ទីក្រុងហាណូយ៖ នាយករដ្ឋមន្ត្រីចិន លោកលីឆៀង បានធ្វើដំណើរទៅដល់ទីក្រុងហាណូយ ប្រទេសវៀតណាមដើម្បីបំពេញទស្សនកិច្ចរយៈពេលបីថ្ងៃ និងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ។ គេរំពឹងថាប្រទេសទាំង២នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង១ចំនួនដែលរួមមានកតិកាសញ្ញាលើកកម្ពស់តំណភ្ជាប់ខ្សែរថភ្លើង និងការពង្រីកទំនាក់ទំនងពាណិជ្ជកម្មកសិផល។ នេះបើយោងតាមមន្ត្រីរដ្ឋាភិបាល២នាក់ដែលដឹងរឿងនេះច្បាស់ និងដែលបានប្រាប់អ្នកសារព័ត៌មាន។

ករណីដែលប្រទេសទាំង២បង្កើតប្រព័ន្ធផ្លូវដែកកាន់តែច្រើនដូច្នេះជាសញ្ញាបង្ហាញអំពីការជឿទុកចិត្តគ្នាកាន់តែខ្លាំងឡើងៗ។ ផ្លូវដែកនេះជាកត្តាសំខាន់ណាស់ដែលជួយលើកកម្ពស់វិស័យពាណិជ្ជកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញ។ ឥឡូវនេះ គេសង្កេតឃើញថាក្រុមហ៊ុនផលិតទំនិញរបស់ប្រទេសចិនចាប់ផ្ដើមរុះរើរោងចក្ររបស់ខ្លួនទៅវៀតណាមជាបណ្ដើរៗហើយ។

មូលហេតុដោយសារពួកគេរកស៊ីនៅប្រទេសចិនលែងសូវកាក់កបដូចកាលពីមុនទៀតហើយនៅពេលប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង២ អាមេរិក និងចិន បន្តមានជម្លោះពាណិជ្ជកម្មជាមួយគ្នា។ នៅពេលរុះរើទីតាំងរោងចក្រទៅវៀតណាមអាចដាក់ផ្លាកនៅលើផលិតថា«ផលិតនៅវៀតណាម»។ ដូច្នេះអាចគេចផុតពីការដាក់លក្ខខណ្ឌតឹងតែងលើការដំឡើងពន្ធគយ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសចិន និងវៀតណាមអាចនឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំង២។ គេដឹងថានៅក្នុងចំណោមនោះក៏មានកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងការរៀបចំប្រព័ន្ធទូទាត់សាច់ប្រាក់ដោយមិនចាំបាច់ប្រើប្រាស់លុយដុល្លាររបស់អាមេរិកទេ អាចប្រើប្រាស់លុយយ័ន្តរបស់ចិនវិញម្ដង និង១ទៀតរៀបចំប្រព័ន្ធពន្ធគយ។ ការសម្រេចបានកិច្ចព្រមព្រៀងនេះជាផ្លែផ្កាដែលកើតចេញពីកិច្ចជំនួប និងការផ្លាស់ប្ដូរទស្សនកិច្ចនៃថ្នាក់ដឹកនាំគ្នាទៅវិញទៅមក។

តាមពិត ប្រទេសទាំងពីរចង់កសាងផ្លូវដែកតភ្ជាប់គ្នាតាំងពីយូរមកហើយ។ ប៉ុន្តែដោយសារប្រទេសទាំងពីរធ្លាប់មានបញ្ហារកាំរកូសនឹងគ្នាពាក់ព័ន្ធនឹងកត្តាប្រវត្តិសាស្ត្រ (ចិនធ្លាប់ត្រួតត្រាវៀតណាមខាងជើងជាងមួយពាន់ឆ្នាំ) និងសង្គ្រាម១ចម្អិនកំពិសដ៏បង្ហូរឈាមកាលពីខែកុម្ភៈ ឆ្នាំ១៩៧៩គឺជាស្រមោលខ្មៅតាមរំខានទំនាក់ទំនងនេះ។ ប្រទេសទាំង២ក៏មានជម្លោះបូរណភាពទឹកដីនៅប្រជុំកោះប៉ារ៉ាសែល (Paracels) ផងដែររហូតដល់ធ្លាប់ប៉ះទង្គិចគ្នាកាលពីអំឡុងទសវត្សទី៩០។

ទោះជាយ៉ាងណាក្ដី នៅក្នុងកាលៈទេសៈនេះគេត្រូវតែទុកចោលបញ្ហាខ្វែងគំនិតគ្នាមួយឡែកសិនព្រោះផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចជាកត្តាសំខាន់ជាង។ ឧទាហរណ៍ ដូចជាករណីវៀតណាម និងចិន បន្ទាប់ពីមើលឃើញថាប្រទេសចិនមានតម្រូវការកសិផលកាន់តែខ្លាំង។ ជាពិសេសផ្លែទុរេនកំពុងវាយលុកទីផ្សារចិនយ៉ាងខ្លាំង។ ដូច្នេះដើម្បីជួយសម្រួលការដឹកជញ្ជូនឱ្យកាន់តែឆាប់រហ័ស ប្រទេសទាំង២យល់ថាវាជារឿងសំខាន់ដែលត្រូវតែកសាងផ្លូវរថភ្លើងល្បឿនលឿនដើម្បីតភ្ជាប់គ្នា។

លោកលីឆៀង និងលោកផាំមិញជិញក្នុងនាមជានាយករដ្ឋមន្ត្រីចិន និងវៀតណាមនឹងជួបគ្នានៅព្រឹកថ្ងៃអាទិត្យដើម្បីពិភាក្សាការងារ១ចំនួន។ បន្ទាប់មក លោកទាំង២នឹងអញ្ជើញចូលរួមធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើសំណុំឯកសារនៃកិច្ចសហប្រតិបត្តិការជាមួយគ្នា។ នេះបើយោងតាមតារាងពេលវេលាដែលផ្សព្វផ្សាយដោយក្រសួងការបរទេសវៀតណាម៕
ចែករំលែកព័តមាននេះ