រាជធានីភ្នំពេញ ៖ មន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន ចំនួន៤រូប រួមមានលោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង លោក ស៊ីម ប៉ូលី ប្រធានការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក ថុន ស៊ូខុន អនុប្រធានការិយាល័យឧទ្យានជាតិ ក្តាប់រួម នៃមន្ទីរបរិស្ថានខេត្តរតនគិរី និងលោក លៀម ស៊ូ ឧទ្យានុរក្ស ឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរី មកពីឧទ្យានជាតិវីរៈជ័យ បានចូលរួមសមាជក្រុមប្រឹក្សាឧទ្យានុរក្សពិភពលោក លើកទី១០ ឆ្នាំ២០២៤ ដែលបានរៀបចំឡើង ដោយក្រុមការពារព្រៃឈើអន្តរជាតិ Gardes Natures de France (GNF) សហព័ន្ធឧទ្យានុរក្សអន្តរជាតិ (International Ranger Federation) នៅទីក្រុង Hyeres ភាគខាងត្បូងនៃប្រទេសបារាំង ចាប់ពីថ្ងៃទី០៧-១១ ខែតុលា ឆ្នាំ២០២៤ ។
ក្នុងវេទិកាពិភពលោកនេះ មន្ត្រីឧទ្យានុរក្ស បានពិភាគភាក្សា សិក្សាស្វែងយល់ និងចែករំលែកនូវចំណេះដឹង ជំនាញថ្មីៗ ទាក់ទងនឹងការអភិរក្ស និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ក៏ដូចជាការបង្កើត និងបង្កើននូវទំនាក់ទំនងជាមួយមន្ត្រីឧទ្យានុរក្ស មកពីជុំវិញពិភពលោក ក្នុងបេសកកម្មតែមួយ គឺការការពារ និងអភិរក្សធនធានធម្មជាតិឱ្យមាននិរន្តរភាព ជាពិសេស លើកកម្ពស់ ការងារមន្ត្រីឧទ្យានុរក្ស ឱ្យសម្រេច គោលដៅ 30×30 ( គីបង្កើនតំបន់ ការពារ ដែន គោគ ដែនទឹក អោយសម្រេច 30% នៃផ្ទៃដី លើពិភពលោក) ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៥ សមាជ បានដាក់ចេញផែនការសកម្មភាពបង្កើតបរិយាកាសបើកចំហរសម្រាប់ឧទ្យានុរក្សក្នុងការបញ្ចេញមតិរួម និង ស្តង់ដារសម្រាប់សមត្ថភាព ការងារ សមភាព និង បង្កើតឧទ្យានុរក្សប្រកបដោយវិជ្ជាជីវះ គណនេយ្យភាព និង សមត្ថភាពខ្ពស់ ព្រមទាំងមានការទទួលស្គាល់ និង គោរពឱ្យតម្លៃសម្រាប់ការចូលរួមរបស់ពួកគេ ។
សមាជក្រុមប្រឹក្សាឧទ្យានុរក្សពិភពលោក ឆ្នាំ២០២៤ មានមន្ត្រីឧទ្យានុរក្សមកពីជុំវិញពិភពលោក សរុបចំនួន ៤៦០នាក់ ក្នុងនោះមកពីអឺរ៉ុប ១៤៧ នាក់ អាស៊ី ៧២នាក់ អូសេអានី ៧៩នាក់ អាហ្វ្រិក ៨២នាក់ អាមេរិកខាងជើង ៣៦នាក់ និងអាមេរិកខាងត្បូង ៤៤នាក់់។ មន្ត្រីពីប្រទេសកម្ពុជា ត្រូវបានគាំទ្រផ្នែកហិរញ្ញវត្ថុដោយអង្គការអភិរក្សអន្តរជាតិ (CI) និងអង្គការសត្វព្រៃ និងរុក្ខជាតិ (FF) សម្រាប់ការចូលរួមវេទិការនេះ សមាជឧទ្យានុរក្សពិភពលោកលើកទី១១ នឹងរៀបចំនៅប្រទេសអាហ្សង់ទីន នាឆ្នាំ២០២៧ ៕
ចែករំលែកព័តមាននេះ