ខេត្តសៀមរាប ៖ ព្រះវិហារព្រះអង្គចេក ព្រះអង្គចម ជាទីសក្ការបូជារបស់ពុទ្ធបរិស័ទស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គុំ ក្រុងខេត្តសៀមរាប ។ ក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌ ទើបតែបញ្ចប់កាលពីពេល ថ្មីៗកន្លងមក មហាជនជាច្រើនបានទៅគោរពបូជានៅព្រះអង្គចេកព្រះអង្គចម ។

មហាជនមុននឹងទៅទស្សនាប្រាសាទអង្គរ បានចូលទៅគោរពបូជាភួងផ្កា ទៀន ធូប នៅព្រះវិហារព្រះអង្គចេក ព្រះអង្គចម ទីមានរូបបដិមាដែលគេជឿថាមានប្ញទ្ធិបារមីសក្តិសិទ្ធិ ។ គេបួងសួងដើម្បីបានទទួលពរជ័យពីព្រះអង្គ ឱ្យតាមបីបាច់ថែរក្សាដល់ក្រុមគ្រួសារ ញាតិមិត្ត ក៏ដូចជនរួមជាតិនៃមហាគ្រួសារខែ្មរ ជួបតែសេចក្តីសុខចម្រើន ។

តាមការបញ្ជាក់របស់ឆ្មាំនៅថែរក្សាព្រះវិហារព្រះអង្គចេក ព្រះអង្គរចម ឱ្យដឹងថា ជារៀងរាល់ថ្ងៃ ទាំងភ្ញៀវជាតិ ភ្ញៀវទេសចរដែលកាន់សាសនាព្រះពុទ្ធ បានចូលបូជាផ្កា ទៀន ធូប និងបួងសួងសុំសេចក្តីសុខចម្រើនជាប្រចាំ។

នៅថ្ងៃសីល ថ្ងៃបុណ្យចូលឆ្នាំខ្មែរ ចូលឆ្នាំចិន ភ្ជុំបិណ្ឌ និងឆ្លងឆ្នាំសាកល តែងតែមានមនុស្សម្នាពីគ្រប់មជ្ឈដ្ឋាន ទាំងភ្ញៀវជាតិ ភ្ញៀវទេសចរបរទេសចូលទៅគោរពបូជានៅព្រះអង្គចេកព្រះអង្គចម ។ អ្នកខ្លះទិញសត្វចាប ដើម្បីដោះលែងឱ្យមានសេរីភាព ប្រាថ្នារំដោះគ្រោះភ័យនៃឆ្នាំចាស់ និងទទួលពរជ័យ សិរីមង្គល ជូនដល់ក្រុមគ្រួសាររបស់ខ្លួន ។

សព្វថ្ងៃព្រះអង្គចេក ព្រះអង្គចម ជាទីតាំងសក្ការៈសម្រាប់ផ្តល់សេចក្តីសុខ ជោគវាសនា និងលាភសំណាងដល់គូស្វាមីភរិយាថ្មី និង ប្រជាពលរដ្ឋដែលមានជំនឿ ហើយចូលទៅគោរពបូជា ។
បច្ចុប្បន្នក្រុងសៀមរាប បានដាំដើមឈើរាប់ម៉ឺនដើម តាមបណ្តោយផ្លូវទាំង៣៨ខ្សែ និងផ្លូវក្នុងក្រុង ដែលធ្វើឱ្យទីក្រុងទេសចរណ៍នេះមានសភាពស្រស់ស្អាត ប្រកបទៅដោយបរិស្ថានបៃតង ៕




ចែករំលែកព័តមាននេះ