ខេត្តបាត់ដំបង ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត បាននិងកំពុងបន្តនីតិវិធី សួរនាំក្រុមជនសង្ស័យចំនួន០៣នាក់ នៅរសៀលថ្ងៃទី១៤ ខែតុលានេះ ដែលក្រុមនេះ ត្រូវកម្លាំងស្នងការខេត្តបាត់ដំបង ឃាត់ខ្លួនក្នុងករណីគាស់ទម្លុះទម្លាយលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ស្ទើរគ្រប់ខេត្ត-រាជធានី ក្នុងប្រទេសកម្ពុជា តែត្រូវអស់លក្ខណ៏នៅលើកចុងក្រោយ ដែលបានប្រព្រឹត្តនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង កាលពីសប្ដាហ៏មុននេះ ។
តាមរយៈរបាយការណ៏ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការខេត្ត បានអោយដឹងថា ក្រុមជនស្ស័យទាំង០៣នាក់នោះ មាន ៖
១. ឈ្មោះ គង់ រ៉ាវុធ ហៅ រ៉ា ប្រុសអាយុ៤០ឆ្នាំ រស់នៅភូមិដើមស្លែង សង្កាត់និរោធ ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
២. ឈ្មោះ ព្រំ សារិទ្ធ ប្រុសអាយុ៤៥ឆ្នាំ ស់នៅភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ ។
និង៣. ឈ្មោះ សា ស្រីណា ស្រីអាយុ២៤ឆ្នាំ រស់នៅភូមិភ្នៅលិច ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
របាយការណ៏បានឲ្យដឹងទៀតថា ក្រុមចោរប្រុស ស្រីទាំង ០៣នាក់នេះ ត្រូវបានកម្លាំងនគរបាល នៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដែលដឹកនាំដោយលោកវរសេនីយ៍ឯ ឈឿង គឹមសុង ស្នងការរង ទទូលដឹកនាំផ្ទាល់តាមស្ទាក់ចាប់បាន កាលពីថ្ងៃទី១០ ខែតុលា នៅស្រុកមោងឬស្សី នៅពេលពួកគេកំពុងជិះរថយន្តព្យាយាមគេចខ្លួន ក្រោយធ្វើសកម្មភាពប្រព្រឹត្តបទល្មើសបានសម្រេច នៅស្រុករតនមណ្ឌល ។
លោក ឈៀង គឹមសុង បាននិយាយដែរថា ក្រុមជនសង្ស័យមានបក្ខពួកចំនួន០៥នាក់ តែនៅ០២នាក់ទៀត កំពុងរត់គេចខ្លួន ។
លោកបន្តថា ក្រុមនេះជាមុខសញ្ញាជិះរថយន្តយ៉ាងតិច ចំនួន០២គ្រឿង ដើរប្រព្រឹត្តបទល្មើសស្ទើរគ្រប់ខេត្ត ក្នុងប្រទេស តែត្រូវអស់លក្ខណ៏ ត្រឹមខេត្តបាត់ដំបង ក្រោយធ្វើសកម្មភាព លើកចុងក្រោយ កាលពីសប្ដាហ៏មុខ នៅស្រុករតនមណ្ឌល ។
លោក ឈៀង គឹមសុង បានអោយដឹងទៀតថា កាលពីថ្ងៃទី០៨ តុលា ក្រុមចោរឆ្លងខេត្តនេះ បានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋនៅចំណុចភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ដែលម្ចាស់ផ្ទះឈ្មោះ ប៊ុន សុខហេង ប្រុសអាយុ៣៨ឆ្នាំ ។ ក្នុងរបាយការណ៏សមត្ថកិច្ច គេមិនបាននិយាយពីការបាត់បង់ទេ តែបានប្រាប់ថា ក្រុមចោរអាជីពនេះ បានគាស់បង្អូចចូលលួចអស់គ្មានសល់ទ្រព្យសម្បត្តិជនរងគ្រោះ។ ក្រោយលួចបាន ក្រុមចោរនេះបានព្យាយាមជិះរថយន្តគេចខ្លួន រហូតដល់ថ្ងៃទី១០ ខែតុលា ទើបកំណត់មុខសញ្ញាបាន ក៏តាមស្ទាក់ចាប់ពួកគេបាននៅស្រុកមោងឬស្សី ពេលក្រុមនេះព្យាយាមជិះរថយន្តគេចខ្លួន ។
ក្រោយពីត្រូវសមត្ថកិច្ចតាមល្របួចកជាប់ នាំយកមកសួរនាំនៅស្នងការខេត្ត ក្រុមចោរមានប្រុសមានស្រីទាំងនេះ បានសារភាពថា ពួកគេមានគ្នីគ្នា ចំនួន០៥នាក់ ជិះរថយន្ត០២គ្រឿង ហើយពិតជាបានធ្វើសកម្មភាព គាស់ផ្ទះគេនៅចំណុចខាងលើ រួចបានចូលលួចយកទ្រព្យសមត្តិមែន ។
ក្រុមនេះបានអ៊ួតប្រាប់សមត្ថកិច្ចថា កន្លងទៅថ្មីៗនេះ ក្រុមខ្លួនធ្លាប់ធ្វើសកម្មភាពគាស់ផ្ទះគេលួចទ្រព្យសម្បត្តិ ចំនួន០៦លើកផ្ទូនៗ នៅក្នុងខេត្តចំនួន០៣ គឺខេត្តបាត់ដំបង ចំនួន០៣លើក នៅខេត្តប៉ៃលិន ចំនួន០២លើក និងនៅខេត្តកណ្ដាលចំនួន០១លើក តែលើកចុងក្រោយនេះ មកធ្វើសកម្មភាពលួចនៅខេត្តបាត់ដំបង ក៏ត្រូវជាប់អន្ទាក់សមត្ថកិច្ចខេត្តនេះល្មម ។
ជាមួយនឹងការឃាត់ខ្លួននេះ បើតាមរបាយការណ៏សមត្ថកិច្ច ដែលដកហូតបានវត្ថុតាង ដែលភាគច្រើនជាឧបករណ៏សម្រាប់គាស់ផ្ទះ រួមមាន ៖
-រថយន្តម៉ាកកាមេរី (ឆ្លាម) ០១គ្រឿង ពណ៏ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2J-0788
-ដែកទុណឺវីស ចំនួន០២ដើម និង កាំបិតចំនួន០២ដើមដែរ ។
លោក ឈឿង គឹមសុង បានប្រាប់បន្ថែមថា កិច្ចប្រតិបត្តិការតាមក្របួចកក្រុមជនសង្ស័យខាងលើនេះ ត្រូវបានពន្យាពេលយូរបន្តិច ដោយសារតែតាមចាប់បក្ខពួកចំនួន០២នាក់ទៀត ទៅដល់រាជធានីភ្នំពេញ តែរកមិនឃើញ ។
លោកបានបញ្ជាក់ថា កិច្ចប្រតិការនេះ ក៏មានកិច្ចសហការពីកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ និងកម្លាំងជំនាញតាមបណ្ដាខេត្ត ដែលជាប់ពាក់ព័ន្ធ និងបទល្មើស ដែលបានកើតឡើង ប្រព្រឹត្តដោយក្រុមជនសង្ស័យខាងលើនេះ ។
លោក ឈឿង គឹមសុង ក៏បានបញ្ជាក់ប្រាប់ពីប្រវត្តិក្រុមចោរឆ្លងខេត្តនេះខ្លះៗដែរថា បើតាមការស្រាវជ្រាវ និងការផ្ដល់ចម្លើយខ្លះៗពីក្រុមជនសង្ស័យ ក្រុមនេះដើរប្រព្រឹត្តអំពើចោរកម្មគ្រប់ទីកន្លែង។ ហើយយប់កន្លែងណា ដេកកន្លែងហ្នឹង ធ្វើសកម្មភាពលួចកន្លែងហ្នឹង ហើយថែមទាំងស្វែងរកទិញគ្រឿងញៀនប្រើប្រាស ដោយគ្មានខ្លាចរអាសមត្ថកិច្ចឡើយ។ យ៉ាងណា ពេលនេះ ក្រុមនេះជាប់អន្ទាក់០៣នាក់ហើយ នៅឡើយ០២នាក់ទៀត កំពុងរត់គេចខ្លួន ៕
ចែករំលែកព័តមាននេះ