ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មតិអ្នកជំនាញជុំវិញសំនួរថា តើតម្លៃមាសនឹងឡើងដល់៣ពាន់ដុល្លារក្នុង១អោន ឆ្នាំនេះដែរឬទេ?

7 ខែ មុន

សហរដ្ឋអាមេរិក ៖ «មាស» ត្រូវបានចាត់ថ្នាក់ជាអ្នកការពារអតិផរណា និងភាពចលាចលសេដ្ឋកិច្ច។ មាសបានទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនកាន់តែច្រើននាពេលថ្មីៗនេះ ហើយលោហៈដ៏មានតម្លៃមួយនេះបាននឹងកំពុងបំបែកកំណត់ត្រាតម្លៃជាបន្តបន្ទាប់នៅឆ្នាំនេះ ដោយឈានដល់កម្រិតខ្ពស់បំផុតគ្រប់ពេលគឺ ២,៦៧២ដុល្លារក្នុងមួយអោន កាលពីខែកញ្ញាកន្លងទៅ។…

សហរដ្ឋអាមេរិក ៖ «មាស» ត្រូវបានចាត់ថ្នាក់ជាអ្នកការពារអតិផរណា និងភាពចលាចលសេដ្ឋកិច្ច។ មាសបានទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនកាន់តែច្រើននាពេលថ្មីៗនេះ ហើយលោហៈដ៏មានតម្លៃមួយនេះបាននឹងកំពុងបំបែកកំណត់ត្រាតម្លៃជាបន្តបន្ទាប់នៅឆ្នាំនេះ ដោយឈានដល់កម្រិតខ្ពស់បំផុតគ្រប់ពេលគឺ ២,៦៧២ដុល្លារក្នុងមួយអោន កាលពីខែកញ្ញាកន្លងទៅ។ ជាមួយនឹងតម្លៃមាសកើនឡើង ចម្ងល់បានលេចឡើងថា តើនិន្នាការកើនឡើងនេះ នឹងបន្ត ឬយ៉ាងណា? ហើយ តើមាសអាចឡើងថ្លៃដល់៣ពាន់ដុល្លារ នៅចុងឆ្នាំ ២០២៤ ដែរឬទេ?

ស្រាយចម្ងល់ទាំងនេះ សារព័ត៌មាន CBS News របស់អាមេរិក កាលពីដើមសប្តាហ៍នេះបានសុំការបកស្រាយអ្នកជំនាញហិរញ្ញវត្ថុឱ្យថ្លឹងថ្លែងលើសំនួរមួយនេះ។ ស្របពេលមានអ្នកខ្លះបានអះអាងថា ឆ្នាំ ២០២៤ អាចមើលឃើញតម្លៃមាសឡើងដល់៣ពាន់ដុល្លារ ប៉ុន្តែអ្នកខ្លះថា ៣ពាន់ដុល្លារទំនងនៅដើមឆ្នាំ ២០២៥។

លោក Steven Kibbel អ្នករៀបចំផែនការហិរញ្ញវត្ថុ ហើយក៏ជានិពន្ធនាយកជាន់ខ្ពស់នៅក្រុមហ៊ុន InternationalMoneyTransfer បានចង្អុលបង្ហាញថា មាសតែងតែរីកចម្រើននៅពេលដែលមានអតិផរណាខ្ពស់ ឬអស្ថិរភាពសេដ្ឋកិច្ច។ ការកាត់បន្ថយអត្រាការប្រាក់ និងភាពមិនច្បាស់លាស់កំពុងបន្តនៅក្នុងប្រទេសមួយចំនួន ជាពិសេសប្រទេសសេដ្ឋកិច្ចជឿនលឿន ក៏អាចជំរុញឱ្យតម្លៃមាសកើនឡើងផងដែរ។ ស្របពេលអត្រាការប្រាក់ទាបធ្វើឱ្យមូលបត្របំណុលកាន់តែទទួលបានភាពទាក់ទាញ ដែលអាចបង្កើនភាពទាក់ទាញរបស់មាសផងដែរ។

ទោះយ៉ាងណាក៏ដោយ លោកជំរុញឱ្យមានការប្រុងប្រយ័ត្ន ថា និន្នាការនេះគ្មានការធានាច្បាស់លាស់នោះទេ ព្រោះមាសមាននិន្នាការកើនឡើង អំឡុងពេលទីផ្សារខុសប្រក្រតី។ ជាក់ស្តែង ជំងឺរាតត្បាតនៅឆ្នាំ ២០២០ គឺជាឧទាហរណ៍មួយ នៅពេលអ្នកវិនិយោគអភិរក្សនិយមជាច្រើនបានបង្កើនការកាន់កាប់មាស ដោយសារតែពួកគេព្រួយបារម្ភអំពីអតិផរណា។ ប្រសិនបើអតិផរណានៅទាប ហើយសេដ្ឋកិច្ចសហរដ្ឋអាមេរិកនៅបន្តកើនឡើង តម្លៃមាសអាចនៅទ្រឹង ឬធ្លាក់ចុះ។ លោកជឿថា ៣ពាន់ដុល្លារក្នុងមួយអោនអាចទៅរួច ប៉ុន្តែសម្រាប់លោកបានកំណត់គោលដៅជាក់ស្តែងថា ត្រឹម​២,៨០០​ដុល្លារក្នុងមួយអោនក្នុងឆ្នាំ ២០២៤។

ទោះបីជាមានដំណើរការដ៏គួរឱ្យចាប់អារម្មណ៍របស់មាសយ៉ាងណាក៏ដោយ អ្នកជំនាញខ្លះគិតថា មាសនឹងឈានដល់ ៣ពាន់ដុល្លារនៅចុងឆ្នាំ ២០២៤ នោះ។ លោក Ed Mahaffy ប្រធាន និងជាអ្នកគ្រប់គ្រងផលប័ត្រជាន់ខ្ពស់ក្រុមហ៊ុន ClientFirst Wealth Management បានលើកឡើងថា ការសង្ស័យថា តម្លៃមាសនឹងឡើងដល់ ៣ពាន់ដុល្លារនៅចុងឆ្នាំនេះ។ ប៉ុន្តែសម្រាប់លោករំពឹងថា ការកើនឡើងតម្លៃបច្ចុប្បន្ននឹងធ្លាក់ចុះវិញ ដែលតម្លៃមានស្ថេរភាពក្នុងចន្លោះពី៥ទៅ៧ភាគរយនៃកម្រិតខ្ពស់នាពេលថ្មីៗនេះ។

ដោយឡែក លោកស្រី Ruhee Rathod នាយកប្រតិបត្តិការ និងហិរញ្ញវត្ថុរបស់ក្រុមហ៊ុនគ្រឿងអលង្ការ Bario Neal បានលើកឡើងថា មានឱកាសខ្ពស់ដែលមាសនឹងឡើងដល់ ២,៨៥០ដុល្លារក្នុងមួយអោនក្នុងឆ្នាំ ២០២៤ ជាមួយសក្តានុពលនឹងឡើងដល់ ៣ពាន់ដុល្លារនៅដើមឆ្នាំ ២០២៥។ លោកស្រីបន្តថា ការចាប់អារម្មណ៍ពីអ្នកវិនិយោគដែលកំពុងស្វែងរកការធ្វើពិពិធកម្ម គឺជាកត្តាជំរុញតម្លៃមាសដ៏សំខាន់នាពេលបច្ចុប្បន្ន។

លោក Steven Kibbel ណែនាំអ្នកវិនិយោគឱ្យផ្តោតលើតួនាទីរបស់មាសក្នុងផលប័ត្រចម្រុះជាជាងផ្តោតលើថា តើតម្លៃមាសនឹងឡើងដល់៣ពាន់ដុល្លារក្នុងពេលឆាប់ៗនេះ? លោកបានអះអាងថា មាសបានជួយការពារផលប័ត្រ អំឡុងពេលដែលទីផ្សារធ្លាក់ចុះ បើទោះបីជាតម្លៃរបស់មាសនៅទ្រឹងយ៉ាងណាក៏ដោយ។

យ៉ាងណាមិញ អ្នកជំនាញខាងលើក៏បានក្រើនរំលឹកថា នៅពេលវិនិយោគលើមាស សូមពិចារណាពីរបៀបសមស្របនឹងហិរញ្ញវត្ថុរបស់អ្នក។ ហើយមុននឹងធ្វើការផ្លាស់ប្តូរណាមួយ សូមពិគ្រោះជាមួយអ្នកប្រឹក្សាហិរញ្ញវត្ថុដែលអាចជឿទុកចិត្តបាន ឬអ្នកជំនាញផ្នែកពន្ធដារ។ អ្នកទាំងនោះអាចជួយអ្នកក្នុងការសម្រេចចិត្តថា តើត្រូវវិនិយោគប៉ុន្មាន ប្រភេទណាដែលសាកសមនឹងអ្នកបំផុត និងរបៀបធ្វើឱ្យមានតុល្យភាពជាមួយនឹងការវិនិយោគផ្សេងទៀត។ សូមចាំថា មាស គឺជាការវិនិយោគរយៈពេលវែង មិនមែនជាគ្រោងការណ៍ទទួលផលដោយរហ័សនោះទេ៕ (ប្រភព ៖ CBS News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ