អង្គការអូតង់ទទួលស្គាល់កាលពីថ្ងៃទី១៩ មិថុនា ថា បានសម្លាប់បណ្តាជនស៊ីវិលក្នុងឱកាសនៃការវាយប្រហារតាមអាកាសមួយនៅក្រុងទ្រីប៉ូលី ហើយនិយាយពីលទ្ធភាពនៃការភ្លាំងភ្លាត់គ្រឿងសព្វាវុធដែលប្រើប្រាស់។ ក្នុងសេចក្តីប្រកាសមួយអូតង់ពន្យល់ថា បណ្តាទីតាំងយោធាជាគោលដៅនៃការវាយប្រហារតាមអាកាសកាលពីយប់ថ្ងៃទី១៨ មិថុនា នៅក្រុងទ្រីប៉ូលី ក៏ប៉ុន្តែគ្រាប់បែកហាក់ពុំត្រូវចំគោលដៅ ព្រោះមកពីការភ្លាំងភ្លាត់របស់ប្រព័ន្ធអាវុធដែលបណ្តាលឱ្យជនស៊ីវិលមួយចំនួនត្រូវស្លាប់។
អាជ្ញាធរលីប៊ីកាលពីថ្ងៃទី១៩ មិថុនា បានចោទប្រកាន់អូតង់ថា បានសម្លាប់ជនសីុវិល៩នាក់ក្នុងឱកាសនៃការវាយឆ្មក់តាមអាកាសមួយលើបណ្តាសង្កាត់នៅភាគខាងកើតក្រុងទ្រីប៉ូលី ដែលការចោទប្រកាន់នោះអាចញ៉ាំងឱ្យមានការការរារែកថ្មីៗលើបេសកកម្មរបស់ពួកសម្ព័ន្ធមិត្តនៅលីប៊ី។
ប្រតិបត្តិការរបស់អូតង់នៅលីប៊ីកាលពីថ្ងៃទី១៩ មិថុនា ឈានចូលដល់ខែទី៤ហើយ។ ឥឡូវប្រតិបត្តិការនេះមានរយៈពេល៣សប្តាហ៍
លើសយុទ្ធនាការវាយប្រហារតាមអាកាសរបស់អូតង់កាលពីរដូវផ្ការីកឆ្នាំ១៩៩៩ដើម្បីបង្ខំកងទ័ពស៊ែរប៊ីឱ្យដកថយចេញពីកូសូវ៉ូ។
ព្រឹកព្រលឹមថ្ងៃទី១៩ មិថុនា បណ្តាអ្នកកាសែតត្រូវបានបណ្តាអ្នកទទួលខុសត្រូវរបស់រដ្ឋាភិបាលលីប៊ីនាំទៅកាន់សង្កាត់ប្រជាជនរស់នៅកុះករ SOUL AL DJOURMA ក្រុងទ្រីប៉ូលី ហើយបណ្តាអ្នកកាសែតទាំងនេះបានឃើញសាកសពមនុស្សទាញយកចេញពីគំនរបាក់បែកនៃអគារមួយ។ បន្ទាប់មកអ្នកកាសែតទាំងនោះត្រូវបានគេនាំទៅកាន់មន្ទីរពេទ្យមួយ ដែលនៅទីនោះគេបានបង្ហាញសាកសពកុមារ២នាក់ និងសាកសពមនុស្សពេញវ័យ៣នាក់។
លោក ABDELATI OBEIDI រដ្ឋមន្ត្រីការបរទេសលីប៊ីរៀបរាប់ពី មនុស្សស្លាប់៩នាក់ និងរបួស១៨នាក់ ៕
ចែករំលែកព័តមាននេះ