតនាពេលថ្មីៗនេះ ដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយហ្សកហ្ស៊ី Ifacti បានបង្ហាញនូវចន្លោះប្រហោងជាច្រើន ដែលត្រូវបានកេងប្រវ័ញ្ចដោយកងទ័ពនៃឈ្មួញរថយន្តនៅសងខាងព្រំដែនរុស្ស៊ី-ហ្សកហ្ស៊ី។

ពាក់ព័ន្ធបញ្ហានេះ លោក David Gulashvili បានបញ្ជាក់ដូច្នេះថា «ក្រុមហ៊ុនយើងលែងធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ីទៀតហើយ។ ចាប់តាំងពីថ្ងៃទី១នៃសង្រ្គាម យើងបានរឹតបន្តឹងប្រតិបត្តិការជាមួយរុស្ស៊ី គ្រប់ប្រភេទនៃការនាំចេញទៅប្រទេសមួយនេះ។ ម្យ៉ាងទៀតអ្នកនឹងមិនមែនឃើញរថយន្តតែមួយ ដែលត្រូវបាននាំចេញដោយក្រុមហ៊ុន Caucasus Auto Import ទៅកាន់ប្រទេសរុស្ស៊ីនោះទេ»។

លោកបន្ថែមថា ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន គ្រប់គ្នាបានឃើញការកើនឡើងខ្លាំងនៃការនាំចេញរថយន្តជជុះទៅកាន់ប្រទេសកាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន និងអាមេនី សុទ្ធតែជាសមាជិកនៃសហភាពគយដែលដឹកនាំដោយរុស្ស៊ី។ មានន័យថា រថយន្តបានចុះបញ្ជីក្នុងប្រទេសទាំងនោះ អាចត្រូវបាននាំចេញបន្តទៅកាន់ប្រទេសរុស្ស៊ីជាមួយនឹងតម្លៃពន្ធតិចតួចបំផុត។

តួលេខពីទីភ្នាក់ងារស្ថិតិជាតិប្រទេសហ្សកហ្ស៊ីបង្ហាញថា រថយន្តពិតជាកំពុងនាំចេញបន្តទៅកាន់ប្រទេសរុស្ស៊ីពិតប្រាកដមែន។ ជាក់ស្តែង នៅឆ្នាំ ២០២២ ហ្សកហ្ស៊ីបាននាំចេញរថយន្តជជុះចំនួន ៧,៣៥២គ្រឿងទៅកាន់ប្រទេសកាហ្សាក់ស្ថាន ខណៈនៅឆ្នាំ ២០២៣ ចំនួន ៣៩,៨៩៦គ្រឿង ដែលជាការកើនឡើងច្រើនជាងប្រាំដង។

រថយន្តភាគច្រើនដែលបាននាំចូលមកដល់ហ្សកហ្ស៊ីគឺប្រើសាំង និងម៉ាស៊ូត ប៉ុន្តែលោក David Gulashvili បានអះអាងថា តម្រូវការកើនឡើងយ៉ាងឆាប់រហ័ស សម្រាប់រថយន្តអគ្គិសនី ពិសេសរថយន្តកូនកាត់ ដែលយើងស្គាល់ថា Hybrid។ លោកថា «ប្រហែល ៣០% នៃរថយន្តដែលយើងកំពុងនាំយកមកឥឡូវនេះគឺជារថយន្ត Hybrid មិនប្រើអគ្គិសនីសុទ្ធទេ ប៉ុន្តែជារថយន្តកូនកាត់ដូចជា Toyota Prius ជាដើម។ ហើយអត្រាកំណើនចេញពីតារាងរហូតដល់ ៣០០-៤០០% ក្នុងមួយត្រីមាស»។

លោកបន្ថែមថា ទីផ្សារលក់បន្តដ៏ធំបំផុតសម្រាប់រថយន្ត Tesla គឺក្នុងប្រទេសអ៊ុយក្រែន ក្រុមហ៊ុនលោកមានក្រុមការងារចំនួន១០០នាក់នៅទីនោះ។ តម្លៃរថយន្ត Tesla ថ្លៃខ្លាំង ហើយប្រថុយប្រថានខ្លាំងក្នុងការនាំចូលមកលក់បន្ត ប៉ុន្តែក្រុមហ៊ុនលោកនៅតែព្យាយាមទាក់ទាញអ្នកប្រើប្រាស់នៅទីនោះ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនលោកក៏កំពុងនាំចូលរថយន្តភីកអាប់ (Pickup Truck) ជាច្រើនគ្រឿងផងដែរ ដើម្បីនាំចេញទៅអ៊ុយក្រែន ដែលត្រូវបានប្រើប្រាស់ក្នុងសមរភូមិប្រឆាំងនឹងរុស្ស៊ី៕ (ប្រភព ៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ