សាលាជាថ្នាលបណ្តុះចំណេះ តែដើម្បីទទួលបានចំណេះ ក៏ទាមទារឱ្យអគារសាលាមានសុវត្ថិភាពសម្រាប់សិស្សានុសិស្សផងដែរ ។ យ៉ាងណាមិញ ទីតាំងសាលារៀនមួយកន្លែង មានស្ថានភាពទ្រុឌទ្រោមខ្លាំងរហូតថ្នាក់ដឹកនាំសាលាបង្ហាញការព្រួយបារម្ភ ពីសុវត្ថិភាពរបស់កូនសិស្ស និងគ្រូបង្រៀន ។
ស្ថានភាពទ្រុឌទ្រោមរបស់ទីតាំងសាលាមួយកន្លែងនេះកំពុងត្រូវបានមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមយកមកជជែកយ៉ាងផុសផុល ខ្លះសម្តែងក្តីអាណិតអាសូរដល់កូនសិស្សតូចៗ និងខ្លះទៀតបានលើកឡើងថា សម័យនេះហើយនៅមានសាលាចាស់ទ្រុឌទ្រោមខ្លាំងយ៉ាងនេះ ។ ស្របពេលជាមួយគ្នានោះក៏មានបងប្អូនខ្លះសម្តែងក្តីអាណិតអាសូរក្មេងៗជាពន់ពេកដោយសារសាលាមួយនេះ មានសភាពចាស់ទ្រុតទ្រោមខ្លាំងរហូតដល់លោកគ្រូនាយកសាលាបង្ហាញពីការព្រួយបារម្ភជាខ្លាំង ខ្លាចថ្ងៃណាមួយបាក់សង្កត់លើសិស្ស ។
ជាការពិត តាមរយៈការបង្ហោះរបស់គណនី លោក ស្រេង វុធថា លោកបានលើកឡើងថា «នេះជាសាលាបឋមសិក្សា ចំបក់ខោលកំពុងតែជួបភាពខ្វះខាតណាស់បងប្អូនខាងលោកគ្រូបានសុំអោយខ្ញុំជួយដល់សាលាផងខ្ញុំក៏មិនមានអីច្រើនសម្រាប់ជួយដែលសង្ឃឹមថា បងប្អូនជួយដល់សាលានេះផងខ្ញុំបាទមានគម្រោងជួសជុលសាលាចំបក់ខោលនេះបងប្អូនអាចចូលរួមតាមសទ្ធា ស្ថិតនៅចំណុះភូមិស្រឡៅស្រោង ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ» ។
តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាព នាយកសាលាចំបក់ខោលលោក ខុន ខឿន មានប្រសាសន៍ថា សព្វថ្ងៃសាលាបឋមសិក្សារបស់លោកមានសភាពចាស់ទ្រុតទ្រោមដោយលោកមានការព្រួយបារម្ភណាស់ដែរ ចំពោះបញ្ហានេះព្រោះខ្លាចថ្ងៃណាមួយបាក់សង្កត់ធ្លាក់កូន ឬលោកគ្រូអ្នកគ្រូ ។
លោក ខុន ខឿន បន្តទៀតថា សាលាបឋមសិក្សាចំបក់ខោលនេះទៀតសោត គឺបានសាងសង់ឡើងក្នុងឆ្នាំ២០១២ ដោយមកដល់បច្ចុប្បន្នមានរយៈពេល១៤ឆ្នាំហើយ ដោយជញ្ចាំងឈើមានសភាពពុកផុយ និងពេលភ្លៀងមកសាចរៀនមិនកើតជាដើមនោះ ។ ភាពនាយកសាលាចំបក់ខោ មានប្រសាសន៍បន្តថា សាលារៀនមួយនេះធ្វើឡើងពីឈើដែលសល់ពីសាលារៀនផ្សេងដោយការខ្វះខាតជាច្រើននោះ លោក និងសិស្សគ្មានលទ្ធិភាពក្នុងការសាងសង់ថ្មីនោះឡើយ តែបើយើងជួសជួលវិញលោកថា គឺពិបាកណាស់ព្រោះកន្លែងវាពុកខ្លាំង ដោយមិនអាចកែប្រែស្ថានភាពបានឡើយ ដូច្នេះត្រង់ចំណុចនេះ លោកសុំអោយមហាជន បងប្អូនអ្នកមានធនធានជួយសាលារៀនមួយនេះ ទោះមិនបានសាលាថ្មថ្មីស្អាតក៏សុំត្រឹមរោងដោលក៏បាននោះ ព្រោះខ្លាចថ្ងៃមុខបាក់សង្កត់លើសិស្ស និងគ្រូនោះ ។
ជាការពិត សាលារៀនចំបក់ខោល មានចំនួន៣បន្ទប់ មានលោកគ្រូអ្នកគ្រូបង្រៀន៣នាក់ ក្នុងនោះមានអ្នកគ្រូស្រីម្នាក់ ដែលមានផ្ទះនៅឆ្ងាយពិបាកក្នុងការធ្វើដំណើរ បើចំពោះសិស្សដែលបានមកសិក្សារៀនសូត្រនៅទីនេះមានចំនួន៣៤នាក់ ស្រី១៨នាក់ ដែលឪពុកម្តាយភាគច្រើននៃសិស្សទាំងនេះ គឺប្រកបការងារស៊ីឈ្នួលជាកម្មករ និងប្រកបការងារស្រែចម្ការជាដើម ។
គួរបញ្ជាក់ដែរថា សាលាបឋមសិក្សាចំបក់ខោល ដែលស្ថិតក្នុងស្រុករវាង នៃខេត្តព្រះវិហារ ពិតជាជួបការខ្វះខាតខ្លាំង ដោយស្ថានាភាពអគារសិក្សាទ្រុតទ្រោមមានសភាពពុកផុយ ដូច្នេះលោកនាយកសាលាសូមអោយបងប្អូនមហាជនជួយសាងសង់សាលារៀនមួយអោយសិស្សបានរៀនសូត្រផងនោះ ៕ ដោយ៖លីហួ គីមឆាយ
ចែករំលែកព័តមាននេះ