អ្នកតំណាងចែកចាយដែលចាញ់បោក iCon Group កើនដល់៧៤០នាក់ ខណៈតារាថៃមួយចំនួនក្លាយជាជនជាប់ចោទ
បាងកក ៖ សំណុំរឿងឆបោកដ៏កក្រើក iCon Group ត្រូវបានមេប៉ូលិសថៃ បញ្ជាក់ច្បាស់ថា ទាំង Boss Paul…
បាងកក ៖ សំណុំរឿងឆបោកដ៏កក្រើក iCon Group ត្រូវបានមេប៉ូលិសថៃ បញ្ជាក់ច្បាស់ថា ទាំង Boss Paul…
បាងកក ៖ សំណុំរឿងឆបោកដ៏កក្រើក iCon Group ត្រូវបានមេប៉ូលិសថៃ បញ្ជាក់ច្បាស់ថា ទាំង Boss Paul និងមេធំទាំង៦ ដែលសុទ្ធសឹងជាបុគ្គលល្បី និងកំពូលតារាថៃ រួមមាន Boss Ek,Peter,Sam,Min និង Kanជាដើម បានក្លាយជាជនជាប់ចោទ ឬជនសង្ស័យហើយ ដែលបច្ចុប្បន្នប៉ូលិសថៃ កំពុងរៀបចំចាត់វិធានការតាមផ្លូវច្បាប់ ដោយយោងតាមមាត្រា១៣៤របស់ប្រទេសថៃ បើទោះបីជាពួកគេបានបដិសេធថា ខ្លួនគ្រាន់តែបុគ្គលិកពិធីករ និងអ្នកប្រម៉ូត នៅក្នុងក្រុមហ៊ុន មិនមែនជាអ្នកបណ្តាក់ទុន និងប្រកាសបញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុនក្តី ។
លោកឧត្តមសេនីយឯក សោភ័ណ្ឌ សារ៉ាផាត អគ្គមេបញ្ជាការរងនៃការិយាល័យស៊ើបអង្កេតមជ្ឈិមបានអះអាងទៀតថា មូលហេតុដែលក្រុមតារាល្បីទាំងនោះក្លាយខ្លួនជាជនជនសង្ស័យ គឺដោយសារតែជនរងគ្រោះបានដាក់ឈ្មោះរបស់ពួកគេទាំង៦ នៅក្នុងពាក្យបណ្តឹង ។
ប៉ូលិសថៃ បានប្រកាសថា ក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ ១៣ តុលា ឆ្នាំ២០២៤ ចំនួនជនរងគ្រោះដែលបានដាក់ពាក្យប្តឹងក្រុមហ៊ុន iCon Group មានចំនួន៧៤០នាក់ ដែលសរុបជាទឹកប្រាក់ដែលបានខាតបង់មានតម្លៃប្រមាណ២៦៦លានបាត ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ។
ស្របគ្នានៃរបាយការណ៍ជនរងគ្រោះ នៅក្នុងប្រទេសថៃ សារព័ត៌មានថៃ The Nation បានចុះផ្សាយថា គម្រោងពីរ៉ាមីតរបស់ The Icon Group ក៏មានជនរងគ្រោះផងដែរ នៅក្នុងប្រទេសជិតខាងចំនួនបី គឺ មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា ហើយសូម្បីតែនៅក្នុងប្រទេសជប៉ុនក៏មានអ្នកចា.ញ់បោកដែរ ។
របាយការណ៍នេះត្រូវបាន The Nation អះអាងថា យោងទៅតាមការបង្ហោះចែកចាយលើបណ្តាញសង្គមនៅក្នុងប្រទេសថៃ ។ មហាជនដែលនិយមលេងបណ្តាញសង្គម បានចែករំលែករូបថត និងវីដេអូឃ្លីបរបស់នាយកប្រតិបត្តិ iCon Group លោក Warathaphon Waratyaworrakul រហស្សនាមថា «Boss Paul» ដែលបានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ធំៗ ក្នុងនៅប្រទេសឡាវ កម្ពុជា មីយ៉ាន់ម៉ា ។ កម្មវិធីមួយៗរបស់ក្រុមហ៊ុននេះ តែងតែប្រារព្ធធ្វើក្នុងរូបភាពអធិកអធម អមជាមួយនឹងវត្តមានកំពូលតារាថៃល្បីៗ ដែលជាតារាតំណាងឱ្យផលិតផលរបស់ក្រុមហ៊ុននេះ ដើម្បីធានានូវភាពជឿជាក់សម្រាប់តំណាងចែកចាយនៅតាមប្រទេសទាំងនោះ ។
ប្រភពដដែលបន្តថា នៅក្នុងប្រទេសឡាវ ក្រុមហ៊ុន iCon Group បានជ្រើសរើសសមាជិក និងតំណាងចែកចាយជាង១ពាន់នាក់ ហើយក្នុងចំណោមនោះមានទាំងបុគ្គលល្បី អ្នកមានឥទ្ធិពលលើបណ្តាញសង្គម និងតារាល្បីៗលំដាប់ប្រទេស ។
ដោយឡែក ប្រជាពលរដ្ឋកម្ពុជា និងមីយ៉ាន់ម៉ា ក៏ត្រូវបានបញ្ចុះបញ្ចូលឱ្យមកបណ្តាក់ទុន ដើម្បីក្លាយជាអ្នកចែកចាយរបស់ក្រុមហ៊ុនដូចគ្នា ។ ក្រៅពីឡាវ មីយ៉ាន់ម៉ា និងកម្ពុជា ស្ត្រីជនជាតិថៃម្នាក់ ដែលកំពុងរស់នៅក្នុងប្រទេសជប៉ុនក៏ចេញមកទម្លាយក្នុងបទសម្ភាសន៍មួយ តាមផេកហ្វេសបុកដ៏ល្បីមួយថា នាងត្រូវបានគេបញ្ចុះបញ្ចូលឱ្យក្លាយជាប្រធានបណ្តាញក្រោមការដឹកនាំរបស់ iCon Group នៅប្រទេសជប៉ុនហើយនាងបានណែនាំអាជីវកម្មនេះ ទៅដល់ជនជាតិថៃជាច្រើនទៀតនៅទីនោះ ប៉ុន្តែការបណ្តាក់ទុនរបស់អ្នកគ្រប់គ្នាសុទ្ធតែខាត ។
ជាក់ស្តែង តំណាងចែកចាយម្នាក់ត្រូវចំណាយប្រាក់២៥០,០០០បាត ប៉ុន្តែពួកគេអាចរកចំណូលបានមកវិញត្រឹមតែ៤,០០០បាតប៉ុណ្ណោះ។ រឿងអាស្រូវរបស់ Icon Group ត្រូវបានគេប្រដូចទៅនឹងគម្រោងវិនិយោគផុនហ្ស៊ីស្គេម (Ponzi Scheme) ដែលមានទម្រង់ដូចពីរ៉ាមីត ដោយបញ្ចុះបញ្ចូលមនុស្សជាច្រើនឱ្យមកបណ្តាក់ទុនជាមួយក្រុមហ៊ុន ។ អ្នកចូលដំបូងៗនឹងត្រូវបានក្រុមហ៊ុនបើកវគ្គបណ្តាលដោយឥតគិតថ្លៃ ស្តីពីរបៀបរកស៊ីតាមអនឡាញ ហើយត្រូវបានជំរុញឱ្យពួកគេកៀងគរមនុស្សជុំវិញខ្លួនឱ្យចូលធ្វើជាតំណាងចែកចាយ នៅពេលណាប្រមូលមនុស្សបានកាន់តែច្រើន ពួកគេនឹងទទួលបានកម្រៃជើងសារកាន់តែច្រើនពីការកាត់យកផលិតផលរបស់ក្រុមហ៊ុនយកទៅលក់បន្តពីមួយតង់ទៅមួយតង់ ។
អ្នកដែលសម្រេចចិត្តកាត់យកផលិតផលរបស់ក្រុមហ៊ុនទៅលក់ មានក្តីរំពឹងថា គេទទួលបានកំរៃមកវិញជាប្រចាំ ព្រោះតែក្រុមហ៊ុនអះអាងថា ផលិតផលទាំងនោះស្រួលលក់ និងលក់ដាច់ដូចនំខេកអញ្ជឹង។ ប៉ុន្តែពេលដែលផលិតលក់មិនចេញ ពួកគេត្រូវបង្ខំចិត្តលក់ទាំងខាត ឬទុកប្រើខ្លួនឯង ខណៈផលិតផលដែលលក់មិនចេញហើយហួសដឺឡេ ក្រុមហ៊ុនមិនព្រមទទួលទិញវិញឡើយ រហូតធ្វើឱ្យជនរងគ្រោះខ្លះដែលខាតប្រាក់ច្រើន ហើយខ្លះជំពាក់បំណុលវណ្ឌករ សម្រេចចិត្តធ្វើអត្តឃា.តថែមទៀតផង ។
ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់ជនរងគ្រោះ និងបណ្តឹងចោទប្រកាន់ នៅពេលបង្ហាញខ្លួនមុខការិយាល័យស៊ើបអង្កេតកណ្តាល កាលពីរសៀលថ្ងៃសៅរ៍ Boss Paul នាយកប្រតិបត្តិ iCON Group បាននិយាយប្រាប់អ្នកកាសែតដោយបង្ហាញអារម្មណ៍សោកស្ដាយ និងអះអាងថា លោកមកទីនេះ ដើម្បីបង្ហាញភាពស្មោះត្រង់ និងឆន្ទៈការដោះស្រាយសំណងដល់អ្នកដែលរងផលប៉ះពាល់ ៕
ចែករំលែកព័តមាននេះ