រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា សេរីភាពសារព័ត៌មាន ត្រូវបានធានា និងការពារដោយច្បាប់សម្រាប់អ្នកកាសែតដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ ។
ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី៣ ធ្នូ ឆ្នាំ២០២៤ យ៉ាងដូច្នេះថា៖«សេរីភាពសារព័ត៌មាន និងការអនុវត្តច្បាប់ ! សេរីភាពសារព័ត៌មានត្រូវបានធានា និងការពារដោយច្បាប់ សម្រាប់អ្នកកាសែត ដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ, ផ្សាយពីព័ត៌មានពិតប្រាកដ ចំណែកឯការអនុវត្តច្បាប់ គឺធ្វើចំពោះអ្នកកាសែតដែលមិនគោរពច្បាប់ និងបំពានលើសិទ្ធិអ្នកដទៃ» ។
ឯកឧត្តមបានលើកឡើងថា ប្រសិនបើអ្នកកាសែតដែលផ្សាយព័ត៌មានពិត និងអនុវត្តទៅតាមក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់សារព័ត៌មាន ហើយត្រូវបានចាប់ខ្លួន ឬចោទប្រកាន់ សូមទាក់ទងមកកាន់ក្រសួងយុត្តិធម៌ដើម្បីធ្វើការត្រួតពិនិត្យ ។
ឯកឧត្តមអ្នកនាំពាក្យបានគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះទៀតថា គួរចងចាំថា ក្នុងសង្គមនីតិរដ្ឋ, ការអនុវត្តសិទ្ធិសេរីភាពរបស់បុគ្គលម្នាក់ គឺមានព្រំដែននៅត្រឹមការប្រើសិទ្ធិរបស់បុគ្គលដទៃ ។ រាល់សកម្មភាពដោយរំលោ.ភបំពាន តែងត្រូវឆ្លើយតបដោយការទទួលខុសត្រូវ ។ ការផ្សាយបរិហារកេរ្តិ៍ និងជេរប្រមាថអ្នកដទៃ ពុំមែនជាការផ្សាយព័ត៌មានទេ ។ ការផ្សាយព័ត៌មានក្លែងក្លាយ ក៏ពុំមែនជាការផ្សាយព័ត៌មានដែរ ។ ការផ្សាយ ឬគំរាមផ្សាយព័ត៌មាន ដើម្បីសំអុយកេរ្តិ៍ឈ្មោះបុគ្គលណាម្នាក់ ដោយភ្ជាប់នឹងលក្ខខណ្ឌជំរិតយកលាភសក្ការៈពីបុគ្គលនោះ ក៏ពុំមែនជាការផ្សាយព័ត៌មានដែរ ប៉ុន្តែជាអំពើខុសច្បាប់របស់កម្ពុជា ។
ជាមួយគ្នានោះដែរ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានលើកឡើងថា អ្នកកាសែត ពុំមានអភ័យឯកសសិទ្ធិទេ ដូចនេះ នៅពេលដែលអ្នកកាសែរធ្វើខុសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។ ប៉ុន្តែអ្នកកាសែតមានអាវក្រោះការពារខ្លួនបាន គឺនៅពេលផ្សាយព័ត៌មានពិត និងផ្សាយព័ត៌មានប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងដោយគោរពតាមច្បាប់សារព័ត៌មាន ។ ច្បាប់សារព័ត៌មាន មានហើយ ហើយបើអ្នកកាសែត មិនគោរពច្បាប់សារព័ត៌មាន តើបង្កើតច្បាប់សារព័ត៌មានដើម្បីអនុវត្តទៅលើអ្នកណា?
ទន្ទឹមនឹងនេះ ត្រូវរួមគ្នាការពារអ្នកសារព័ត៌មានដែលអនុវត្តវិជ្ជាជីវៈបានត្រឹមត្រូវ តាមក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ជាធរមានរបស់កម្ពុជា ៕
ចែករំលែកព័តមាននេះ