ចិន ៖ យុវជនដ៏ស្រស់សង្ហាជនជាតិចិនមួយរូបត្រូវបានគេចាត់ទុកថា បង្កព្យុះភ្លៀងធ្វើស៊ីផ្លូវអារម្មណ៍ក្រមុំៗវ័យក្មេងនៅតាមបណ្តាញសង្គមចិន បន្ទាប់ពីគាត់លះបង់ភាពនៅលីវ ដោយសម្រេចរៀបការកសាងគ្រួសារជាមួយស្ត្រីមេម៉ាយ ដែលមានអាយុចាស់ជាងខ្លួនរហូតដល់ទៅ២០ឆ្នាំឯណោះ ។
សារព័ត៌មានល្បីៗជាច្រើន នៅក្នុងប្រទេសចិន បានចុះព្រោងព្រាតអំពីរឿងរ៉ាវស្នេហាដ៏ចម្លែកមួយនេះ ក្រោយពីវាបានក្លាយទៅជាប្រធានបទដែលត្រូវអ្នកនិយមលេងបណ្តាញសង្គមលើកយកយកជជែកវែកញែកយ៉ាងក្តៅគគុក ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយខ្លះអះអាងថា អាយុគ្រាន់តែតួរលេខស្នេហាមិនប្រកាន់វ័យ តែខ្លះថា ភ័យរអាថា ដោយសារទឹកលុយ….ជាដើម។ល ។
កូនកំលោះកូនក្រមុំថ្មីថ្មោងមួយគូនេះ ខាងប្រុសមានឈ្មោះ Dongsen ដែលទើបតែមានអាយុ២៦ឆ្នាំប៉ុណ្ណោះ ខណៈដែលខាងស្រី គឺជាស្ត្រីមេម៉ាយ ដែលសំណាងម្នាក់មានឈ្មោះថា Yu ដែលគាត់មានអាយុ៤៦ឆ្នាំ ហើយប្រវត្តិស្នេហ៍របស់អ្នកទាំងពីរ គឺផ្តើមចេញពីអ្នកជួលផ្ទះ និងម្ចាស់ផ្ទះជួល ។
តាមការបង្ហើបពីយុវជន Dongsen បានរៀបរាប់ពីប្រវត្តិដើមទងថា គាត់បានចាកចេញពីស្រុកកំណើត មករស់នៅក្នុងទីក្រុង Shenzhen ដើម្បីធ្វើការក្នុងឆ្នាំ២០១៨ ហើយបានមកជួលបន្ទប់ស្នាក់នៅរបស់អ្នកមីងយូ ដែលជាប្រពន្ធរបស់ខ្លនចប្ចុប្បន្ន ។
Dongsen រំលឹកដោយអស់សំណើចថា ស្នេហារបស់ពួកគេទាំងពីរប្រៀបបីដូចជា តុក្តាឆ្មារកណ្តុរ Tom និង Cherry ដោយពួកគេហាក់បីជាទឹក និងភ្លើង ឃើញគ្នាភ្លាម ស្អប់មុខគ្នាភ្លែត អោយតែប្រទះពាកសម្តីជាមួយគ្នា គឺតែងតែខ្វែងគំនិត ហើយខ្លះឈានដល់ការឈ្លោះប្រកែកថែមទៀត ។ ប៉ុន្តែប្រហែលជាគូព្រេងពីអតីតហើយមើលទៅ បែរជាស្អប់ជំពប់លើទៅវិញ ក្រោយពីរស់នៅក្បែរគ្នាអស់ជាច្រើនឆ្នាំ និងឧស្សាហ៍ជជែកប្រកែកគ្នាយូៗទៅ ប្រែទៅជាកើតចិត្តប្រតិព័ទ្ធលើគ្នាទៅវិញទៅបន្តិចម្តងៗ ។
ដោយឡែកអ្នកស្រី Yu វិញ បានបង្ហើបថា ស្នេហាពួកគេបានចាប់ផ្តើមដោយសារតែខ្លួនមានចិត្តអាណិតអាសូរចំពោះការតស៊ូរបស់យុវជនជនបទម្នាក់នេះ ដែលមករស់នៅទីក្រុងជួបការលំបាកតែម្នាក់ឯងនោះ គាត់ក៏តែងតែហៅ Dongsen អោយមកជួយធ្វើម្ហូបជាមួយនាង ។ ហើយនៅក្បែរគ្នាយូៗទៅក៏មានអារម្មណ៍ល្អអោយគ្នាទាំងសងខាង ។ ទោះជាមានចិត្តស្រលាញ់ក៏ដោយ គាត់គិតថា មិនអាចទៅរួចឡើយ ដោយសារតែវ័យរបស់អ្នកទាំងពីរ ខុសគ្នាឆ្ងាយពេក ទើបគាត់បានបដិសេធការសុំស្នេហ៍របស់ Dongsen ប៉ុន្តែដោយសារតែការដុងសេន នៅតែជំនះ ដោយមិនខ្វល់ពីអ្វីទាំងអស់ ជាពិសេសសម្តីអ្នកដទៃទើបគាត់ព្រមទទួលយកស្នេហាមួយនេះ ។
បងស្រី Yu បានរំលឹកប្រាប់ Dongsen ពីរបួសផ្លូវចិត្តរបស់គាត់ជាមួយស្វាមីដើមដែលធ្វើឱ្យបរាជ័យក្នុងជីវិតគូ ម្យ៉ាងគាត់ថែមទាំងមានកូនពីរនាក់ទៀតផង ។ រឿងទាំងនេះជាដើមហេតុដែលនាងពិបាកនឹងទទួលយកស្នេហាថ្មី ។ តាមពិត នាងក៏ចង់បានស្នេហាម្តងទៀតដែរ ប៉ុន្តែខ្លាចជួបមនុស្សអាក្រក់ដែលនឹងធ្វើបាបកូនៗបស់នាង» ។
បន្ទាប់ពីស្តាប់រឿងរ៉ាវរបស់មនុស្សដែលខ្លួនស្រលាញ់រួចហើយ Dongsen បានអះអាងថា ខ្លួនមិនបានមើលងាយស្ត្រីដែលមានកូនពីរនាក់រួចនោះទេ ហើយសន្យាថា នឹងស្រឡាញ់មើលថែពួកគេអោយដូចជា កូនបង្កើតរបស់ខ្លួន ។ ក្រោយឆ្លងកាត់ព្យុះភ្លៀង អ្នកទាំងពីរបានសម្រេចចិត្តទាក់ទងគ្នាជាផ្លូវការ នៅឆ្នាំ២០២១ ដោយអ្នកស្រី Yu បានចែករំលែកថា ក្រោយស្រលាញ់គ្នាជាង៣ឆ្នាំ បុរសម្នាក់នេះបានព្យាបាលរបួសបេះដូងរបស់គាត់អោយជាសះស្បើយ និងផ្តល់ជំនឿចិត្តដល់នាង ជាពិសេស Dongsen មិនខ្លាចក្នុងការបង្ហាញក្តីស្រលាញ់ជាសាធារណៈ ឬបង្ហោះវាលើបណ្តាញសង្គមនោះឡើយ ។
នៅទីបំផុត ពួកគេទាំងពីរបានដឹកដៃគ្នាចូលរោងការនៅដើមខែតុលា ឆ្នាំ២០២៤ថ្មីៗនេះ ។ រឿងរ៉ាវស្នេហារវាងម្ចាស់ផ្ទះ និងអ្នកជួលនេះពិតជា ផ្ទុះកក្រើក ហើយបានក្លាយជាប្រធានបទដែលគេស្វែងរកច្រើនជាងគេបំផុតប្រចាំសប្តាហ៍ ។ មនុស្សមួយចំនួនគិតថា វាពិបាកនឹងជឿថា មិនមានហេតុផលនៅពីក្រោយបុរសវ័យក្មេងរៀបការជាមួយម្ចាស់ផ្ទះដែលមានអាយុចាស់ជាងខ្លួន២០ឆ្នាំនោះទេ ជាពិសេសនៅពេលដែលស្ត្រីជាប្រពន្ធ ជាម៉េម៉ាយដែលមានទ្រព្យសម្បត្តិជាច្រើន ។
ប៉ុន្តែមនុស្សភាគច្រើន បានកោតសរសើរ និងជូនពរដល់គូស្នេហ៍មួយគូនេះ ជាពិសេក្រមុំចាស់ដែលនៅលីវ និងស្ត្រីមេម៉ាយជាច្រើននាក់ផ្សេងទៀតបានបង្ហាញពីក្តីសង្ឃឹមរបស់ពួកគេថា ថ្ងៃណាមួយខ្លួននឹងរកបានស្នេហ៍ពិត ៕
ចែករំលែកព័តមាននេះ