ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ដាយបាត់ខ្លួន១អាទិត្យកូនស្រីកាន់រូបថតតាមដើររកគ្រប់កន្លែង

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ចំណាស់​ម្នាក់​បាន​បាត់​ខ្លួន​អស់​រយៈពេល​១​អាទិត្យ​កន្លង​មក ហើយ​ពុំ​ដឹង​ថា កំពុង​ស្ថិត​នៅ​ទីកន្លែង​ណា និង​មាន​សុខទុក្ខ​យ៉ាងណា​នោះ​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​សាច់ញាតិ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ហើយ​តាម​រក​គ្រប់​ទីកន្លែង ប៉ុន្តែ​ពុំ​បានឃើញ ឬ​ទទួល​ដំណឹង​អ្វី​បន្តិច​សោះ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ចំណាស់​ម្នាក់​បាន​បាត់​ខ្លួន​អស់​រយៈពេល​១​អាទិត្យ​កន្លង​មក ហើយ​ពុំ​ដឹង​ថា កំពុង​ស្ថិត​នៅ​ទីកន្លែង​ណា និង​មាន​សុខទុក្ខ​យ៉ាងណា​នោះ​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​សាច់ញាតិ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ហើយ​តាម​រក​គ្រប់​ទីកន្លែង ប៉ុន្តែ​ពុំ​បានឃើញ ឬ​ទទួល​ដំណឹង​អ្វី​បន្តិច​សោះ ។

ដោយឡែក នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៤ កូនស្រី​ទី​២ របស់​គាត់​ម្នាក់​បាន​កាន់​រូបថត​ម្ដាយ​ជាទី​ស្រលាញ់​របស់​ខ្លួន​ធ្វើ​ដំណើរ​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​រក​ម្ដាយ​នាង​ផង ។

កូនស្រី​ទី​២ រូប​នោះ​បាន​និយាយ​ថា នាង​មានឈ្មោះ យាន វណ្ណៈ អាយុ​៣៩​ឆ្នាំ មុខរបរ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ សព្វថ្ងៃ​ស្នាក់​នៅផ្ទះ​ជួល នៅ​ក្នុងភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ចំណែកឯ​ម្ដាយ​របស់​នាង ដែល​បាន​បាត់​ខ្លួន​ច្រើន​ថ្ងៃ​មក​ហើយ​នោះ ឈ្មោះ ទង់ ស៊ន អាយុ​៦៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ពឺ ឃុំ​ជយោ ស្រុក​ចំការលើ ខេត្តកំពង់ចាម ។ នាង​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៤ ម្ដាយ​របស់​នាង​បាន​ធ្វើ​ដំណើរ​ចាក​ចេញពីផ្ទះ នៅ​ខេត្តកំពង់ចាម​ទៅ​បុណ្យ​កឋិនទាន នៅ​វត្ត​មួយ​នៅ​ឯ​ខេត្តតាកែវ ប៉ុន្តែ​ឆ្លៀតពេល​មិន​ទាន់​ដល់​ថ្ងៃ​បុណ្យ​ក៏​បាន​ទៅ​លេង និង​ស្នាក់​ផ្ទះ​ប្អូនថ្លៃ​របស់​គាត់​ម្នាក់​ឈ្មោះ ខាន់ គឹ​ម ស្ថិត​នៅ​ភូមិ​វះ​ពោះ ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ ១​យប់​សិន ។

លុះដល់​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ទើប​ចេញ​ទៅ​បុណ្យកឋិន​នៅ​ក្នុង​វត្ត​ស្ថិត​នៅ​ក្នុងស្រុក​សំរោង ខេត្តតាកែវ​នោះ​ដែរ ហើយ​ខណៈ​ពិធីបុណ្យ​កំពុង​តែ​ប្រព្រឹត្ត​ទៅ​នៅ​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ដដែល ស្រាប់តែ​ម្ដាយ​របស់​នាង​អត់​ស្រួលខ្លួន ។ កូនស្រី​រូប​នេះ​បាន​និយាយ​បន្ត​ទៀត​ថា ពេល​នោះ​ម្ដាយមីង​របស់​នាង​ម្នាក់ បាន​ជួល​ម៉ូតូ​កង់​បី​១​គ្រឿង ដែល​ជា​អ្នក​រស់នៅ​ក្នុងភូមិ​ជាមួយ​គាត់ ឲ្យ​ដឹក​ម្ដាយ​នាង​ត្រឡប់​ទៅ​ផ្ទះ​របស់​គាត់ (​ផ្ទះ​ម្ដាយមីង​នាង​) ដោយ​ពុំ​មាន​នរណា​ជូន​ទៅ​ជាមួយ​នោះ​ឡើយ ព្រោះ​គិត​ថា អ្នក​រត់​កង់​បី​នៅ​ភូមិ​ជាមួយ​គ្នា ហើយ​ម្ដាយ​របស់​នាង​ក៏​ស្គាល់​ផ្ទះ​នោះ​ហើយ​ដែរ ។ ប៉ុន្តែ​អ្វី​ដែល​ពុំ​នឹក​ស្មាន​ដល់​នោះ ស្រាប់តែ​នៅ​វេលា​ល្ងាច​ថ្ងៃ​ដដែល ក៏​បាន​បាត់​មិនឃើញ​ម្ដាយ​នាង​នៅផ្ទះ​ប្អូនស្រី​គាត់​ឡើយ ទើប​មានការ​ភ្ញាក់​ផ្អើ​ឆោឡោ ហើយ​ចែកផ្លូវ​គ្នា​ដើរ​តាម​ស្វែងរក​គ្រប់​ច្រកល្ហក ប៉ុន្តែ​មិន​បានឃើញ​សោះ ។

នាង​យាន វណ្ណៈ បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា គិត​រហូត​មក​ដល់​ថ្ងៃ​ទី​២១ ខែវិច្ឆិកា​នេះ​ម្ដាយ​នាង​បាត់​ខ្លួន​រយៈពេល​១​អាទិត្យ​កន្លង​មក​ហើយ ហើយ​នៅ​ពេល​មានការ​ឆោឡោ​នោះ អ្នក​រត់​ម៉ូតូ​កង់​បី​បាន​ប្រាប់​ថា ខ្លួន​បាន​ដឹក​ម្ដាយ​នាង​ទៅ​ដល់​ផ្ទះ​ប្អូនស្រី​គាត់​នៅ​ក្នុងភូមិ​វះ​ពោះ​នោះ​ហើយ ប៉ុន្តែ​ពេល​ទៅ​ដល់​ម្ដាយ​នាង​អត់​ព្រម​ចុះ​នៅផ្ទះ​នោះ​សោះ ។ ដោយ​គាត់​និយាយ​ថា ផ្ទះ​នោះ​មិនមែន​ផ្ទះ​ប្អូនស្រី​គាត់​ឡើយ បន្ទាប់​មក​គាត់​ក៏​បាន​ឲ្យ​អ្នក​រត់​កង់​បី​ខាងលើ​ដឹក​បន្ត​ទៅ​កាន់​ផ្លូវជាតិ​លេខ​២ ហើយ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​ផ្លូវ​រថភ្លើង​មួយ​កន្លែង បាន​ប្រាប់​ឲ្យ​ឈប់ និង​បាន​ចុះ​នៅ​ទីនោះ ក្រោយមក​អ្នក​រត់​កង់​បី​ក៏​មិន​បានដឹង​ថា ម្ដាយ​នាង​ទៅ​ណា​ទៀត​ឡើយ ។

ស្ត្រី​ខាងលើ​បាន​សម្ដែង​ការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព និង​សុខទុក្ខ​ម្ដាយ​របស់​នាង​ខ្លាំង​ណាស់ នាង​បាន​បញ្ជាក់​ថា ក្រោយ​ពី​បាត់​អ្នក​ម្ដាយ រូប​នាង និង​ក្រុម​គ្រួសារ​សាច់ញាតិ​បាន​តាម​ស្វែងរក​គ្រប់​ទីកន្លែង ។ មិនតែប៉ុណ្ណោះ​ក៏​បាន​ជូនដំណឹង​ដល់​នគរបាល​ប៉ុស្តិ៍​ខ្វាវ នគរបាល​ស្រុក​សំរោង និង​នគរបាល​ខេត្តតាកែវ ព្រមទាំង​វិទ្យុ​ក្នុងស្រុក​មួយ​ជួយ​ផ្សព្វផ្សាយ​ផង​ដែរ ប៉ុន្តែ​គ្មាន​ដំណឹង​ពី​ម្ដាយ​នាង​សោះ ។

ពេល​នេះ​នាង​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍ ក្រែង​អ្នក​ម្ដា​យមក​រក​នាង​នៅផ្ទះ​ជួល​ហើយ​វង្វេង​នៅ​ទីកន្លែង​ណាមួយ​រក​កន្លែង​ស្នាក់​នៅ​របស់​នាង​មិនឃើញ ។ នាង​ក៏​បាន​អំពាវនាវ​ដល់​សាធារណៈជន​ផង​ដែរ ប្រសិនបើ​បាន​ប្រទះ​ឃើញ​ម្ដាយ​នាង​ដូច​មាន​ភិនភាគ​នៅ​ក្នុង​រូបថត​សូម​ជួយ​ផ្ដល់​ដំណឹង​តាម​រយៈ​ទូរស័ព្ទ​លេខ​៖ 0977427795/087575735 ដោយ​ក្ដី​អនុគ្រោះ​ផង​ចុះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ