ខេត្តស្វាយរៀង ៖ មានភ្លៀងមួយមេធំលាយឡំខ្យល់ ផ្គរ រន្ទះ និងមានផ្លេកបន្ទោរឆ្វេចឆ្វាច គួរឱ្យតក់ស្លុតចំពោះអ្នកធ្វើដំណើរតាមដងផ្លូវជិះម៉ូតូ ។ ហើយមិនបានប៉ុន្មាននាទីផង ក៏មានរន្ទះបាញ់លាន់កក្រើកបាញ់ចំហ្វូងគោ ដែលកំពុងដើរស៊ីស្មៅនៅតាមវាលស្រែ បណ្តាលឲ្យងាប់ចំនួន០៤ក្បាលនៅនិងកន្លែង ។

ករណីនេះ បានកើតឡើងនៅវលាម៉ោង៤ និង១៥នាទីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅភូមិរោទ៍ ឃុំញរ ស្រុកកំពង់រោទ៍ ។ បើតាមម្ចាស់គោបានប្រាប់អ្នកសារព័ត៌មានថា នៅរដូវប្រាំងប្រជាពលរដ្ឋអ្នកចិញ្ចឹមសត្វគោក្របីតែងតែយកទៅលែងឲ្យស៊ីស្មៅនៅតាមវាលស្រែ ហើយម្ចាស់ត្រឡប់មកផ្ទះវិញ និងទៅឃ្វាលមើលម្តងម្កាល ។
ហើយនៅល្ងាចកើតហេតុ ឃើញមានមេឃរកកលភ្លៀង ម្ចាស់គោក្របី នាំគ្នាឡើងមកផ្ទះជ្រកភ្លៀង ខណៈពេលភ្លៀងមួយធំកក់ខែ លាយឡំខ្យល់ផ្គរន្ទះលាន់គ្រហឹម លុះពេលរាំងភ្លៀងទៅកៀងគោក្របីមកផ្ទះវិញ ស្រាប់តែឃើញគោរបស់គាត់ចំនួន០៤ក្បាល ត្រូវរន្ទះបាញ់ងាប់រដូករណែលនៅជិតរណ្តៅដីចាក់សំរាម គួរឲ្យសោកស្តាយ។
ប្រភពបានបញ្ជាក់ទៀតថា គាត់ចិញ្ចឹមគោជាង១០ក្បាល ឥឡូវរន្ទះបាញ់ ងាប់អស់០៤ក្បាល បើប្រលះសាច់លក់ គឺមិនបានតម្លៃថ្លៃទេ មានតែលក់ខាតហើយ ។ បន្ទាប់ពីសមត្ថកិច្ចមកពិនិត្យរួច ក៏ប្រគល់សត្វគោទាំង០៤ក្បាលឱ្យម្ចាស់យកទៅលក់ឲ្យអ្នកប្រកបមុខរបរលក់សាច់គោក្នុងស្រុក។
អាជ្ញាធរបានផ្សព្វផ្សាយណែនាំ សូមឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ដោយចាប់ពីថ្ងៃទី២៦កុម្ភៈ រហូតដល់ថ្ងៃទី០៣ មីនា គឺមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ សូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ៕
ចែករំលែកព័តមាននេះ