ខេត្តសៀមរាប ៖ សូមមេត្តាពិចារណា និងសូមប្រើប្រាស់ជំនឿជឿប្រកបដោយបញ្ញា ករណីបុរសម្នាក់អង្គុយសូត្រធម៌ប្រោះព្រំ ធ្វើឲ្យប្រជាពលរដ្ឋនាំគ្នាទៅឈរសំពះសំពរជ័យ និងដាក់លុយនៅមុខព្រះវិហារព្រះអង្គចេក ព្រះអង្គចម តែមកដឹងការពិត ដែលមន្ទីរធម្មការ និងសាសនា ខេត្តសៀមរាប ចេញសេចក្ដីបំភ្លឺការពិតដាច់ផ្ងារទើងតែម្ដង ។
ជាការពិតណាស់ កាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ មន្ទីរធម្មការ និងសាសនា ខេត្តសៀម រាប បានចេញសេចក្ដីបំភ្លឺ និងបញ្ជាក់ច្បាស់ៗទៅកាន់បងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបជាព័ត៌មាន ក៏ដូចជាចៀសវាងការចាញ់បោក ឬជឿងប់ងុលដោយគ្មានការពិចារណា ចំពោះករណីបុគ្គលម្នាក់ដែលកំពុងផ្ទុះល្បីនៅលើបណ្ដាញសង្គម FaceBook និងTik Tok ទៅអង្គុយសូត្រធម៌ប្រោះព្រំប្រជាពលរដ្ឋនៅមុខព្រះវិហារព្រះអង្គចេក ព្រះអង្គចម ក្បែររបងព្រះរាជដំណាក់នាខេត្តសៀមរាប ។
បើយោងតាមសេចក្ដីបំភ្លឺព័ត៌មានរបស់មន្ទីរ ធម្មការ និងសាសនា ខេត្តសៀមរាបបានឲ្យដឹងយ៉ាងដូច្នេះថា មន្ទីរធម្មការ និងសាសនាខេត្តសៀមរាបមានកិត្តិយស សូមធ្វើការបំភ្លឺប្រគេនជូនដល់ព្រះថេ រានុត្ថេរៈ សាធារណជន និងអ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់មេត្តាជ្រាបថា ថ្មីៗនេះ មន្ទីរធម្មការនិងសាសនាខេត្តបានពិនិត្យឃើញថា នៅតាមបណ្តាញសង្គមបានបង្ហោះរូបភាពវីដេអូ បុគ្គលម្នាក់អង្គុយសូត្រធម៌ប្រោះព្រំបែបពុទ្ធសាសនាដល់ប្រជាពលរដ្ឋ ដែលទៅគោរពបូជានៅព្រះវិហារព្រះអង្គ ចេកព្រះអង្គចម ក្បែររបងព្រះរាជដំណាក់ខេត្តសៀមរាប។
មន្ទីរធម្មការនិងសាសនាខេត្ត សូមពិតប្រគេននិងជម្រាបជូនថា បុគ្គលម្នាក់នោះជាជនមានសតិមិនល្អ រស់នៅស្នាក់អាស្រ័យតាមវត្ត និងបានដើរត្រាច់ចរនៅតាមទីកន្លែងមួយចំនួនជាប្រចាំ។ ថ្មីៗនេះ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ មានបណ្តាញសង្គម (Facebook) មួយបានថត Live សកម្មភាពសូត្រធម៌ប្រោះព្រំ និងនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ បណ្តាញសង្គម (Tik Tok) មួយទៀត ក៏បានបង្ហោះសកម្មភាពសូត្រធម៌ប្រោះព្រំដូចគ្នានេះដែរ ដែលធ្វើឱ្យសាធារណជន និងពុទ្ធបរិស័ទមួយចំនួនមានការយល់ច្រឡំ ។
មន្ទីរធម្មការ និងសាសនាខេត្ត សូមសំណូមពរដល់សាធារណជនទាំងអស់ មេត្តាពិចារណានិងសូមប្រើប្រាស់ជំនឿប្រកបដោយបញ្ញា និងសូមមេត្តាបញ្ឈប់ការចែកចាយសកម្មភាពទាំងនេះ ដើម្បីចូលរួមថែរក្សាគុណ តម្លៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនៃយើង។
អាស្រ័យហេតុនេះ សូមសាធារណជននិងអ្នកសារព័ត៌មានព្រមទាំងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនង សង្គមទាំងអស់ជ្រាបជាព័ត៌មាន ៕ អត្ថបទ៖ រៀម រ៉ាន់
ចែករំលែកព័តមាននេះ