រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា បានស្នើសុំការយោគយល់ ចំពោះសម្តេចព្រះសង្ឃរាជ ព្រះសង្ឃ គ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិទាំងអស់ ដែលមកដល់ពេលនេះ មិនទាន់មានការតែងតាំង សម្តេចព្រះមហាសង្ឃរាជ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជាថ្មី ជំនួសសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ដែលយាងចូលទិវង្គត កាលពីខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ ។
ថ្លែងក្នុងឱកាសអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ បើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេសលើក ទី៣២ ប្រចាំឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចតេជោបានស្នើសុំឱ្យបងប្អូនរួមជាតិ ទុកពេលវេលាបន្តិចសិន ព្រោះការតែង តាំងសម្តេចព្រះមហាសង្ឃរាជ មិនមានភាពបន្ទាន់ពេកនោះទេ ខណៈសម្តេចបានទូលថ្វាយ ព្រះមហាក្សត្រ ដើម្បីសុំនូវការពន្យារពេល នៃការតែងតាំងរួចរាល់ហើយ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សម្តេចព្រះសង្ឃរាជ ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិ ពិតជាដាក់ជាចម្ងល់ថា សម្តេចព្រះសង្ឃរាជ [សម្តេច ទេព វង្ស] បានសោទិវង្គតទៅហើយ ហេតុអ្វីមកដល់ម៉ោងនេះ មិនទាន់ចាត់តាំងសម្តេចព្រះសង្ឃរាជ ? ខ្ញុំព្រះករុណាខ្ញុំ ស្នើសុំការយោគយល់ ទុកពេលវេលាបន្តិច ព្រោះថា គ្មានភាពបន្ទាន់ ពេកនោះទេ។ ខ្ញុំព្រះករុណាខ្ញុំ បានពិភាក្សាជាមួយសម្តេច អំ លឹមហេង សម្តេច ណយ ច្រឹក ដោយស្ងាត់ស្ងៀម ហើយខ្ញុំព្រះករុណាខ្ញុំ ក៏ចូលទៅថ្វាយបង្គំទូលថ្វាយព្រះមហាក្សត្រ ដើម្បីសុំ នូវការ ពន្យារពេល នៃការតែងតាំងសិន» ។
សម្តេចតេជោ បានបន្ថែមថា «ដោយសារតែខ្ញុំព្រះករុណាខ្ញុំ ជាមនុស្សចាស់ទុំម្នាក់ ហើយក៏កាន់មុខតួនាទីជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ខ្ញុំព្រះករុណាខ្ញុំ ពិតជាជំនួយការថ្វាយយោបល់ព្រះមហាក្សត្រ ទៅលើរឿងអស់នេះ ព្រោះមានតែព្រះមហាក្សត្រទេ ដែលព្រះអង្គមានព្រះរាជសិទ្ធិ លើការតែងតាំងតាមសំណើរបស់នាយករដ្ឋមន្ត្រី ក្នុងពេលនាយករដ្ឋមន្ត្រី បានពិភាក្សាគ្នា ប៉ុន្តែទុកលទ្ធភាពឲ្យខ្ញុំព្រះករុណក្នុងនាមជាប្រធានឧត្តមក្រុមប្រឹក្សា ព្រះមហាក្សត្រ បានសុំពន្យាពេល។ អីចឹងសុំថា ការតែងតាំងនរណាជាសម្តេចព្រះសង្ឃរាជ ឬសម្តេច ព្រះសង្ឃនាយក ខាងមហានិកាយ គឺខ្ញុំព្រះករុណាខ្ញុំ សុំរក្សាការសម្ងាត់នៅទីនេះសិន» ។
សម្តេចតេជោ ក៏បានឲ្យដឹងថា ការតែងតាំសម្តេចព្រះសង្ឃរាជថ្មីនេះ សុំទុកឲ្យតែប៉ុន្មានាក់បានដឹង គឺខ្ញុំព្រះករុណា ព្រះមហាក្សត្រ និងប៉ុន្មាននាក់ទៀតសិនហើយ សុំកុំអាល ប្រញ៉ាប់ណា ។
សូមជម្រាបថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានយាងចូលទិវង្គត កាលពីថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង១៧៖៤០នាទី ដោយព្រះជរាពាធ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា នាព្រះរាជដំណាក់ក្នុងវត្តឧណ្ណា លោម រាជធានីភ្នំពេញ ។
សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ត្រូវបានតែងតាំងជាសម្ដេចព្រះមហាសង្ឃរាជ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៦ ដោយព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា ៕
ចែករំលែកព័តមាននេះ