រាជធានីភ្នំពេញ ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ១គ្រឿង ដឹកស្រូវរាប់រយបាវ ហើយបើកលឿន បានជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រ ១គ្រឿងទៀត ដែលកំពុងឈប់រង់ចាំភ្លើងស្តុប បណ្ដាលឲ្យរងការខូចខាតខ្ទេចមុខ និងកាប៊ីនយ៉ាងដំណំ។ បន្ទាប់មកម្ចាស់រថយន្តដឹកស្រូវនោះ បានយកក្បាលរថយន្តថ្មី ទៅដោះដូរ ស្រាប់តែក្រឡាច់ដូយ បណ្ដាលឲ្យក្រឡាប់កន្ទុយរ៉ឺម៉ក ចាក់បាវស្រូវចោលពេញផ្លូវតែម្ដង ប៉ុន្តែជាសំណាងល្អ ពុំបានបណ្ដាលឲ្យអ្នកបើកបរ ឬអ្នកដំណើរណាម្នាក់រងរបួសឡើយ ។
ឧប្បត្តិហេតុនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៤ នៅតាមមហាវិថីស៊ីជីនពីង (ផ្លូវក្រវ៉ាត់ក្រុងទី៣) កែងផ្លូវលេខ១០៤ ស្ថិតនៅក្នុងភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
រថយន្តខាងលើនោះម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-8124 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ដឹកស្រូវរាប់រយបាវ ដោយឡែករថយន្តកុងតឺន័រ មិនត្រូវបានចាំម៉ាក និងស្លាកលេខនោះឡើយ ។
តាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ រថយន្តកុងតឺន័រ បានធ្វើដំណើរតាមបណ្ដោយមហាវិថីស៊ីជីនពីង (ផ្លូវក្រវ៉ាត់ក្រុងទី៣) ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏បានឈប់ភ្លើងស្តុបក្រហម។ ភ្លាមៗនោះស្រាប់តែ មានរថយន្តដឹកស្រូវខាងលើ បើកបរធ្វើដំណើរក្នុងទិសដៅស្របគ្នា ក្នុងល្បឿនលឿនទៅដល់បុកពីក្រោយពេញទំហឹង ។
ប្រភពដដែល បានប្រាប់ឲ្យដឹងថា ខណៈនោះបានបណ្ដាលឲ្យរងការខូចខាតខ្ទេចមុខ និងកាប៊ីន យ៉ាងដំណំប្រើការលែងកើត បន្ទាប់មកម្ចាស់រថយន្តដឹកស្រូវនោះ បានយកក្បាលរថយន្តថ្មី ទៅដោះដូរ ស្រាប់តែក្រឡាច់ដូយ បណ្ដាលឲ្យក្រឡាប់កន្ទុយរ៉ឺម៉កចាក់បាវស្រូវ ចោលពេញផ្លូវតែម្ដង ប៉ុន្តែជាសំណាងល្អ ពុំបានបណ្ដាលឲ្យអ្នកបើកបរ ឬអ្នកដំណើរណាម្នាក់រងរបួសឡើយ ។
ប្រភពដដែលបានប្រាប់បន្ថែមទៀតថា ក្រោយកើតហេតុ អ្នកបើកបររថយន្តកុងតឺន័រ ដែលត្រូវរថយន្តដឹកស្រូវបុកពីក្រោយនោះបានចុះទៅពិនិត្យមើលរថយន្តរបស់ខ្លួនដែរ ដោយឃើញពុំមានការខូចខាតច្រើនក៏បន្តបើកទៅបាត់។ ចំណែករថយន្តដឹកស្រូវ ក៏បានឲ្យក្រុមកម្មករលើកស្រូវដាក់អែបខាង រួចស្ទួចលើកចេញពីកន្លែងកើតហេតុ ដើម្បីជួសជុលដោយខ្លួនឯង ៕
ចែករំលែកព័តមាននេះ