ទីក្រុងហុងកុង ៖ សេដ្ឋីចិនមួយចំនួនបាននឹងកំពុងលក់ផ្ទះប្រណីតតម្លៃថ្លៃរបស់ពួកគេ ស្ថិតនៅទីក្រុងហុងកុង ដែលជាទីផ្សារអចលនទ្រព្យប្រណីតថ្លៃបំផុតមួយរបស់ពិភពលោក នៅក្រោមតម្លៃទីផ្សារ ឬទម្លាក់តម្លៃលក់យ៉ាងច្រើននៅឆ្នាំនេះ។
តាមប្រភពពីសារព័ត៌មាន South China Morning Post បានឱ្យដឹងថា កាលពីសប្តាហ៍មុន លោក An Zhifu ប្រធានក្រុមហ៊ុន Fulin Group មានមូលដ្ឋាននៅក្នុងខេត្តស៊ីឈួន (Sichuan) ភាគនិរតីប្រទេសចិន គឺជាអាជីវកម្មឯកជនមានទ្រព្យសកម្មចំនួន ២.៨ពាន់លានដុល្លារអាមេរិក បានលក់ផ្ទះល្វែងប្រណីតក្នុងតំបន់លំនៅដ្ឋានកម្រិតមធ្យមដ៏សំបូរបែបរបស់ទីក្រុងហុងកុងតម្លៃ ៨.៣៥លានដុល្លារ ពោល ៣៥% ទាបជាងតម្លៃលក់ចុងក្រោយរបស់ខ្លួន ១៣លានដុល្លារ កាលពីឆ្នាំ ២០១៦។
ស្រដៀងគ្នានេះផងដែរ លោក Ho Shung Pun នាយកក្រុមហ៊ុនវិនិយោគអចលនទ្រព្យ Kowloon Investment Company បានបិទផ្លាកលក់ផ្ទះប្រណីត៧កន្លែង ដោយបញ្ចុះតម្លៃយ៉ាងច្រើន នៅដើមឆ្នាំនេះ។ ចំណែកលំនៅឋានប្រណីតរចនាបថបែបអឺរ៉ុប ដែលពីមុនជាកម្មសិទ្ធិរបស់លោក Hui Ka Yan អតីតប្រធានក្រុមហ៊ុន China Evergrande។ លំនៅឋានប្រណីតតម្លៃសរុបជាង ១៩០លានដុល្លារទាំងនោះ ត្រូវបានម្ចាស់បំណុលរឹបអូស បន្ទាប់ពីក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សរបស់ចិនមួយនេះដួលរលំ ហើយមួយក្នុងចំណោមលំនៅឋានទាំងអស់ត្រូវបានលក់នៅឆ្នាំនេះតម្លៃ ៥៨លានដុល្លារ ពោលតិចជាងពាក់កណ្តាលនៃតម្លៃទិញចូល ១៣០លានដុល្លារ កាលពីឆ្នាំ ២០០៩។ ទាំងនេះគឺជារបាយការណ៍ពីទីភ្នាក់ងារអចលនទ្រព្យ Knight Frank។
ការដាក់លក់អចលនទ្រព្យប្រណីតតម្លៃខ្ពស់តក់ក្រហល់បែបនេះ ត្រូវបានជំរុញភាគច្រើននៅក្នុងអ្វីដែលត្រូវបានគេហៅថា «អ្នកលក់មានទុក្ខព្រួយ» ដែលផ្ទះពួកគេត្រូវបានកាន់កាប់ដោយធនាគារ ឬម្ចាស់បំណុល។ អ្នកនាង Hannah Jeong នាយកប្រតិបត្តិនៃក្រុមហ៊ុនសេវាកម្មអចលនទ្រព្យ CBRE បានប្រាប់កាសែត The New York Times ថា អ្នកដាក់លក់ផ្ទះតក់ក្រហល់ទាំងនេះមួយចំនួន ត្រូវបានភ្ជាប់ជាមួយនឹងបញ្ហាសេដ្ឋកិច្ចនៅក្នុងប្រទេសចិន ដែលបានមើលឃើញថាមានកំណើនយឺត និងតម្លៃធ្លាក់ចុះ។ ហើយជាមួយនឹងសេដ្ឋកិច្ច និងទីផ្សារអចលនទ្រព្យរបស់ហុងកុងមានទំនាក់ទំនងជិតស្និទ្ធជាមួយចិនដីគោក អ្នកលក់ទាំងនោះក៏កំពុងជួបប្រទះផលប៉ះពាល់ជាច្រើនផងដែរ។
យោងតាមលោក Jack Tong នាយកផ្នែកស្រាវជ្រាវរបស់ទីក្រុងហុងកុង នៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills បានឱ្យដឹងថា អចលនទ្រព្យតម្លៃខ្ពស់មួយចំនួនបានលក់ក្នុងឆមាសទី១ នៃឆ្នាំនេះ បានបញ្ចុះតម្លៃរហូតដល់ ៥០% បើប្រៀបធៀបទៅនឹងតម្លៃខ្ពស់បំផុតកាលពីឆ្នាំ ២០១៨។ ទិន្នន័យពី Savills បានបង្ហាញថា អចលនទ្រព្យចំនួន ២៣កន្លែង ត្រូវបានទិញក្នុងតម្លៃជាង ២៧.៥លានដុល្លារអំឡុងពេលនោះ ពោលកើនឡើង ៥៣% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
នៅពេលធនាគារកណ្តាលអាមេរិក បានចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់ជាបន្តបន្ទាប់នៅក្នុងខែកញ្ញា អាជ្ញាធររូបិយវត្ថុរបស់ហុងកុងបានបន្តទម្លាក់អត្រាការប្រាក់មូលដ្ឋានដល់ ៥.២៥%។
ទោះជាយ៉ាងណាក៏ដោយនេះ នៅតែជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០០៧។ អត្រាការប្រាក់ហុងកុងត្រូវគ្នាទៅនឹងរូបិយប័ណ្ណនៅសហរដ្ឋអាមេរិក ពីព្រោះរូបិយប័ណ្ណក្នុងស្រុកត្រូវបានបញ្ចូលទៅក្នុងប្រាក់ដុល្លារ។ ថ្មីៗនេះ ហុងកុងក៏បានបង្កើនដែនកំណត់នៃការខ្ចីប្រាក់ និងការទូទាត់សេវាបំណុលសម្រាប់អ្នកទិញទាំងអចលនទ្រព្យលំនៅដ្ឋាន និងមិនមែនលំនៅឋាន ហើយបានលុបចោលការរឹតបន្តឹងការទិញទាំងអស់ កាលពីខែកុម្ភៈ៕ (ប្រភព ៖ VnExpress)
ចែករំលែកព័តមាននេះ