ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍រថយន្តធុនធំបុកគ្នាទាំងព្រលឹមស្រាងៗ បណ្ដាលឲ្យការធ្វើដំណើរផ្លូវជាលេខ៥ បង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ខណៈពេលកម្មកររោងចក្រកំពុងធ្វើដំណើរទៅធ្វើការផងដែរ ដែលហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៥និង២០នាទីព្រឹកថ្ងៃទី១០ តុលាឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៤៨ និងលេខ៤៩ ក្នុងភូមិឈូកស ឃុំពានី ស្រុកកំពង់ត្រឡាច។
លោក នន ស៊ីណាត អធិការនគរបាលស្រុកកំពង់ត្រឡាចបានបញ្ជាក់ថា ក្រោយពេលកើតហេតុ សមត្ថកិច្ចរបស់លោកបានចុះសម្រួលចរាចរណ៍ឲ្យកម្មករបានចូលធ្វើការ ។ យ៉ាងនេះក្តី លោកមានការព្រួយបារម្ភការកកស្ទះជាថ្មីទៀត បន្ទាប់ពីកម្មកររោងចក្រចេញពីធ្វើការវិញ ព្រោះរថយន្តធន់ធំនៅដេកច្រងាងលើផ្លូវជាតិនៅឡើយ។
ចំពោះមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺនៅមុនពេលកើតហើយមានរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង ពណ៌ខៀវលាយលឿង ពាក់ស្លាកលេខភ្នំពេញ 3B 3938 មានសណ្ដោងកន្ទុយរ៉ឺម៉កគ្មានស្លាកលេខ បើកបរពីទិសខាងជើងត្បូងហើយបានឆ្លងគន្លងផ្លូវ បត់មកខាងកើតមិនប្រយ័ត្ន ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវលាយលឿង ពាក់ស្លាកលេខភ្នំពេញ 3E.0015 មានសណ្ដោងរឺម៉កពាក់ស្លាកលេខព្រះសីហនុ 4a-3227 បើកក្នុងទិសដៅពីជើងត្បូងស្របទិសគ្នា បុកយ៉ាងពេញទំហឹង ។
នៅក្នុងហេតុការណ៍នោះ រថយន្តបានត្រឡប់ដេកលើផ្លូវទាំង២ ចំណែកអ្នកបើកបររថយន្តប្ដូរគន្លងដោយមិនបានប្រុងប្រយ័ត្នគេចបាត់ស្រមោល នៅសល់តែភាគីម្ខាងទៀតបានរងរបួសជាទម្ងន់ មានឈ្មោះរិន ឡុង អាយុ៣១ឆ្នាំ មានពីលំនៅភូមិត្នោតទេឃុំតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានរបួសជាទម្ងន់ហើយត្រូវបានសមត្ថកិច្ចគាស់ចេញពីកាប៊ីនរថយន្តនាំទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។
លោកអធិការនគរបាលបានបញ្ជាក់ថា រហូតដល់ម៉ោង៤ល្ងាចថ្ងៃដដែលទៅហើយ រថយន្តនៅមិនទាន់យកចេញនៅឡើយ ធ្វើឱ្យមានការព្រួយបារម្ភថា ពេលកម្មកររោងចក្រចេញពីធ្វើការនឹងមានការកកស្ទះជាថ្មីទៀត ព្រោះជាធម្មតាគ្មានគ្រោះថ្នាក់ចរាចរណ៍ផងផ្លូវនេះ តែងតែកកស្ទះមមាញឹកពេលកម្មករចេញពីរោងចក្រម្ដងៗ។
ចែករំលែកព័តមាននេះ