ទីក្រុងប៉េកាំង៖ រដ្ឋាភិបាលចិនប្រកាសនៅថ្ងៃនេះថាខ្លួនគ្មានដែលរួញរាម្ដងណាឡើយក្នុងការប្រើប្រាស់កម្លាំងយោធាដើម្បីយកកោះតៃវ៉ាន់មកគ្រប់គ្រង។ ការថ្លែងដូច្នេះធ្វើឡើង១ថ្ងៃបន្ទាប់ពីកងទ័ពចិនទើបតែបិទបញ្ចប់ការធ្វើសមយុទ្ធយោធាជើងទឹក និងជើងអាកាសដោយប្រើប្រាស់យន្តហោះចម្បាំងជាងមួយគ្រឿង នាវាដឹកយន្តហោះ និងគ្រឿងសព្វាវុធទំនើបៗជាច្រើនទៀត។
ប្រទេសចិនប្រកាសថាសមយុទ្ធយោធាលើកនេះទុកជាការព្រមានចំពោះអ្នកដែលចិនចាត់ទុកថាជាក្រុមបំបែកខ្លួនផ្ដាច់ទឹកដី។ ប្រទេសចិនចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន។ ថ្មីៗនេះ ប្រទេសចិនក៏បញ្ជូនយន្តហោះចម្បាំង យន្តហោះដ្រូន នាវាចម្បាំង និងនាវាល្បាតជាច្រើនគ្រឿងដើម្បីហ៊ុមព័ទ្ធកោះតៃវ៉ាន់ជាលើកទីបួននៅក្នុងរយៈពេលជាង២ឆ្នាំចុងក្រោយនេះ។
ប្រទេសអាមេរិកថ្លែងថាសមយុទ្ធយោធានេះជារឿងដែលចាំបាច់ និងជាទង្វើបង្កហេតុ។ ដូច្នេះ អាមេរិកសូមអំពាវនាវយ៉ាងទទូចឱ្យរដ្ឋាភិបាលទីក្រុងប៉េកាំងខិតខំអត់ធ្មត់ជាអតិបរមានៅក្នុងរឿងនេះ។ ប្រទេសចិនប្រកាសបិទបញ្ចប់ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនេះត្រឹមម៉ោង៦ក្បាលព្រលប់ថ្ងៃចន្ទ។ ពោលគឺបន្ទាប់ពួកគេចាប់ផ្ដើមធ្វើសមយុទ្ធរយៈពេល១៣ម៉ោង។
អ្នកនាំពាក្យក្រសួងការពារជាតិចិន លោកអ៊ូឈាន (Wu Qian) ថ្លែងថាយើងខិតខំប្រឹងប្រែងដោយចិត្តស្មោះស សង្ឃឹមថាថ្ងៃណាមួយនឹងបង្រួបបង្រួមជាតិដោយសន្តិវិធី។ ប៉ុន្តែយើងក៏មិនបោះបង់ចោលការប្រើប្រាស់កម្លាំងទេ ហើយមិនអនុញ្ញាតឱ្យតៃវ៉ាន់ប្រកាសឯករាជ្យជាដាច់ខាត។ សមយុទ្ធយោធាលើកនេះអនុវត្តវិធីរៀបក្បួនទ័ពស្មើដៃគ្នានៅក្នុងពេលតែមួយ។
ប្រធានាធិបតីតៃវ៉ាន់ លោកឡៃឈីងតេ ហ៊ាននិយាយដោយឥតកោតខ្លាចនៅក្នុងការការពារទឹកដីរបស់ខ្លួន។ អីចឹងហើយបានជារដ្ឋាភិបាលចិនមានចិត្តខឹងសម្បារនឹងមេដឹកនាំរូបនេះយ៉ាងខ្លាំង។ ចិនចាត់ទុកថាគាត់ជាអ្នកបំបែកទឹកដី។ កាលពីថ្ងៃចន្ទ លោកឡៃឈីងតេបង្ហាញការប្ដេជ្ញាចិត្តជាថ្មីថានឹងខិតខំការពារកោះតៃវ៉ាន់ និងសន្តិសុខជាតិរបស់កោះនេះ។ ក្រសួងការពារជាតិតៃវ៉ាន់បានដាក់ពង្រាយទាហានជាច្រើនកងពលធំដើម្បីត្រៀមការពារខ្លួននៅអំឡុងពេលធ្វើសមយុទ្ធយោធានេះ។
តៃវ៉ាន់ចាប់បានរូបភាពយន្តហោះចម្បាំងរបស់ប្រទេសចិនចំនួន១២៥គ្រឿង និងនាវាចម្បាំង៧គ្រឿង។ យន្តហោះចម្បាំង និងដ្រូនរបស់ចិនហោះសំកាំងនៅលើអាកាសចាប់ពីពេលព្រឹករហូតដល់ពេលល្ងាច។ ដូច្នេះ ប្រជុំកោះតូចៗដែលស្ថិតនៅក្បែរកោះតៃវ៉ាន់ក៏ត្រូវតែប្រុងជើងជ្រួលជាប់ជាប្រចាំផងដែរ។ សមយុទ្ធយោធាលើកនេះធ្វើឡើងនៅភាគខាងជើង ខាងត្បូង និងខាងកើតកោះតៃវ៉ាន់។ ដូច្នេះហាក់ដូចជាព័ទ្ធជុំវិញកោះតៃវ៉ាន់ដើម្បីកុំឱ្យប្រទេសដទៃធ្វើអន្តរាគមន៍នៅពេលផ្ទុះសង្គ្រាម៕
ចែករំលែកព័តមាននេះ