ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​៥​នាក់​លួច​ម៉ូតូ​ពី​ស្រុក​អង្គស្នួល អស់លក្ខណ៍​នៅ​ខណ្ឌ​ព្រែក​ព្នៅ

2 ខែ មុន
  • កណ្តាល

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៥​នាក់​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​ចេញពី​ក្នុង​វត្ត​មួយ​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​អង្គស្នួល ខេត្តកណ្ដាល បន្ទាប់​មក​បាន​ជិះ​យក​ទៅ​ស្វែងរក​កន្លែង​លក់​នៅ​ឯ​ភូមិសាស្ត្រ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ក៏​ត្រូវ​បាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​ឃាត់ខ្លួន​បាន​ទាំង​សម្បុក​តែ​ម្ដង ។ អំពើ​លួច​នោះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០៩ ខែតុលា…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៥​នាក់​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​ចេញពី​ក្នុង​វត្ត​មួយ​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​អង្គស្នួល ខេត្តកណ្ដាល បន្ទាប់​មក​បាន​ជិះ​យក​ទៅ​ស្វែងរក​កន្លែង​លក់​នៅ​ឯ​ភូមិសាស្ត្រ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ក៏​ត្រូវ​បាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​ឃាត់ខ្លួន​បាន​ទាំង​សម្បុក​តែ​ម្ដង ។

អំពើ​លួច​នោះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២៤ វេលា​ម៉ោង​១១​និង ៣០​នាទី​ព្រឹក ស្ថិត​នៅ​ក្នុង​វត្ត​ឈូក​ក្រពុំ ភូមិ​ខ្នា ឃុំ​ទួល​ព្រេ​ជ ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។

ជនសង្ស័យ​ទាំង​០៥​នាក់​នោះ​រួម​មាន​១-​ឈ្មោះ រស់ តុលា ហៅ​កា អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ស្គន់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​(​គឺជា​អ្នក​លួច ឃាត់ខ្លួន​) ។ ២-​ឈ្មោះ រ៉ា​ន រតនា អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់ ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។ ៣-​ឈ្មោះ វង្ស រ៉ៃ​យ៉ា អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​ក្រោម​ស្ពាន​លី​យ៉ុ​ង​ផាត់ ភូមិ​ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

៤-​ឈ្មោះ តេ​ង សុខ​ផាត អាយុ​២៣​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ ៥-​ឈ្មោះ លឹ​ម ចំនិត អាយុ​៣៧​ឆ្នាំ មុខរបរ​កម្មករ​សែង​ត្រី ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ពោធិ៍​មង្គល សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ (​ជនសង្ស័យ​៤​នាក់​ខាងក្រោម​នេះ​គឺជា​អ្នក​យក​ម៉ូតូ​ទៅ​លក់​ក្រោយ​ពេល​លួច​បាន ) ។

ដោយឡែក​ម៉ូតូ​ដែល​លួច​បាន​នោះ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២៣ លេខ​តួ​និង​លេខ​ម៉ាស៊ីន​0189744 ពាក់​ស្លាក​លេខ 1KV-6514 គឺជា​កម្មសិទ្ធិ​របស់​យុវជន​ម្នាក់​ឈ្មោះ សោម ចំរើន អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ​មុខរបរ ជាង​តម្លើង​ស្លាក​យីហោ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​បឹង​ខ្នា ឃុំ​ទួល​ព្រេ​ជ ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ថា នៅ​ថ្ងៃ​កើតហេតុ​ខណៈ​ពេល​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ទៅ​ទុក​នៅ​ក្នុង​វត្ត​ឈូក​ក្រពុំ​នោះ ស្រាប់តែ​ជនសង្ស័យ​បាន​លួច​ជិះ​គេចខ្លួន​ទៅ​បាត់​ស្រមោល ជា​ហេតុ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្នុង​វត្ត​ខាងលើ ។ ពេល​នោះ​ម្ចាស់​ម៉ូតូ​បាន​ប្ដឹង​អាជ្ញាធរ និង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ និង​ផ្ដល់​ព័ត៌មាន​ដល់​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ជួយ​ចេញ​ពួនស្ទាក់​ចាប់​បាន​ជន សង្ស័យ ។

ក្រោយមក​ នគរបាល​ខណ្ឌ​ព្រែក​ព្នៅ បាន​ប្រទះ​ឃើញ​ក្រុម​ជនសង្ស័យ និង​ភិនភាគ​ខាងលើ​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​បាន​ទាំង​៥​នាក់ និង​ដកហូត​យក​បាន​ម៉ូតូ​ដែល​លួច​នោះ​ប្រគល់​ឲ្យ​ម្ចាស់​វិញ ព្រមទាំង​ដកហូត​ទូរស័ព្ទ​ដៃ ម៉ាក​ណូ​គា​អិន​ចុច​ពិល​១​គ្រឿង និង​ម៉ាក​OPPO១​គ្រឿង​ដែល​ជា​របស់​ជនសង្ស័យ​ផង​ដែរ ។

បន្ទាប់​មក​នគរបាល​បាន​នាំ​ជនសង្ស័យ​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ ហើយ​បើ​តាម​ជនសង្ស័យ​ឈ្មោះ រស់ តុលា ហៅ​កា បាន​សារភាព​ថា ខ្លួន​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ជន​រង​គ្រោះ លុះ​ពេល​លួច​បាន​ជិះ​ចេញ​ដល់​ក្លោ​ង​ទ្វារ​មុខ​វត្ត​កើតហេតុ បាន​ជួប​ជាមួយ​គូកន​ម្នាក់​ឈ្មោះ រ៉ា​ន រតនា ហើយ​ក៏​បាន​ជិះ​ម៉ូតូឌុប​គ្នា​គេចខ្លួន ។

ពេល​ទៅ​ដល់​ម្តុំ​ផ្សា​របឹង​បៃតង ឈ្មោះ រ៉ា​ន រតនា បាន​ឲ្យ​ខ្លួន​ចុះ​ពីលើ​ម៉ូតូ បន្ទាប់​មក​បាន​ជិះ​ម៉ូតូ​នោះ​យក​ទៅ​ឲ្យ​បក្សពួក​៣​នាក់​ទៀត​រួម​មានឈ្មោះ វង្ស រ៉ៃ​យ៉ា , តេ​ង សុខ​ផាត និង​លឹ​ម ចំនិត ដើម្បី​រក​កន្លែង​លក់​ម៉ូតូ​នោះ​។ ប៉ុន្តែ​នៅ​ពេល​ពួក​ខ្លួន​កំពុង​ជិះ​ម៉ូតូ​ដែល​លួច​បាន​នេះ ដើម្បី​ស្វែងរក​កន្លែង​លក់​នោះ ក៏​ស្រាប់តែ​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​ទៅ​ដល់​ឡោម​ព័ទ្ធ​ចាប់ខ្លួន​ទាំងអស់​គ្នា​តែ​ម្ដង ៕