ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​បង្កើត​គណៈកម្មការ​ចុះ​ស្រាវជ្រាវ​ករណី​បុរស​ចិន​ម្នាក់​ស្លា​.​ប់​មាន​ស្លាកស្នាម​ពេញ​ខ្លួន

8 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​៩ ខែតុលា…

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៤ កងរាជអាវុធហត្ថ បានឃើញ​អត្ថបទ​ព័ត៌មាន​មួយ​ពាក់ព័ន្ធ​នឹង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន ដែល​សរសេរ​ថា “​ប្រភព​ពី​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២៤ មេការ​កាស៊ីណូ ញូ​វ​ហ្វ័​រ​ធូ​ណា បាន​នាំ​ខ្លួន​ជន​រង​គ្រោះ ជនជាតិ​ចិន​ឈ្មោះ Zhou Chunhua អាយុ​៣៦​ឆ្នាំ តាម​រថយន្ត Alphard ពណ៌​ស ទៅ​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន ដោយ​ចោទប្រកាន់​ថា ជន​រង​គ្រោះ​ជំពាក់​លុយ​ពួក​គេ​។ ក្នុងអំឡុងពេល​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន មាន​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​មួយ​រូប​ឈ្មោះ សុផល បាន​ទូរ​សព្ទ​ទៅ​ស្ដ្រី​ខ្មែរ​ម្នាក់ ជា​ប្រពន្ធ​ជន​រង​គ្រោះ​ឱ្យ​យក​លុយ​ចំនួន ២​ម៉ឺន​ដុល្លារ មក ដើម្បី​ដោះស្រាយ​រឿង​ប្តី​។ នៅ​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២៤ មេការ​កាស៊ីណូ បានឱ្យ​បក្ខពួក​ទៅ​ដឹក​ជន​រង​គ្រោះ​ពី​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ត្រលប់​ទៅ​កាស៊ីណូ​វិញ​។ ប៉ុន្តែ​ដោយ​ជន​រង​គ្រោះ​រង​របួស​ធ្ងន់ធ្ងរ​ពី​ការ​ធ្វើ​ទារុណកម្ម ជន​រង​គ្រោះ​ក៏​បាន​ស្លាប់​” ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ជម្រាប​ជូន​ថា ៖

១-​តាម​សេចក្តីរាយការណ៍​របស់​លោក​ឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន និង​លោក​អនុសេនីយ៍ទោ ផូ​រ៍ សុផល នាយការិយាល័យ​ព្រហ្មទណ្ឌ មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស បាន​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៩​ជាង​ពេល​យប់ ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២៤ មាន​ខាង​កាស៊ីណូ ដឹក​មនុស្ស​ម្នាក់​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន ហើយ​បាន​ប្រាប់​ថា ជនជាតិ​ចិន​នេះ ជា​បុគ្គលិក​របស់​ក្រុមហ៊ុន បាន​លួច​លុយ​ក្រុមហ៊ុន ខាង​ក្រុមហ៊ុន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន ដោយសារ​ពេល​យប់​មិន​មាន​អ្នកបកប្រែ មន្ត្រី​នគរបាល​យុត្តិធម៌​មិន​ទាន់​បាន​ទទួល​ពាក្យបណ្ដឹង ហើយ​បុគ្គល​ជនជាតិ​ចិន​នោះ ត្រូវ​បាន​រក្សា​ទុក​សម្រាក​ក្នុង​បន្ទប់​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន​។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២៤ មន្ត្រី​ជំនាញ​បាន​រក​អ្នកបកប្រែ ហើយ​សួរ​បុគ្គល​នោះ​អំពី​ដំណើរ​ហេតុ​មួយ​ហ៊ាន បានដឹង​ថា មិនមែន​ជា​ករណី​លួច​ទេ គឺជា​ការ​ជំពាក់​ប្រាក់ ដូច្នេះ​មន្ត្រី​ជំនាញ ក៏​មិន​ទទួល​ពាក្យបណ្ដឹង​ពី​ក្រុមហ៊ុន​ទេ ព្រោះ​ការ​ជំពាក់​ប្រាក់​ជា​រឿង​រដ្ឋប្បវេណី បន្ទាប់​មក​មន្ត្រី​ជំនាញ បាន​ទំនាក់ទំនង​ខាង​ក្រុមហ៊ុន​កាស៊ីណូ ឱ្យមក​យក​បុគ្គល​ជនជាតិ​ចិន​នោះ​ទៅ​វិញ ។

២-​បុគ្គល​ឈ្មោះ Zhou Chunhua ពេល​មក​ដល់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន មិន​មាន​ស្នាម​របួស និង​មិន​បាន​ធ្វើ​ទារុណកម្ម ហើយ​នៅ​ពេល​ប្រគល់​ជូន​ទៅ​ខាង​ក្រុមហ៊ុន​កាស៊ីណូ​វិញ ក៏​មិន​មាន​របួស​ធ្ងន់ធ្ងរ​ទេ​។ (​សូម​ភ្ជាប់​ជាមួយ​រូបថត​ជន​រង​គ្រោះ​)

៣-​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ករណី​នេះ ទាំង​អង្គហេតុ ទាំង​ការ​អនុវត្ត​នីតិវិធី និង​ក្រមសីលធម៌ វិជ្ជាជីវៈ ។ កងរាជអាវុធហត្ថ ស្នើ​សុំ​ស្ដ្រី​ដែល​ជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ និង​បុគ្គល​ពាក់ព័ន្ធ សហការ​ជាមួយនឹង​មន្ត្រី​នគរបាល​យុត្តិធម៌ ដើម្បី​អនុវត្ត​នីតិវិធី​ករណី​ខាងលើ​នេះ​។

យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក ផែង វណ្ណៈ បាន​បង្ហោះ​រូបភាព​ប៉ុន្មាន​សន្លឹក អម​ដោយ​សំ​ណេ​រ យ៉ាង​ដូច្នេះ​ថា ៖ «​ប្រភព​ពី​ខេត្ត ប៉ៃលិន បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២៤ មេការ​កា​សី​ណូ ញូ​វ​ហ្វ័​រ​ធូ​ណា បាន​នាំ​ខ្លួន​ជន​រង​គ្រោះ​ជនជាតិ​ចិន​ឈ្មោះ Zhou Chunhua អាយុ ៣៦​ឆ្នាំ តាម​រថយន្ត Alphard ពណ៌​ស ទៅ​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន ដោយ​ចោទប្រកាន់​ថា ជន​រង​គ្រោះ​ជំពាក់​លុយ​ពួក​គេ ។ ក្នុងអំឡុងពេល​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន មាន​មន្ត្រី​កង​រាជ​អាវុធ​ហ្ថ​ខេត្ត​មួយ​រូប​ឈ្មោះ សុផល បាន​ទូរ​សព្ទ​ទៅ​ស្ត្រី​ខ្មែរ​ម្នាក់ ជា​ប្រពន្ធ​ជន​រង​គ្រោះ អោយ​យក​លុយ​ចំនួន ២​ម៉ឺន​ដុល្លារ​មក ដើម្បី​ដោះស្រាយ​រឿង​ប្ដី ។

នៅ​ថ្ងៃ​ទី​១៦ សីហា ឆ្នាំ​២០២៤ មេការ​កាស៊ីណូ បានអោយ​បក្ខពួក​ទៅ​ដឹក​ជន​រង​គ្រោះ​ពី​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ត្រលប់​ទៅ​កាស៊ីណូ​វិញ ។ ប៉ុន្តែ​ដោយ​ជន​រង​គ្រោះ​រង​របួស​ធ្ងន់ធ្ងរ​ពី​ការ​ធ្វើ​ទា​.​រុណ​កម្ម ជន​រង​គ្រោះ​ក៏​បាន​ស្លា​.​ប់ ។

បន្ទាប់​ពី​ជរង​គ្រោះ​ស្លា​.​ប់ សមត្ថកិច្ច​ខេត្ត​ប៉ៃលិន បាន​ចុះ​ត្រួតពិនិត្យ​សាកស​.​ព និង​វាយតម្លៃ​ថា ជន​រង​គ្រោះ​មិនមែន​ស្លា​.​ប់ ដោយសារ​ការ​ធ្វើ​ទា​.​រុណ​កម្ម​ទេ ហើយ​ការ​ស៊ើបអង្កេត​ហាក់ដូច​ធ្វើ​មិន​អស់ពី​សមត្ថភាព ។ បន្ទាប់​មក ក៏​បញ្ជូន​សំណុំរឿង​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ។

ដោយ​គ្មាន​សង្ឃឹមថា សមត្ថកិច្ច​ខេត្ត​ប៉ៃលិន អាច​រក​យុត្តិធម៌ ជូន​ប្ដី​គាត់​បាន ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្ដឹង​ជា​ថ្មី នៅ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដើម្បី​សុំ​អោយ​បើក​ការ​ស៊ើបអង្កេត​ឡើង​វិញ ទោះបី​ពេល​នេះ​ជនល្មើស​រត់គេច​ខ្លួន​អស់​ក៏​ដោយ ។ ករណី​នេះ សមត្ថកិច្ច​គួរ​ពង្រីក​ការ​ស៊ើបអង្កេត តែ​អស់លោក​មួយ​ចំនួន ហាក់ដូចជា​ចង់​បិទ​បាំង​ករណី​ឃា​.​ត​កម្មនេះ​ណាស់ ។

សូម​បញ្ជាក់​ថា កាស៊ីណូ ញ៉ូ​វ​ហ្វ័​រ​ធូ​ណាយ មាន​ទីតាំង​ស្ថិត​នៅ​ជិត​ផ្សារ​ព្រំ សង្កាត់​ស្ទឹង​កាច់ ខេត្ត​ប៉ៃលិន​» ។

លោក ផែង វណ្ណៈ បាន​បន្ត​ថា «​ឃើញ​រូបរាង​ស​.​ព​ជន​រង​គ្រោះ ទោះបី​ក្មេង​ថ្នាក់​ទី​១ មិន​បាន​រៀន​ជំនាញ​ពិនិត្យ​សាកស​.​ព ឬ​ជំនាញ កោសល្យវិច័យ ក៏​ដឹង​ថា ជា​ស្លាកស្នាម​ធ្វើ​ទា​.​រុណ​កម្ម ឬ​ប្រើ​ហិ​.​ង្សា​ដែរ ។ ប៉ុន្តែ​មន្ត្រី​នគរបាល​ខេត្ត ប៉ៃលិន​បែរជា​ធ្វើ​របាយការណ៍​ថា ជន​រង​គ្រោះ​ស្លា​.​ប់ ដោយ​ដួល​ខ្លួនឯង​បោក​ក្បាល​ទៅ​លើ​ឥដ្ឋការ៉ូ មិនមែន​ស្លា​.​ប់​ដោយសារ​ការ​ធ្វើ​ទា​.​រុណ​កម្ម​ទេ ។ លោក​សង្ស័យ​មន្ដ្រី​ពិនិត្យ​សាកស​.​ព​ឈឺភ្នែក ឬ​ភ្នែក​ឡើងបាយ ទើប​មើល​មិនឃើញ​ស្លាកស្នាម​ធ្វើ​ទា​.​រុណ​កម្ម ?​» ។

លោក ផែង វណ្ណៈ បាន​បន្ថែម​ថា ៖ «​សូម​អរគុណ​លោក សេង គឹ​ម​ឡាក់ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ដែល​បាន​យល់ព្រម អនុញ្ញាតិ​អោយ​មន្ដ្រី​នគរបាល​យុត្តិធម៌​ពី​ក្រសួងមហាផ្ទៃ ចុះ​ទៅ​សហការ​ស្រាវជ្រាវ​ករណី​ធ្វើ​ទា​.​រុណ​កម្ម​លើ​ជនជាតិ​ចិន​បណ្ដាល​ឲ្យ​ស្លា​.​ប់ នៅ​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២៤ នៅ​ខេត្ត​ប៉ៃលិន ។ សូម​អរគុណ ហ្វេ​ស​ប៊ុ​ក ដែល​បាន​ទម្លុះទម្លាយ​ភាព​រាំងស្ទះ​ការងារ​ស្វែងរក​យុត្តិធម៌​ជូន​ដល់​ជន​រង​គ្រោះ ។ ចង់​ផ្ដាំ​ទៅ​លោកស្នងការ​ខេត្ត​ប៉ៃលិន លោក សេង សុគន្ធ និង​លោក កែវ សុផល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន មេត្តា​ឈប់​បិទ​បាំង​ភូតភរ ឬ​ធ្វើ​តាម​បញ្ជា​ថៅកែ​កាស៊ីណូ សម័យនេះ​ហើយ លាក់​មិន​ជិត​ទេ គួរតែ​យក​តួនាទី​ភារកិច្ច ដែល​ថ្នាក់លើ​ប្រគល់​អោយ​អនុវត្តន៍​អោយ​បាន​ត្រឹមត្រូវ ដើម្បី​ការពារ​សុវត្ថិភាព​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ជូន​ដល់​ប្រជាពលរដ្ឋ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ