ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ឈាន​ដល់​បង្ក្រាប​ទីតាំង​ទទួល​ទិញ និង​បញ្ចាំ រក​ឃើញ​ម៉ូតូ ៣១​គ្រឿង

17 ម៉ោង មុន

ខេត្តបន្ទាយមានជ័យ ៖ នៅ​វេលា​ម៉ោង​០១​និង​០០​នាទី ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ទទួល​បណ្ដឹង​បន្ទាន់​របស់​ជន​រង​គ្រោះ​ឈ្មោះ ស៊ុន សៀវ​អេ​ង…

ខេត្តបន្ទាយមានជ័យ ៖ នៅ​វេលា​ម៉ោង​០១​និង​០០​នាទី ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ទទួល​បណ្ដឹង​បន្ទាន់​របស់​ជន​រង​គ្រោះ​ឈ្មោះ ស៊ុន សៀវ​អេ​ង ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ស្ដី​ពី​ករណី ចោរលួច​ម៉ូតូ នៅ​ចំណុច​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។ ភ្លាម​ៗ​នោះ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់​ឈ្មោះ ខន ដាវ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រួម​ទាំង​ដក​វត្ថុ​តាង​ម៉ូតូ ហើយ​នាំ​មក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ដើម្បី​សួរនាំ ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បានឱ្យ​ដឹង​ថា ក្រោយ​ពី​ធ្វើការ​ស្ដាប់​ចម្លើយ​ជនសង្ស័យ កម្លាំង​ជំនាញ​ទទួល​បាន​តម្រុយ នៃ​បទល្មើស​ពាក់ព័ន្ធ​លួច​ម៉ូតូ ហើយ​យក​ទៅ​លក់​នៅ​កន្លែង​ទទួល​ទិញ និង​បញ្ចាំ​មួយ​កន្លែង ។

បន្ទាប់​មក លោក​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បាន​គោរព​រាយការណ៍​ជូន​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត សុំ​គោលការណ៍ និង​សម្របសម្រួល​នីតិវិធី​ពី​លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​ឆែកឆេរ​ទីតាំង​ទទួលផល​ចោរកម្ម​មួយ​កន្លែង​នោះ ស្ថិត​នៅ​មណ្ឌល​៤ ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី គង់ រិ​ទ្ធា មន្ត្រី​នគរបាល​យុត្តិធម៌​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ព្រមទាំង​មាន​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន និង​ម្ចាស់​ទីតាំង​ផង​ដែរ ពេល​កម្លាំង​ត្រួតពិនិត្យ និង​ឆែកឆេរ​ទីតាំង​ខាងលើ​នោះ រក​ឃើញ​មាន​ម៉ូតូ​ចំនួន ៣១​គ្រឿង និង​ម៉ូតូ​កង់​បី ចំនួន​០១​គ្រឿង​ផង​ដែរ ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បញ្ជាក់​ថា ចំណែកឯ​ជនសង្ស័យ ដែល​ជា​អ្នក​ទទួល​បញ្ចាំ បាន​រត់គេច​ខ្លួន​បាត់ ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បានឱ្យ​ដឹង​ទៀត​ថា ចំពោះ​វត្ថុ​តាង​ម៉ូតូ ត្រូវ​បាន​កម្លាំង​យក​មក​រក្សា​ទុក​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​ដើម ។

ចំណែក​ជនសង្ស័យ​ក្រោយ​ឃាត់ខ្លួន និង​សួរនាំ​រួច បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​ម៉ូតូ​របស់​ជន​រង​គ្រោះ​ខាងលើ​ពិតប្រាកដ​មែន ហើយ​រាល់​សកម្មភាព​លួច​ម៉ូតូ​បាន ខ្លួន​តែងតែ​យក​ទៅ​លក់​ឱ្យ​ហាង​បញ្ចាំ​ខាងលើ ។

ដោយ​ផ្អែក​លើ​ចម្លើយ​សារភាព និង​មាន​វត្ថុ​តាង​ជាក់ស្តែង កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ចាត់ការ​បន្ត​តាម​នីតិវិធី ចំណែក​ជនសង្ស័យ​ជា​ម្ចាស់​ហាង​បញ្ចាំ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ឃាត់ខ្លួន ចាត់​តាម​នីតិវិធី ។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​បានឱ្យ​ដឹង​ថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ នៅ​រសៀល​ថ្ងៃ​ពុធ ទី​១៦ ខែតុលា ឆ្នាំ​២០២៤​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី ។

សូម​បញ្ជាក់​ផង​ដែរ​ថា ដោយ​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​ទទួល​ការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត កងរាជអាវុធហត្ថ​ខេត្ត សូម​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​បាត់​ម៉ូតូ សូម​អញ្ជើញ​មក​ពិនិត្យ​ភិនភាគ​ម៉ូតូ នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​រាល់​ម៉ោង​ធ្វើការ ដោយ​ភ្ជាប់​មក​ជាមួយ នូវ​ឯកសារ​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ