ខេត្តកំពង់ឆ្នាំង ៖ ដោយសាររងទារុណកម្មពីម្ដាយចុងម្ដងហើយម្ដងទៀតអ្នកជិតខាងទ្រាំមិនបានក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី 11 ខែតុលា ឆ្នាំ 2024 ។យ៉ាងនេះក្តី កុមារីរងគ្រោះបានកំពុងសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ចំណែកម្ដាយចុងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។
នៅព្រឹកថ្ងៃទី 13 ខែតុលាឆ្នាំ 2024 ភ្នាក់ងារកោះសន្តិភាពបានទៅជួបសម្ភាសន៍ជាមួយកុមារីរងគ្រោះបានរៀបរាប់នូវរឿងរ៉ាវដូចខាងក្រោមថា នាងមានឈ្មោះ អឿន កញ្ញា អាយុ 12 ឆ្នាំរស់នៅភូមិសេរីឆោម ឃុំជ្រេស ស្រុកកំពង់ត្រឡាច ។
ជីវិតរបស់នាងបានរស់នៅជាមួយឪពុកម្ដាយចុង ប៉ុន្តែដោយសារជីវភាពគ្រួសារ ឪពុកបានទៅធ្វើការ នៅប្រទេសថៃ។ ចំណែកឪពុកបង្កើតរបស់នាង បានមកផ្ទះតែ ខែបុណ្យទានភ្ជុំ ឬចូលឆ្នាំម្ដងៗ ។
កុមារីរងគ្រោះបន្តថា នៅពេលដែលឪពុកបង្កើតនាងមិននៅ នាងនៅជាមួយម្ដាយចុងតែងតែ វាយធ្វើបាបជារឿយៗ ដោយពេលខ្លះរឿង ងើបដាំបាយព្រឹកមិនទាន់ រឿងមិនបញ្ចុកបាយប្អូន រឿងជញ្ជូនចានឆ្នាំងទៅលាងមិនទាន់ ជាដើម។
កុមារីអភ័ព្វបានរៀបរាប់ទាំងទឹកភ្នែកថា ម្ដាយចុងបានរៀបចំកន្លែងឲ្យនាងដេកនៅក្នុងរោងបាយ ដើម្បីងាយស្រួលងើបដាំបាយហូប មុនពេលចេញទៅប្រកបការងារផ្សេងៗ។ ថ្ងៃណាខ្លះបើសិនងើបដាំបាយមិនទាន់ម្ដាយចុងតែងតែយកមេសោ មកគប់ជួនត្រូវក្បាល ជូនត្រូវចង្កេះ ។
បើតាមការបញ្ជាក់របស់កុមារីរងគ្រោះបានបញ្ជាក់ថាមុនពេលផ្ទុះរឿង ដោយសារម្ដាយចុងបានប្រើ ហិង្សាលើនាងយ៉ាងធ្ងន់ធ្ងរចំនួន២លើក .លើកទី១ មូលហេតុកុមារីរងគ្រោះមិនបានទៅច្រូតស្មៅអោយគោស៊ីមិនគ្រប់ (គោចំនួន៤ក្បាល) និងលើកទី ២ កុមារីរងគ្រោះមិនបានទៅចូលស្មៅឲ្យចូលស៊ី។
សូមបញ្ជាក់ថា កាលពីថ្ងៃទី 11 ខែតុលាឆ្នាំ 2024 ម្ដាយចុង ឈ្មោះ នៅ ញ៉ក់ អាយុ ៣៩ ឆ្នាំ បានប្រើហិង្សាលើកុមារីឈ្មោះអឿន កញ្ញា អាយុ 12 ឆ្នាំធ្វើឱ្យកុមារីរងគ្រោះជាំ ហើមពេញសារពាង្គកាយហើយក្រោយទទួលបានព័ត៌មាននេះលោក នន ស៊ីណាត អធិការនគរបាលស្រុកកំពង់ត្រឡាចបានបញ្ជាទៅកងកម្លាំងជំនាញចុះស្រាវជ្រាវបន្ទាន់និងឃាត់ខ្លួនស្ត្រីជាម្ដាយចុងឈ្មោះ នៅញ៉ក់ ដើម្បីសាកសួរ ។ ដោយឡែកដោយបាន ការយកចិត្តទុកដាក់ពី អភិបាលខេត្តកំពង់ឆ្នាំង ក័ដូចមន្ត្រីជំនាញបានធ្វើការឃាត់ ខ្លួនស្រីជាម្ដាយចុងដើម្បីសាកសួរ ។ ជាមួយគ្នានេះក៏បាននាំអំណោយផ្ដល់ជូនកុមារីរងគ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងផងដែរ ៕
ចែករំលែកព័តមាននេះ