រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានការឯកភាពពីប្រមុខរាជរដ្ឋាភិបាល ពេលកន្លងមក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចតែងតាំងលោក នុត សវនា ជាប្រធានមណ្ឌលអប់រំកែប្រែទី១ (ម១) ឬពន្ធនាគារព្រៃ.ស ។
យោងតាមប្រកាសស្តីពីតែងតាំងមន្ត្រីរាជការ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ បានចេញអនុក្រឹត្យតែងតាំង លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា ឱ្យទទួលបន្ទុកជាប្រធានមណ្ឌលអប់រំកែប្រែទី១ បន្ថែមលើមុខតំណែងបច្ចុប្បន្ន ។
សូមបញ្ជាក់ថា លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា មានមុខតំណែងបច្ចុប្បន្នជា អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ។
សូមជម្រាបថា កាលពីពេលថ្មីៗនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឯកភាពឲ្យមានការផ្លាស់ប្ដូរប្រធានមណ្ឌលអប់រំកែប្រែទី១ (ព្រៃស ម១) ។ ការសម្រេចបែបនេះ បន្ទាប់ពីសម្ដេចមហាបវរធិបតី បានទទួលវីដេអូ ដែលតាមបណ្តាញសង្គមបង្ហោះចេញពីពន្ធនាគារ ដោយមានក្រុមអ្នកទោសជាជនជាតិចិន និងខ្មែរ បានធ្វើវិធីជប់លៀង ហើយមានការចាក់ធុងបាសយ៉ាងសប្បាយរីករាយ ៕
ចែករំលែកព័តមាននេះ