ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន​សង្ឃឹម​ថា​យ៉ាង​យូរ​ត្រឹម​ឆ្នាំ​២០២៥​អាច​មាន​សន្តិ​ភាព​ឡើង​វិញ

16 ម៉ោង មុន

ទី​ក្រុង​កៀវ៖ ប្រធា​ធិបតី​អ៊ុយ​ក្រែន​ លោក​ហ្សេឡិន​ស្គី ថ្លែង​ថា​ប្រទេស​ជាតិ​របស់​លោក​អាច​នឹង​មាន​សន្តិ​ភាព​ឡើង​វិញ​យ៉ាង​យូរ​ត្រឹម​ឆ្នាំ​២០២៥​បើ​ផែន​ការ​ជ័យ​ជម្នះអាច​អនុវត្ត​បាន​ជោគ​ជ័យ​។ ក៏​ប៉ុន្តែ​​មាន​ចំណុច១​​​ដែល​ក្រុម​សម្ព័ន្ធ​មិត្ត​​លោក​ខាង​លិច​មិន​យល់​ស្រប​ទេ​។ នោះ​គឺ​ការ​ទទួល​យក​អ៊ុយ​ក្រែន​ជា​សមាជិក​​អង្គ​ការ​ណាតូ​នៅ​ពេល​​​សង្គ្រាម​មិន​ទាន់បញ្ចប់​ទៅ​វិញ​ទេ​។​​ លោក​ហ្សេឡិន​ស្គី​ថ្លែង​នៅ​ក្នុងរដ្ឋ​​សភា​ថា​បើ​យើង​ចាប់​ផ្ដើម​​អនុវត្ត​ផែន​ការ​នេះ​ចាប់​ឥឡូវ​នេះ​ទៅ​ ប្រហែល​ជា​មិន​ហួស​ឆ្នាំ​ក្រោយ​ទេ​យើង​អាច​បញ្ចប់​សង្គ្រាម​បាន​ហើយ​។ លោក​ទើប​តែ​យក​ផែន​ការ​នេះ​ទៅ​បង្ហាញ​ក្រុម​ប្រទេស​លោក​ខាង​លិច​​។ ប៉ុន្តែ​ពួក​គេ​មិន​ទាន់​ប្រកាស​ថា​យល់​ព្រម​កម្រិត​ណា​ទេ​។…

ទី​ក្រុង​កៀវ៖ ប្រធា​ធិបតី​អ៊ុយ​ក្រែន​ លោក​ហ្សេឡិន​ស្គី ថ្លែង​ថា​ប្រទេស​ជាតិ​របស់​លោក​អាច​នឹង​មាន​សន្តិ​ភាព​ឡើង​វិញ​យ៉ាង​យូរ​ត្រឹម​ឆ្នាំ​២០២៥​បើ​ផែន​ការ​ជ័យ​ជម្នះអាច​អនុវត្ត​បាន​ជោគ​ជ័យ​។ ក៏​ប៉ុន្តែ​​មាន​ចំណុច១​​​ដែល​ក្រុម​សម្ព័ន្ធ​មិត្ត​​លោក​ខាង​លិច​មិន​យល់​ស្រប​ទេ​។ នោះ​គឺ​ការ​ទទួល​យក​អ៊ុយ​ក្រែន​ជា​សមាជិក​​អង្គ​ការ​ណាតូ​នៅ​ពេល​​​សង្គ្រាម​មិន​ទាន់បញ្ចប់​ទៅ​វិញ​ទេ​។​​

លោក​ហ្សេឡិន​ស្គី​ថ្លែង​នៅ​ក្នុងរដ្ឋ​​សភា​ថា​បើ​យើង​ចាប់​ផ្ដើម​​អនុវត្ត​ផែន​ការ​នេះ​ចាប់​ឥឡូវ​នេះ​ទៅ​ ប្រហែល​ជា​មិន​ហួស​ឆ្នាំ​ក្រោយ​ទេ​យើង​អាច​បញ្ចប់​សង្គ្រាម​បាន​ហើយ​។ លោក​ទើប​តែ​យក​ផែន​ការ​នេះ​ទៅ​បង្ហាញ​ក្រុម​ប្រទេស​លោក​ខាង​លិច​​។ ប៉ុន្តែ​ពួក​គេ​មិន​ទាន់​ប្រកាស​ថា​យល់​ព្រម​កម្រិត​ណា​ទេ​។ នៅ​ក្នុង​ចំណោម​​ផែន​ការ​ទាំង​៥​ចំណុច​ដែល​ប្រកាស​​ជូន​រដ្ឋ​សភា​នោះ​ ចំណុច​ទី​១​អាច​ជា​ផែន​ការ​ដែល​មាន​មហិច្ឆ​តា​ខ្ពស់​ជាង​គេដែល​​​ក្រុ​មបស្ចិម​ប្រទេស​ពិបាក​នឹង​គាំទ្រ​​​។

នៅ​ពេល​ក្រុមបស្ចិម​ប្រទេស​​​និយាយ​មិន​ដាច់​ពី​​មាត់​ថា​ខ្លួន​នឹង​បន្ត​គាំទ្រ​អ៊ុយ​ក្រែន​ដោយ​ឥត​ដក​ថយ​ លោក​ហ្សេ​ឡិន​​ស្គី​​មិន​ចង់​ឃើញ​ពួក​គេ​និយាយ​តែ​មាត់ទទេ​បែប​នេះ​ឡើយ​​។ លោក​យល់​ថា​បើ​ពួក​គេ​ចិត្ត​សឿង​មែន​គួរ​តែ​ទទួល​យក​អ៊ុយ​ក្រែន​ជា​សមជិក​អង្គ​ការ​ណាតូទាំង​កំពុង​មាន​សង្គ្រាម​​​ទើប​ជា​ការ​ល្អ លោក​យល់​ថា​ទាល់​តែបែប​ហ្នឹង​ទើប​បញ្ជាក់​​ច្បាស់​ថា​ក្រុម​បស្ចិម​ប្រទេស​ពិត​ជា​តាំង​ចិត្ត​ជួយ​អ៊ុយ​ក្រែន​ឱ្យ​អស់​ពី​ចិត្ត​ពី​ថ្លើម​​មែន​។

​ជា​គោល​ការណ៍​របស់​អង្គ​ការ​ណាតូ​ រាល់​ការ​សម្រេច​ចិត្ត​ណា​មួយ​អាច​យក​ជា​ការ​បាន​លុះ​ត្រា​តែ​ឆ្លង​កាត់​ការ​អនុ​ម័ត​ជា​ឯក​ច្ឆន្ទ​។ មាន​ន័យ​ថា​គ្មាន​សមាជិក​ណា​មួយ​បោះ​ឆ្នោត​ជំទាស់​​។ អាល្លឺម៉ង់ និង​អាមេរិក​យល់​ថា​នៅ​​ពេល​​អ៊ុយ​ក្រែន​កំពុង​​ជាប់​ដៃ​ធ្វើ​សង្គ្រាម​បែប​នេះ បើ​ណាតូ​ទទួល​យក​អ៊ុយ​ក្រែន​ជា​សមាជិក​ហាក់​ដូច​ជា​មិន​សម​ទំនង​ទាល់​តែ​សោះ​​។ បើ​​ដូច្នេះ​មែន​អាច​នឹង​​អូស​ទាញ​ណាតូ​ឱ្យ​ផ្ទុះ​សង្គ្រាម​ជា​មួយ​ប្រទេស​រុស្ស៊ី​​ក៏​អាច​ថាបាន​ដែរ​។

នៅឯ​​កិច្ច​ប្រជុំ​កំពូល​ណាតូ​នៅ​វ៉ាស៊ីនតោន​កាល​ពី​ខែ​កក្កដា​ សមាជិក​ទាំង​៣២​​ប្រទេស​​​ប្រកាស​ថា​ខ្លួនត្រៀម​ទទួល​យក​អ៊ុយ​ក្រែន​​ដោយ​គ្មាន​ប្រែ​ក្រឡាស់​ទេ​។ ​សំខាន់​ត្រូវ​តែ​រក​វិធី​បញ្ចប់​សង្គ្រាម​ជា​មុន​សិន​។ ​ឥឡូវ​នេះ​ ណាតូ​​មិន​ទាន់​អាច​និយាយ​​​​អ្វី​ជា​បន្ត​ទៀត​ទេ​​ពាក់​ព័ន្ធ​នឹង​​បញ្ហា​នេះ​​​។ លុះ​ត្រា​តែ​ក្រោយ​កិច្ច​ប្រជុំ​កំពូល​ណាតូ​នៅ​​ហូឡង់​នា​ខែ​មិថុនា​ ឆ្នាំ​២០២៥ជា​មុន​សិន​​​។

សព្វ​ថ្ងៃ​នេះ អ៊ុយ​ក្រែន​កំពុង​តែ​ពិបាក​ទប់​ទល់​នឹង​កម្លាំង​យោធា​របស់​រុស្ស៊ី។ ​ជា​ពិសេស​នៅ​តំបន់​ដូញ៉ែត​ (Donetsk)ដែល​​អ៊ុយ​ក្រែន​ត្រូវ​តែ​បង្ខំ​ចិត្ត​ដក​ថយ​ជា​បន្ត​បន្ទាប់​។ ​ដូច្នេះ អ៊ុយ​ក្រែន​ពិត​ជា​ត្រូវ​ការ​ការ​ជួយ​ជ្រោម​ជ្រែង​ពី​ក្រុម​បស្ចិម​ប្រទេស​ឱ្យ​បាន​ពេញ​ទំហឹង​​ទើប​អាច​​មាន​សង្ឃឹម​ថា​ទប់​ជាប់​​។ ប៉ុន្តែ​​ខុស​ពី​ការ​រំពឹង​ទុក​នេះ​ បស្ចិម​ប្រទេស​ចាប់​ផ្ដើម​រយាល​ដៃ​បន្តិច​ម្ដង​ៗ​។​

នេះ​ជា​លើក​ទី​១​ដែល​លោក​ហ្សេ​ឡិន​ស្គី​ប្រកាស​ទទួល​ស្គាល់​ជា​ចំហ​ថា​នៅ​ក្នុង​ការ​ជជែក​គ្នា​ជា​លក្ខណៈ​ឯក​ជន​កាល​ពី​ពេល​ថ្មី​ៗ​នេះ ក្រុម​បស្ចិម​ប្រទេស​ចាប់​ផ្ដើម​ជំរុញ​ឱ្យ​អ៊ុយ​ក្រែន​ចរ​ចា​គ្នា​​ជា​មួយ​រុស្ស៊ី​ដើម្បី​បញ្ចប់​សង្គ្រាម​។ ពួក​គេ​មិន​ចង់​ឱ្យ​ប្រើ​ពាក្យ​ «យុត្តិ​ធម៌» ត​ទៅ​ទៀត​ទេ​នៅ​ក្នុង​ការ​ចរ​ចា​គ្នា​នេះ​​។ មាន​ន័យ​ថា​បើ​ត្រូវ​កាត់​ទឹក​ដី​ឱ្យ​គេ​ក៏​គួរ​តែ​កាត់​​​ដើម្បី​ជា​ថ្នូរ​នឹង​សន្តិ​ភាព​។

ប៉ុន្តែ​រុស្ស៊ី​បាន​និយាយរួច​ហើយ​​ថា​ទោះ​បី​អ៊ុយ​ក្រែន​យល់​ព្រម​តាម​លក្ខ​ខណ្ឌ​របស់​រុស្ស៊ី​ក៏​ដោយ​ ចំណុច​សំខាន់​មួយ​គឺ​ថា​រុស្ស៊ី​មិន​អាច​បណ្ដោយ​ឱ្យ​អ៊ុយ​ក្រែន​ចូល​ជា​សមាជិក​អង្គ​ការ​ណាតូ​ជា​ដាច់​ខាត​។ អ៊ុយ​ក្រែន​ត្រូវ​តែ​ជា​ប្រទេស​គ្មាន​កង​ទ័ព និង​មិន​ចូល​បក្ស​សម្ព័ន្ធ​ណា​ទាំង​អស់​។ បើ​មិនអីចឹង​​ទេ​អ៊ុយ​ក្រែន​​មិន​អាច​នៅ​សុខ​​បាន​ឡើយ​។ ​​ដូច្នេះ​កុំ​សង្ឃឹម​ថា​កាត់​ទឹក​ដី​ខ្លះ​ឱ្យ​រុស្ស៊ី​ដើម្បី​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព។ រួច​ហើយ​ចូល​ជា​សមាជិក​អង្គ​ការ​ណាតូ​ដើម្បី​ជា​យ័ន្ត​ការ​ពារ​ខ្លួន​។ យុទ្ធ​សាស្ត្រ​នេះ​មិន​អាច​ទៅ​រួច​ទេ​។ រុស្ស៊ី​នៅ​តែ​បន្ត​រក​រឿង​ជា​រៀង​រហូត​​។

នៅ​ក្នុង​ផែន​ការ​ជ័យ​ជម្នះ​​នោះ​មាន​ផ្នែក​ខ្លះ​ត្រូវ​រក្សា​ទុក​ជា​ការណ៍​សម្ងាត់​ដែល​លោក​ហ្សេឡិន​ស្គី​​មិន​បាន​យក​ទៅជម្រាប​ជូន​​រដ្ឋ​សភា​ទេ​។ ចំណុច​ខ្លះ​និយាយ​អំពី​ការ​បន្ត​វាយ​ប្រហារ​ទៅ​លើ​ប្រទេស​រុស្ស៊ី​​រួម​ទាំង​ការ​វាយ​ឆ្មក់​ចូល​តាម​តំបន់​ខឺស​ (Kursk) ដែល​ចាប់​ផ្ដើម​កាល​ពី​ខែ​សីហា និង​ការ​​បញ្ជូន​ហ្វូង​យន្ត​ហោះ​ដ្រូន​វាយ​ប្រហារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​រុស្ស៊ី​​​។ លោក​ហ្សេឡិន​ស្គី​ត្រូវ​ការ​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​បន្ថែម​ទៀត​ និង​ត្រូវ​ការ​​​​ព័ត៌​មាន​សម្ងាត់​ដែល​ផ្ដល់​ដោយ​ក្រុម​សម្ព័ន្ធ​មិត្ត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ