ទីក្រុងវ៉ាស៊ីនតោន៖ ខ្យល់ព្យុះមីលតុនកំពុងបោកបក់យ៉ាងពេញបន្ទុកទៅលើតំបន់ឆ្នេរសមុទ្រនៃរដ្ឋផ្លរីដាដោយពាំនាំទៅជាមួយនូវភ្លៀង ផ្គរ រន្ទះ និងរលកសមុទ្រខ្ពស់ៗ។ ដូច្នេះអ្នកណាដែលជម្លៀសខ្លួនមិនទាន់ ហើយដែលរស់នៅតំបន់មុខខ្យល់ព្យុះអាចនឹងជួបការលំបាក។ គេទទួលដំណឹងថានៅដំណាក់កាលដំបូងៗ ខ្យល់ព្យុះបានឆក់យកជីវិតមនុស្សអស់៤នាក់។
ទំហំនៃការខូចខាតលើកនេះមិនតិចតួចនោះឡើយគិតចាប់ពីពេលនេះទៅមុខទៀត។ មិនទាន់បានអីផង ប្រជាជនជាងបីលាននាក់គ្មានភ្លើងអគ្គិសនីសម្រាប់ប្រើប្រាស់ទេបន្ទាប់ពីខ្យល់ព្យុះបោកបំបាក់បង្គោលភ្លើង និងគាស់រំលើងដើមឈើទាំងឫសឱ្យដួលរេលពេញផ្លូវ។ អាជ្ញាធរថ្លែងថាជនរងគ្រោះដែលស្លាប់ទាំងនោះរស់នៅក្នុងមណ្ឌលសម្រាប់មនុស្សចាស់ជរា។
ខ្យល់ព្យុះមីលតុនបក់ទៅដល់តំបន់ស៊ីអេស្តាឃី (Siesta Key)នៅម៉ោង៨:៣០យប់ថ្ងៃពុធ។ រយៈពេល៨ម៉ោងក្រោយមក ព្យុះនេះបន្តដំណើរទៅដល់ជ្រោយខាណាវេរ៉ាល់ (Cape Canaveral) ក្នុងឋានៈជាខ្យល់ព្យុះហារីខេនកម្រិត១ដែលមានល្បឿន១៣៦គីឡូម៉ែត្រ/ម៉ោង (ហារីខេនសំដៅលើខ្យល់ព្យុះនៅមហាសមុទ្រអាត្លង់ទិច, រីឯទីហ្វុងសំដៅលើខ្យល់ព្យុះនៅប៉ាស៊ីហ្វិច)។
មជ្ឈមណ្ឌលជាតិស្រាវជ្រាវអំពីខ្យល់ព្យុះបានចេញសេចក្ដីប្រកាសថាភ្លៀងបន្តធ្លាក់យ៉ាងជោគជាំនៅតំបន់ខាងជើងរដ្ឋផ្លរីដាតាំងពីព្រឹកព្រលឹម។ ដូច្នេះ គ្រោះទឹកជំនន់នឹងហក់ឡើងខ្ពស់យ៉ាងឆាប់រហ័ស និងធ្វើឱ្យទឹកទន្លេហក់ឡើងនៅក្នុងកម្រិតមធ្យមរហូតដល់កម្រិតខ្លាំង។ ប្រជាជននៅរដ្ឋផ្លរីដាគ្រាន់តែភ្ញាក់ពីគេងឡើងភ្លាមក៏ជួបនឹងរឿងស៊យទាំងព្រលឹមតែម្ដង។ មានហេតុការណ៍បាក់ដងស្ទូចមួយគ្រឿងនៅសេនភីតថឺបឺក (St. Petersburg) បណ្ដាលឱ្យខូចខាតអគារការិយាល័យមួយកន្លែង។
សម្រាប់ទំហំនៃការខូចខាតជារួមដោយសារខ្យល់ព្យុះមីលតុននេះ គេគិតថាត្រូវការពេលវេលាជាច្រើនថ្ងៃទើបអាចបូកសរុបតួលេខបាន។ ប៉ុន្តែក្រុមហ៊ុនធានារ៉ាប់រងបានព្យាករទុកជាមុនថាទំហំនៃការខូចខាតលើកនេះគិតជាទឹកប្រាក់អាចនឹងកើនឡើងដល់៦០ពាន់លានដុល្លារ។ នៅពេលខ្យល់ព្យុះមីលតុនបន្តបោកបក់ ក៏មានខ្យល់កន្ត្រាក់តូចៗជាច្រើនករណីផងដែរ។ អាជ្ញាធរព្រមានថាមានខ្យល់កន្ត្រាក់យ៉ាងតិច១១៦ករណីកើតឡើងនៅទូទាំងរដ្ឋផ្លរីដា។
មនុស្សប្រហែល១១លាននាក់ប្រឈមនឹងគ្រោះទឹកជំនន់ និងការហក់ឡើងខ្ពស់នៃទឹកទន្លេបន្ទាប់ពីផ្នែកខ្លះនៃរដ្ឋនេះទទួលបានរបបទឹកភ្លៀងដ៏ខ្ពស់មិនធ្លាប់មាននៅក្នុងរយៈពេលមួយពាន់ឆ្នាំចុងក្រោយ។ មានន័យថាមួយពាន់ឆ្នាំទើបតែជួបម្ដងនេះទេ។ នៅទីក្រុងប្រេដឹនថុន (Bradenton) អាជ្ញាធរអះអាងថាអ្នករស់នៅទីនេះប្រហែលជាង៦០%ដាច់ភ្លើង។ នៅហ៊ីលស្បូរ៉ូ (Hillsborough) ខ្យល់ព្យុះបោកបំបាក់បង្គោលភ្លើង និងដើមឈើដួលពេញផ្លូវ។
តាំងពីមុនពេលការមកដល់នៃខ្យល់ព្យុះមីលតុន អាជ្ញាធរចេញបញ្ជាឱ្យជម្លៀសអ្នករស់នៅក្នុងតំបន់ទាំង១៥នៃរដ្ឋផ្លរីដាដែលមានប្រជាជនសរុបជាង៧លាននាក់។ អ្នកខ្លះដែលសម្រេចចិត្តមិនចាកចេញទៅរកទីកន្លែងសុវត្ថិភាពត្រូវអាជ្ញាធរប្រកាសឱ្យបន្តស្នាក់នៅក្នុងផ្ទះទាំងយប់ទាំងថ្ងៃ កុំចេញមកខាងក្រៅឱ្យសោះ រហូតដល់ខ្យល់ព្យុះស្ងប់ស្ងាត់ទៅវិញទាំងស្រុង៕
ចែករំលែកព័តមាននេះ