ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​សម្រេច​ឃុំខ្លួន​ស្ត្រី​ហ្វី​លី​ពី​ន​១៣​នាក់និងខ្មែរម្នាក់​​ ក្នុង​សំណុំរឿង​ពពោះ​ជំនួស

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តុលាការ​ខេត្តកណ្តាល​បាន​សម្រេច​ឃុំខ្លួន​ស្ត្រី​ហ្វី​លី​ពី​ន​ចំនួន​១៣​នាក់ និង​ស្ត្រី​ខ្មែរ​ម្នាក់​នេះ​ធ្វើ​ឡើង ក្រោយ​តុលាការខេត្ត​កណ្ដាល​បើក​សវនាការ​ជា​អសាធារណ​:​ចំនួន​២​ថ្ងៃ​ពី​ថ្ងៃ​២៨ ខែវិច្ឆិកា ដល់​២៩ ខែវិច្ឆិកា ២០២៤ ។…

រាជធានី​ភ្នំពេញ ៖ តុលាការ​ខេត្តកណ្តាល​បាន​សម្រេច​ឃុំខ្លួន​ស្ត្រី​ហ្វី​លី​ពី​ន​ចំនួន​១៣​នាក់ និង​ស្ត្រី​ខ្មែរ​ម្នាក់​នេះ​ធ្វើ​ឡើង ក្រោយ​តុលាការខេត្ត​កណ្ដាល​បើក​សវនាការ​ជា​អសាធារណ​:​ចំនួន​២​ថ្ងៃ​ពី​ថ្ងៃ​២៨ ខែវិច្ឆិកា ដល់​២៩ ខែវិច្ឆិកា ២០២៤ ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកណ្ដាល នៅ​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២៤ ។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល ស្ត្រី​ហ្វី​លី​ពី​ន​ចំនួន​១៣​នាក់ ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​៤​ឆ្នាំ ក្នុង​ម្នាក់​ៗ តែ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​រយ​:​ពេល​២​ឆ្នាំ ដោយ​ទោស​ដែល​នៅ​សល់​ត្រូវ​ព្យួរ​ធម្មតា​ពី​បទ«​ប៉ុនប៉ង​ក្នុង​អំពើ​លក់​-​ដូរ​មនុស្ស​សម្រាប់​ឆ្លង​ដែន និង​បទ​សមគំនិត​ក្នុង​បទ​ប៉ុនប៉ង​ក្នុង​អំពើ​លក់​-​ដូរ​មនុស្ស​ឆ្លង​ដែន​» ។ ចំណែក​ស្ត្រី​ខ្មែរ​ម្នាក់​ត្រូវ​ប្ដូរ​បទ​ចោទ​ពី​ការ​សមគំនិត​ក្នុង​បទ ប៉ុនប៉ង​ក្នុង​អំពើ​លក់​-​ដូរ​មនុស្ស​ឆ្លង​ដែន មក​បទ «​មិន​ប្ដឹង​បរិហា​បទឧក្រិដ្ឋ​» ដែល​ជន​ជាប់​ត្រូវ​ជាប់​ឃុំ ៦​ខែ តែ​អនុវត្ត​ទោស ១​ខែ ១​ថ្ងៃ ហើយ​ទោស​ដែល​នៅ​សល់​ត្រូវ​ព្យួរ​ធម្មតា ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​តុលាការ​បាន​លើក​ឡើង​ថា​ការ​ប្ដូរ​បទ​ចោទ​លើ​ស្ត្រី​ខ្មែរ​ម្នាក់​នេះ ក្រោយ​រក​ឃើញ​ថា ស្ត្រី​រូប​នេះ​គ្រាន់​ជា​អ្នក​សម្អាតផ្ទះ និង​រៀបចំ​ម្ហូបអាហារ ដើម្បី​មើលថែ​ស្ត្រី​ហ្វី​លី​ពី​ន​។ គួរ​ជម្រាប​ជូន​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​បំបែកសំបុក​ក្រុម​ស្ត្រី​ពពោះ​ជំនួស​ខាងលើ នៅ​ចំណុច​បុរី​វិមាន​ភ្នំពេញ ស្ថិត​នៅ​លើ​ផ្លូវ​៦A ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល​កាលពី​ខែមីនា ឆ្នាំ​២០២៤​និង​ក្នុង​អំឡុង​ឆ្នាំ​២០២៤​។

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ចំណាត់ការ លើ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ករណី ប៉ុនប៉ង​ក្នុង​អំពើ​លក់​-​ដូរ​មនុស្ស សម្រាប់​នាំ​ឆ្លង​ដែន និង​ករណី សមគំនិត​ក្នុង​បទ​ប៉ុនប៉ង​ក្នុង​អំពើ​លក់​-​ដូរ​មនុស្ស សម្រាប់​នាំ​ឆ្លង​ដែន កើតឡើង​នៅ​ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល​របស់​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកណ្តាល​បាន​លើក​ឡើង​ថា​នៅ​ថ្ងៃ​ទី​២៨ និង​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ សាលាដំបូង​ខេត្តកណ្តាល បាន​បើក​សវនាការ​ជា អសាធារណៈ​ដើម្បី​ជំនុំជម្រះ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ២៣៩៥ អ​.​ក ចុះ​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២៤ ពាក់ព័ន្ធ​នឹង​ករណី ប៉ុនប៉ង​ក្នុង​អំពើ​លក់​-​ដូរ​មនុស្ស​សម្រាប់​នាំ​ឆ្លង​ដែន បទល្មើស​មាន​ចែង​ឱ្យ​ផ្តន្ទាទោស តាម​បញ្ញត្តិ​មាត្រា​២៧ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​១៦ នៃ​ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ដែល​មាន​ជនជាប់ចោទ​ជា​ស្ត្រី​ជនជាតិ​ហ្វី​លី​ពី​ន​ចំនួន​១៣ (​ដប់​បី​)​នាក់ និង​ករណី សមគំនិត​ក្នុង​បទ​ប៉ុនប៉ង​ក្នុង​អំពើ​លក់​-​ដូរ​មនុស្ស​សម្រាប់​នាំ​ឆ្លង​ដែន បទល្មើស​មាន​ចែង​ឱ្យ​ផ្តន្ទាទោស​តាម បញ្ញត្តិ​មាត្រា​២៧ មាត្រា​២៩ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​១៦ នៃ​ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ដែល​មាន​ជនជាប់ចោទ​ជា​ស្ត្រីជន​ជាតិខ្មែរ​ចំនួន​០១ (​មួយ​)​នាក់​។

ប្រភព​បន្ត​ថា ក្រោយ​ពី​បញ្ចប់​កិច្ច​ពិភាក្សា​ដេញដោល​នា​ពេល​សវនាការ ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង ខេត្តកណ្តាល បាន​ពិនិត្យ និង​ពិចារណា​យ៉ាង​ល្អិតល្អន់​លើ​អង្គហេតុ អង្គច្បាប់ និង​ភស្តុ​តាង​នានា​ក្នុង​សំណុំ រឿង និង​បាន​ចេញ​សាលក្រម​ព្រហ្មទណ្ឌ​លេខ​១៧៧/​ញ ចុះ​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២៤ ដោយ​សម្រេច ផ្តន្ទាទោស ជនជាប់ចោទ​ជា​ស្ត្រី​ជនជាតិ​ហ្វី​លី​ពី​ន​ចំនួន​១៣(​ដប់​បី​) នាក់ ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ​កំណត់ រយៈពេល​៤(​បួន​)​ឆ្នាំ តែ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​រយៈពេល​២ (​ពីរ​)​ឆ្នាំ ទោស​ដែល​នៅ​សល់​ត្រូវ​ព្យួរ​ធម្មតា ពី​បទ ប៉ុនប៉ង​ក្នុង​អំពើ​លក់​-​ដូរ​មនុស្ស​សម្រាប់​នាំ​ឆ្លង​ដែន បទល្មើស​ដែល​មាន​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ មាត្រា​២៧ មាត្រា​៩៤ កថាខណ្ឌ​ទី​១ ចំណុច​​ទី​១ មាត្រា​១០៦ មាត្រា​១០៧ និង​មាត្រា​១០៨ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​១៦ កថាខណ្ឌ​ទី​៣ ចំណុច​ទី​១ នៃ​ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ។

ចំពោះ​ជនជាប់ចោទ​ជា​ស្ត្រីជន​ជាតិខ្មែរ ដែល​ជា​អ្នក​សម្អាតផ្ទះ និង​រៀបចំ​ម្ហូបអាហារ​ដើម្បី​មើលថែ ស្ត្រី​ជនជាតិ​ហ្វី​លី​ពី​ន​ត្រូវ​បាន​តុលាការ​សម្រេច​៖
១.​កែប្រែ​បទចោទប្រកាន់​លើ​ជនជាប់ចោទ​ពី​បទ ក្នុង​បទ​ប៉ុនប៉ង​ក្នុង​អំពើ​លក់​-​ដូរ​មនុស្ស​សម្រាប់​នាំ​ឆ្លង​ដែន តាម​បញ្ញត្តិ​មាត្រា​២៧ មាត្រា​២៩ នៃ និង​មាត្រា​១៦ នៃ​ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ មក​ជា បរិហារ​បទឧក្រិដ្ឋ តាម​បញ្ញត្តិ​មាត្រា​៥២៩ នៃ​ក្រមព្រហ្មទណ្ឌ​វិញ​។ ២.​ផ្តន្ទាទោស​ជនជាប់ចោទ​ដាក់​ពន្ធនាគារ កំណត់​រយៈពេល​៦ (​ប្រាំមួយ​)​ខែ តែ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​រយៈពេល​២ (​ពីរ​)​ខែ​១ (​មួយ​) ថ្ងៃ ទោស​ដែល​នៅ​សល់​ត្រូវ​ព្យួរ​ធម្មតា ពី​បទ មិន​ប្តឹង​បរិហារ​បទឧក្រិដ្ឋ បទល្មើស​ដែល​មាន​ចែង​ឱ្យ​ផ្តន្ទាទោស​តាម បញ្ញត្តិ​មាត្រា​១០៦ មាត្រា​១០៧ មាត្រា​១០៨ និង​មាត្រា​៥២៩ នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅ​ចំណុច​បុរី វិមាន​ភ្នំពេញ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៦A ផ្ទះ​លេខ​៦២​រ ផ្លូវ​លេខ​២៤ និង​ផ្ទះ​លេខ​១៤​អ ផ្លូវ​លេខ​២០ ស្ថិត​ក្នុងភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល កាលពី​ខែមីនា ដល់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ ២០២៤ និង​ក្នុង​អំឡុង​ឆ្នាំ​២០២៤​។

អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកណ្តាល សូម​បញ្ជាក់​ជូន​ថា ជុំវិញ​ការ​សម្រេចសេចក្តី​ខាងលើ ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្តកណ្តាល បាន​ធ្វើការ​ពិចារណា​យ៉ាង​ល្អិតល្អន់ ច្បាស់​លាស់ និង ត្រឹមត្រូវ​បំផុត​ផ្អែក​តាម​ច្បាប់​ជា​ធរមាន ហើយ​បាន​កំណត់​ថា អំពើ​ដែល​បាន​ប្រព្រឹត្ត​ដោយ​ជនជាប់ចោទ​ជា ស្ត្រី​ជនជាតិ​ហ្វី​លី​ពី​ន​ទាំង​១៣ (​ដប់​បី​) នាក់ គឺជា​បទល្មើស​ដែល​ផ្ទុយ​នឹង​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ អំពើ​នេះ គឺជា​បទល្មើស​ប៉ុនប៉ង​ក្នុង​អំពើ​លក់​-​ដូរ​មនុស្ស​សម្រាប់​នាំ​ឆ្លង​ដែន ដែល​ត្រូវ​ផ្តន្ទាទោស​ដោយ ក្រមព្រហ្មទណ្ឌ និង​ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ដោយសារ បទល្មើស​នេះ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ជា​ពិសេស​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​សិទ្ធិ​ជា​មនុស្ស​របស់​ទារក និង​កុមារ ដែល​ត្រូវ​គាំពារ និង​ការពារ​ដោយ​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​។

យោង​តាម​មាត្រា​៩៨៧ នៃ​ក្រមរដ្ឋប្បវេណី​បាន​កំណត់​ថា ស្ត្រី​ដែល​បាន​សម្រាលកូន គឺជា​ម្តាយ​របស់​កូន​។ ប៉ុន្តែ ក្នុង​ករណី​សំណុំរឿង​ខាងលើ​នេះ មាន​ភស្តុ​តាង​ច្បាស់លាស់ និង​រឹង​មាំ​ដែល​បង្ហាញ​ថា ស្ត្រី​ជនជាតិ ហ្វី​លី​ពី​ន​ទាំង​១៣ (​ដប់​បី​) នាក់​នេះ មាន​ចេតនា​ពពោះ​ជំនួស ដើម្បី​បង្កើត​ទារក​ក្នុង​គោលបំណង​លក់​-​ដូរ ទៅ​ឱ្យ​អ្នក​ទី​បី ជា​ថ្នូរ​នឹង​ប្រាក់ ដែល​អំពើ​នេះ​ត្រូវ​កំណត់​ថា​ជា​បទល្មើស​លក់​-​ដូរ​មនុស្ស​។ ហេតុ​ដូច្នេះ ស្ត្រី ដែល​ពពោះ​ជំនួស ក្នុង​គោលបំណង​បង្កើតកូន ដើម្បី​លក់​-​ដូរ ទទួល​ប្រាក់​កម្រៃ ត្រូវ​ចាត់ទុកជា​ជនល្មើស តាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ