រាជធានីភ្នំពេញ ៖ ពាក្យប្តឹងរបស់ប្រជាពលរដ្ឋ ដែលបានដាក់មកអង្គភាពប្រឆាំងអំពើពុករលួយ ជាទូទៅស្ថិតនៅក្នុងចន្លោះពី៤០ ទៅដល់ជាង៥០ជារៀងរាល់ខែ ដោយក្នុងចំណោមនេះ ភាគច្រើនបានប្រឆាំងនឹងការប្រព្រឹត្តិអំពើពុករលួយរបស់មន្ត្រីសាធារណៈ និងមួយចំនួនទៀត ពលរដ្ឋក៏បានដាក់ពាក្យប្តឹង ដែលមិនមែនជាការប្រព្រឹត្តិអំពើពុករលួយផងដែរ ជាហេតុធ្វើឳ្យមិនមានចំណាត់ការទេ នេះបើតាមអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ។
បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្នុងកិច្ចប្រជុំលើកទី៣៩ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ លោក សយ ច័ន្ទ វិចិត្រ មន្ត្រីនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា ពាក្យប្តឹងក្នុងមួយខែ រយៈពេលប៉ុន្មានឆ្នាំមកនេះ ស្ថិតនៅក្នុងចន្លោះរវាង៤០ ទៅជាង៥០ ហើយចំនួននេះ ឃើញថា មិនថយ និងមិនចុះប៉ុន្មានដែរ ។
លោកបានបញ្ជាក់បន្ថែមថា ពាក្យប្តឹងមួយចំនួន បានតម្រូវឱ្យអ្នកដាក់ពាក្យប្តឹងមកបញ្ជាក់ប្រាប់មូលហេតុ និងមានភស្ថុតាងដាក់បន្ទុក ដើម្បីងាយស្រួលក្នុងការធ្វើចំណាត់ការលើជនល្មើស ដែលប្រព្រឹត្តិអំពើពុករលួយ ។
មន្ត្រីអ្នកនាំពាក្យរូបនេះ បានបញ្ជាក់ឱ្យដឹងដែរថា សម្រាប់ពាក្យប្តឹងក្នុងខែកញ្ញា កន្លងមក សរុបមានចំនួន៤៩ ។
ដោយឡែកសម្រាប់ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុលវិញ ក្នុងខែកញ្ញា កន្លងមក មានមន្ត្រីចំនួន ២៣០រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រី ទើបទទួលបានការតែងតាំងថ្មីចំនួន ១១៥រូប ដោយឡែកមន្ត្រី ១១៥រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ជាលើកចុងក្រោយ ដោយមូលហេតុ បញ្ឈប់ពីការងារ លាឈប់-ចូលនិវត្តន៍ និងចប់អាណត្តិ ។
ក្រៅពីនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានចូលរួមសង្កេតការណ៍ប្រឡង ចំនួន០៥លើក ៖
១. ការប្រឡងជ្រើសរើសមន្ត្រីក្របខ័ណ្ឌ ក្រសួងអភិវឌ្ឍជនបទ ដែលរៀបចំដោយក្រសួងអភិវឌ្ឍជនបទ និងក្រសួងមុខងារសាធារណៈ ។
២. ការប្រឡង ជ្រើសរើសគ្រូសម្រាប់មត្តេយ្យសិក្សា ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងមុខងារ សាធារណៈទាំងពីរដំណាក់កាល ។
៣. ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា សម្រាប់បម្រើការនៅអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលរៀបចំដោយក្រសួងយុត្តិធម៌ ទាំងពីរដំណាក់ កាល ។
ប្រភពដដែលនេះបានបញ្ជាក់ដែរថាក្រៅពីនេះអង្គភាពប្រឆាំងអំពើពុករលួយក៏បានចុះសង្កេតការណ៍ការងារលទ្ធកម្មសាធារណៈ ចំនួន ៦៤គម្រោង របស់អង្គភាពលទ្ធកម្ម ចំនួន ២៨អង្គភាព និងបានបន្តចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្តែងមួយចំនួនទៀត តាមសំណើរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត ៕
ចែករំលែកព័តមាននេះ