ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របរត្បាញកន្រ្តកអំពីជ័រមានទីផ្សារ តែតម្លៃទាប ខណៈអ្នកត្បាញ​សំណូមពរ​ឈ្មួញកណ្តាលជួយ​​ដំឡើង​ថ្លៃ

1 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បើទោះបីវត្តុធាតុដើមពីធម្មជាតិ មានដូចជា ធាងត្នោត រំពាក់ ឬ ដើមវល្លិថ្នឹង ត្រូវបានខ្សត់ខ្សោយ មិនសំបូរដូចពីដើមក្តី…

ខេត្តកំពង់ឆ្នាំង ៖ បើទោះបីវត្តុធាតុដើមពីធម្មជាតិ មានដូចជា ធាងត្នោត រំពាក់ ឬ ដើមវល្លិថ្នឹង ត្រូវបានខ្សត់ខ្សោយ មិនសំបូរដូចពីដើមក្តី ក៍ប្រជាពលរដ្ឋរស់នៅភូមិក្រឡាញ់ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច បានកែប្រែការត្បាញកន្ត្រក អំពីរុក្ខជាតិ ធម្មជាតិទាំងនោះ ជំនួសដោយការត្បាញអំពីជ័រ​មកជំនួសវិញ ថែមទាំងមានគុណភាព សោភ័ណ្ឌភាពជាង ។ នេះជាការលើកឡើង របស់អ្នកត្បាញ​កន្រ្កកជ័រ នៅភូមិឃុំខាងលើ ដែលបានបញ្ជាក់ថា ជាមុខរបរ ធ្វើនៅផ្ទះ មានពេលវេលាមើលថែទាំ កូនចៅ និងផ្ទះសម្បែង។

ស្ត្រីវ័យចំណាស់ម្នាក់ ដែលកំពុងអង្គុយ​ត្បាញកន្រ្តកជ័រ​បណ្តើរ​រៀបរាប់ប្រាប់ភ្នាក់ងារ​សារព័ត៌មានកោះសន្តិភាពបណ្តើរថា ពីមុនពួកគាត់ផលិតកន្ត្រកដោយដៃបែបនេះ គឺធ្វើអំពីធាងត្នោត ដើមរំពាក់ ដើមផ្តៅ ឬវល្លិ៍ថ្នឹង។ល។ ប៉ុន្តែដោយបច្ចុប្បន្នពុំមានអ្នកឡើងកាប់ធាងត្នោត ខ្វះអ្នកបោចវល្លិ៍ធម្ម​ជាតិ រួមផ្សំនិង វត្ថុធាតុដើមទាំងនោះខ្សត់ផង ហើយស្របពេលតម្រូវការទីផ្សារ មានការជឿន​លឿននិយមប្រើប្រាស់ផលិតផលទំនើប ពួកគាត់បានកែប្រែទិញខ្សែជ័រមកធ្វើជំនួស វត្ថុធាតុដើមពីធម្មជាតិទាំងនោះវិញ។ប៉ុន្តែផលលំបាកគឺបើទោះទីផ្សារ មានម៉ូយចាំទិញដល់កន្លែងក្តី ក៍តម្លៃហាក់នៅទាប ស្ទើមិនអាចទទួលយកបាន។

ស្ត្រីដដែលបានបន្តថា សម្រាប់តម្លៃ​វិញ កន្ត្រក១​លក់បានពី​៣.០០០រៀល ទៅ​៨.០០០រៀល តាមខ្នាតតូចធំ និងតាមម៉ូត។ ជាមធ្យម ពួកគាត់ម្នាក់ អាចត្បាញបានពី៥ទៅ៦កន្ត្រកក្នុងមួយថ្ងៃ និងរកប្រាក់ចំណូលបាន ១៥.០០០រៀល ទៅ ២០.០០០រៀល។ ចំណែកកន្ត្រក គឺមានទំហំ តូច ធំ តាមត្រូវការប្រើប្រាស់ប្រកបដោយគុណភាព ជាប់មាំល្អ មានពណ៌ចម្រុះស្អាត ជាផលិតដោយស្នាដៃកូនខ្មែរសុទ្ធសាធ។

ប្រជាពលរដ្ឋក្នុងភូមិក្រឡាញ់ ឃុំអូរឬស្សី បានថ្លែងពីភាពលំបាកវិញថា ទីផ្សារខ្សែរជ័រមានតម្លៃថ្លៃ តែពេលលទ្ឋផលសម្រេច កើតជាកន្រ្តក មានតម្លៃទាប មិនត្រឹមតែប៉ុណ្ណឹងទេ ចំពោះខ្យែជ័រ ក៍ពិបាក​រកទិញដែរ ព្រោះមានឈ្មួញប្រមូលទិញ យកទៅប្រទេសជិតខាង​មានចំនួនច្រើន។

ប្រជាពលរដ្ឋជា​អ្នកត្បាញកន្ត្រកអំពីជ័រ​បានសំណូមពរអតិជន សូមបន្តជួយគាំទ្រ​កន្ត្រក ដែលពួកគាត់ ផលិតនេះផង ជាពិសេសសូមឲ្យឈ្មួញកណ្តាលដែលបញ្ជាទិញ សូមមានតម្លៃខ្ពស់ជាងនេះបន្ថែមទៀត ដើម្បីចូលរួមលើកកម្ពស់ស្នាដៃកូនខ្មែរ ក្នុងការថែរក្សា អភិរក្សមុខរបរដូនតាឲ្យបាន ស្ថិតស្ថេរយូរអង្វែង និងជាពិសេសចូលរួមជាមួយរាជរដ្ឋាភិបាល ភូមិមួយផលិតផលមួយ បង្កលក្ខណៈធ្វើឲ្យជីវភាពប្រជាពលរដ្ឋបានធូរស្រាយមួយកម្រិត កាត់បន្ថយភាពក្រីក្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ