ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

AIIB ៖ ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​មាន​សារៈសំខាន់​សម្រាប់​ធានា​ នូវ​កំណើន​ចីរភាព

1 ខែ មុន

រាជធានី​ភ្នំពេញ​ ៖ នា​ល្ងាច​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៤, សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ​ ៖ នា​ល្ងាច​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៤, សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ លោក Jin Liqun ប្រធាន​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB) ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ ក្នុង​ឱកាស​ នៃ​ការ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤៤ និង ៤៥ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី ១១ ខែតុលា ឆ្នាំ​២០២៤ នៅ​រដ្ឋធានី​វៀងចន្ទន៍ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ ។

ក្នុង​ឱកាស​នៃ​ជំនួប​ លោក​ប្រធាន​ធនាគារ បាន​គោរព​ជម្រាប​ជូនសម្ដេច​បវរ​ធិ​បតី ថា លោក​មាន​ក្ដី​សោមនស្ស​រីករាយ​ជា​ខ្លាំង ​ដែល​ចូលរួម​ថ្លែង​សុន្ទរកថា​ គន្លឹះ​នៅ​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​ នៃ​កិច្ចប្រជុំ​កំពូល​កម្រិត​តំបន់​នេះ ហើយ​ខ្លឹមសារ​សំខាន់ ​នៃ​សុន្ទរកថា​របស់​លោក គឺ​ផ្ដោត​លើ​សារៈសំខាន់​ នៃ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ នៅ​ក្នុង​តំបន់​អាស៊ី ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​នៅ​ក្នុង​តំបន់ ​។

លោក​ប្រធាន​ធនាគារ​ក៏​បង្ហាញ​នូវ​ស​ក្ដី​សប្បាយ​រីករាយ ​ដែល​ធនាគារ AIIB បាន​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​។ លោក​ប្រធាន​ធនាគារ​បាន​គោរព​ជម្រាប​ជូនសម្ដេច​បវរ​ធិ​បតី ថា កម្ពុជាជា​ប្រទេស​ស្ថាបនិក​មួយ​ ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​បង្កើត​ធនាគារ AIIB កាលពី ៩ ឆ្នាំ​មុន​។ ការណ៍​នេះ ​សបញ្ជាក់​អំពី​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ និង​ការ​រួមចំណែក​ដ៏​សំខាន់​របស់​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​បន្តិច​ម្ដង​ៗ ​នៃ​ដំណើរការ​របស់​ធនាគារ AIIB​។ ជាមួយ​គ្នា​នោះ​លោក​ប្រធាន​ធនាគារ​ក៏​បាន​លើក​ឡើង​ពី​សារៈសំខាន់ ​នៃ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ដើម្បី​ជំរុញ និង​ធានា​ដល់​កំណើន​សេដ្ឋកិច្ចជាតិ ជា​ពិសេស​ការ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​ភ្នំពេញ​ ដើម្បី​បង្កើន​ នូវ​ភាព​ទាក់ទាញ សម្រាប់​ភ្ញៀវ​ទេសចរ និង​វិនិយោគិន ​។

ជា​ការ​ឆ្លើយ​តប​ សម្ដេច​បវរ​ធិ​បតី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សុន្ទរកថា​គន្លឹះ ប្រកបដោយ​អត្ថន័យ​របស់​លោក​ប្រធាន​ធនាគារ ដែល​បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន កាលពី​ពេល​ព្រឹក​។ សម្ដេច​បវរ​ធិ​បតី ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​កំណត់​នូវ​គន្លឹះ​អាទិភាព​ធំ​ៗ​ចំនួន​៥ ដែល​ក្នុង​នោះ ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​អាទិភាព​សំខាន់​មួយ ដែល​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ឱ្យ​បាន​ល្អ​ប្រសើរ ហើយ​ក៏​ជា​អ្វី​ដែល​កម្ពុជា​ត្រូវការ​អភិវឌ្ឍ​បន្ថែម​ទៀត បន្ទាប់​ពី​បាន​រង​ការ​ខូចខាត​ដោយ​ភ្លើងសង្គ្រាម​ដ៏​រ៉ាំរ៉ៃ​នៅ​កម្ពុជា ។

សម្ដេច​បវរ​ធិ​បតី បាន​សង្កត់ធ្ងន់​ថា បុ​រេ​លក្ខខណ្ឌ​ដ៏​សំខាន់​មួយ​នៃ​ការ​អភិវឌ្ឍ​ជាតិ គឺ​ការ​ធានា​ឱ្យ​បាន​នូវ​សុខ​សន្ដិភាព ស្ថិរភាព ជៀស​ឱ្យ​ផុត​ពី​ជម្លោះ​ប្រដាប់​អាវុធ ព្រោះថា​នៅ​ពេល​ប្រទេស​ធ្លាក់​ក្នុង​ភ្លើងសង្គ្រាម នោះ​គ្រប់​គ្នា​នឹង​ដឹង​ថា សន្ដិភាព​មាន​តម្លៃ​ប៉ុណ្ណា​។ សម្ដេច​បវរ​ធិ​បតី គូស​បន​ញ្ជា​ក់ថា ក្នុង​នាម​ជា​ប្រទេស​ស្ថា​និក​មួយ​របស់​ធនាគារ ​AIIB កម្ពុជា​នឹង​បន្ត​ចូលរួម​ជាមួយ​ធនាគារ ដោយ​មាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​សេនាធិការ និង​ជា​ស្ថាប័ន​សម្របសម្រួល និង​ទំនាក់ទំនង​ផ្ទាល់ ជាមួយ​ធនាគារ AIIB ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ