ខេត្តកំពត ៖ យ៉ាងហោចណាស់ មនុស្សចំនួន៤នាក់បានរងរបួស និងគោ៣ក្បាលក៏រងរបួសដែរ ដោយសារបំណែកថ្មភ្នំខ្ទាតចេញពីភ្នំជ្រលួញ ដែលក្រុមហ៊ុនឯកជនមួយបានដាក់រំសេវបំផ្ទុះយកថ្ម និងបានផ្ទុះយ៉ាងកក្រើក កាលពីវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤កន្លងទៅ ។

អាជ្ញាធរស្រុកបន្ទាយមាស កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ បានចុះពិនិត្យស្ថានភាពភ្នំជ្រលួញ រួមនឹងតំណាងក្រុមហ៊ុន ។ តាមតំណាងក្រុមហ៊ុននិយាយថា ខ្លួនបំផ្ទុះថ្មភ្នំនេះយកទៅផលិតជាម្សៅបៀកសម្រាប់សំណង់បេតុង ។

ស្ត្រីម្នាក់ដែលជាគ្រួសារជនរងគ្រោះនិយាយថា អ្នករស់នៅជុំវិញភ្នំនេះប្រឈមនឹងគ្រោះថ្នាក់ជាយថាហេតុ នៅពេលបំផ្ទុះថ្មម្ដងៗ ខណៈមានសំឡេងស៊ីរ៉ែនជាសញ្ញាឱ្យប្រជាពលរដ្ឋរកកន្លែងសុវត្តិភាពរៀងៗខ្លួន ។

ស្ត្រីរូបនេះនិយាយទៀតថា គាត់ភ័យខ្លាចណាស់ មើលចុះផ្ទះគាត់សុទ្ធតែបំណែកថ្មហើរមក
ធ្លាក់ លើដំបូលផ្ទះធ្លុះធ្លាយអស់ហើយ ។ បំណែកថ្មហើរពីភ្នំចម្ងាយប្រមាណ៣០០ម៉ែត្រ ធ្វើឱ្យអ្នកភូមិ៤នាក់ មានក្មេងមានចាស់ រងរបួសដោយសារដុំថ្មហើរមកត្រូវ ហើយគោ៣ក្បាលក៏បានរង
របួសដែរ ។

លោកវរសេនីយ៍ឯក នាក់ ឌឹម អធិការនគរបាលស្រុកបន្ទាយមាស ថ្លែងថា លំនៅឋានប្រជាពលរដ្ឋចំនួន៤គ្រួសារ ត្រូវបំណែកថ្មខ្ទាតមកធ្លាក់លើដំបូលផ្ទះធ្លុះធ្លាយ និងបង្កឱ្យមនុស្សប្រុស-ស្រី៤នាក់បានរងរបួស ក្នុងនោះស្រី២នាក់និងប្រុស២នាក់ ដែលក្នុងចំណោម៤នាក់នេះក៏របួសធ្ងន់ម្នាក់ ។ ឯគោ៣ក្បាល បានងាប់១ក្បាល ក្រៅពីនេះពាងទឹកក៏ត្រូវបែកអស់ជាច្រើនដែរ ។

លោកវរសេនីយ៍ឯក នាក់ ឌឹម បានប្រាប់បន្តទៀតថា នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ អ្នកភូមិទាំង៤គ្រួសារដែលរងគ្រោះ បានដោះស្រាយនៅអធិការដ្ឋាននគរបាលស្រុក ដោយតំណាងក្រុម ហ៊ុនបានយល់ព្រមបង់សំណងក្នុងការខួចខាតទ្រព្យសម្បតិ្ត ក៏ដូចជាអ្នករងរបួស អះអាងថា ការបំផ្ទុះថ្មខុសបច្ចេកទេសបង្កឱ្យមានគ្រោះថ្នាក់ ហើយក្រុមហ៊ុនថាមិនឱ្យរឿងនេះកើតមានបន្តទៀតឡើយ ៕








ចែករំលែកព័តមាននេះ