ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​តុលាការ ចេញ​ដីការ​បង្កក​ទ្រព្យសម្បត្តិ​លោក លី សា​ម៉េ​ត ក្រោយ​យកឈ្មោះ​សម្តេច​ទៅ​បោក​គេ

19 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​សម្រេច​ទម្លាយ​ដោយ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ធ្វើការ​ជាមួយ​តុលាការ ដើម្បី​ចេញ​ដីកា​ការពារ​ទ្រព្យសម្បត្តិ លោក…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​សម្រេច​ទម្លាយ​ដោយ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ធ្វើការ​ជាមួយ​តុលាការ ដើម្បី​ចេញ​ដីកា​ការពារ​ទ្រព្យសម្បត្តិ លោក លី សា​ម៉េ​ត (​ហៅ​គ្រូ​មា​) ដើម្បី​ទុក​សង​ដល់​អ្នក​ចាញ់បោក​។ ការ​សម្រេច​របស់​សម្តេច​តេ​ជោ បន្ទាប់​រក​ឃើញ​ថា លោក លី សា​ម៉េ​ត ដែល​មាន​ងារ​ជា​ឧ​ញ៉ា​រូប​នេះ បាន​យកឈ្មោះ​សម្តេច ទៅ​បោកប្រាស់​គេ ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​រសៀល​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២៤ សម្តេច​បាន​ទម្លាយ​យ៉ាង​ដូច្នេះ​ថា ៖ «​ដោយ​រឿង​ច្រើន​ពេក​ថ្ងៃនេះ ខ្ញុំ​សម្រេចចិត្ត​បង្ហោះ​សារ​ទាក់ទង​ដល់​លោក លី សា​ម៉េ​ត (​ហៅ​គ្រូ​មា​) ។

លោក លី សា​ម៉េ​ត តែង​ប្រើ​ឈ្មោះ​ខ្ញុំ​ដើរ​បោកប្រាស់​គេ​រហូត ថា យក​លុយ ដែល​បោកប្រាស់​បាន​យក​មក​ជូន​ខ្ញុំ​ទៀត​ផង ដោយ​ប្រាប់​គេ​ថា ខ្លួន​ចេញចូល​ផ្ទះ​ខ្ញុំ ក្នុង​ពេល​ណា​ក៏​បាន ក្នុង​ពេល ដែល លី សា​ម៉េ​ត មិនដឹង​ថា ផ្ទះ​ខ្ញុំ​បែរមុខ​ទៅ​ខាង​ណា​ផង ។

ឆ្នាំ​២០២២ លី សា​ម៉េ​ត បោក​លុយ​ឈ្មោះ សុខ ឡេ​ង ១០​លាន​ដុល្លារ ថា យក​មក​ឲ្យ​ខ្ញុំ តែ​ពេល សុខ ឡេ​ង ផ្តាំ​ឲ្យ​សួរ​ខ្ញុំ តាម​កូនចិញ្ចឹម​ខ្ញុំ ទ្រី សុខា ទើប​ខ្ញុំ​ដឹង ក៏​ទាមទារ​ពី លី សា​ម៉េ​ត ប្រគល់​ឲ្យ សុខ ឡេ​ង វិញ​ទាំងអស់ ដោយពេល​នោះ យក លី សា​ម៉េ​ត ទៅ​សួរ​ចម្លើយ និង​ប្រគល់​ទទួល​ប្រាក់ នៅ​ស្នងការ​នគរបាល​ក្រុងភ្នំពេញ ។

មុន​នេះ​ប៉ុន្មាន​ថ្ងៃ ខ្ញុំ​បាន​ប្រាប់​ទៅ លី សា​ម៉េ​ត ឲ្យ​សង​លុយ​ទៅ មួ​ង ឃី​ម ចំនួន​២៣​ម៉ឺន​ដុល្លារ ក្រោយ មួ​ង ឃី​ម បញ្ជូន​សារ​ជា​វី​ដេ​អូ មក​ខ្ញុំ អម​ដោយសារ​សំឡេង​ឆ្លង​ឆ្លើយ​គ្នា (​បាន​សង​រួច​ហើយ​) ។

ថ្ងៃនេះ ខ្ញុំ​ទទួល​វី​ដេ​អូ ពី​លោក កន សុខកាយ អភិបាលក្រុង​អ​រី​យក្ស​ត្រ ថា លី សា​ម៉េ​ត បាន​យក​ប្រាក់​ពី​គាត់ ចំនួន ៣០​ម៉ឺន​ដុល្លារ ដើម្បី​រត់ការ​បាន​តំណែង​ជា​អភិបាលក្រុង​អ​រី​យក្ស​ត្រ ។

ក្នុង​មុខ​តំណែង​ជា​រដ្ឋមន្ត្រី ៦​ឆ្នាំ ជា​នាយក​រដ្ឋមន្ត្រី ៣៨​ឆ្នាំ និង​ពេល​នេះ​ជា​ប្រធាន​ព្រឹទ្ធសភា អម​ដោយ​អំណាច ជា​ប្រមុខរដ្ឋ​ស្តីទី​ក្នុង​ពេល​អវត្តមាន​ព្រះមហាក្សត្រ ខ្ញុំ​ធ្លាប់​ចុះហត្ថលេខា តែងតាំង និង​តំ​ឡើងស័ក​មន្ត្រី​រាប់​ម៉ឺន​នាក់ ទាំង​ស៊ី​វិល និង​កងកម្លាំងប្រដាប់អាវុធ ខ្ញុំ​មិន​ដែល​ទទួលយក​អន្តរាគមន៍​ពី​អ្នក​ណា​នោះ​ឡើយ មិន​ថា តាម​ការ​ស្នើ​សុំ ឬ​តាម​សំណូក​ណាមួយ​នោះ
ឡើយ ។ ផ្ទុយ​ទៅ​វិញ មន្ត្រី​មួយ​ចំនួន ទទួល​បានការ​តែងតាំង​ហើយ ទទួល​បានការ​ជួយ​ពី​ខ្ញុំ ថែម​ទៀត ដើម្បី​ឲ្យ​ពួក​គាត់​មាន​មធ្យោបាយ​ធ្វើការ ។

ករណី លី សា​ម៉េ​ត អាច​នៅ​មាន​មនុស្ស​ច្រើន​ទៀត ដែល​ចាញ់បោក​គាត់ ក្រោម​រូបភាព​យកឈ្មោះ​ខ្ញុំ ទៅ​ប្រើ ។

ដើម្បី​ជម្រះបញ្ជី​មួយ​នេះ តាម​របៀប​ពន្លត់ភ្លើង ជា​ជាង​អង្គុយ​បក់ផ្សែង ខ្ញុំ​សូម​ស្នើ ៖
១.​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ធ្វើការ​ជាមួយ​តុលាការ ដើម្បី​ចេញ​ដីការ​ការពារ​ទ្រព្យសម្បត្តិ លី សា​ម៉េ​ត ដើម្បី​ទុក​សង​ដល់​អ្នក​ចាញ់បោក លី សា​ម៉េ​ត ។

២.​អ្នក​ចាញ់បោក លី សា​ម៉េ​ត ទាំងអស់ ដាក់​ពាក្យ​ប្តឹង ឬ​ទាមទារ​សំណង​ទៅ​កាន់​មេធាវី សម្តេច​តេ​ជោ ។

៣.​ឯកឧត្តម គី តិច រៀបចំ​មេធាវី​សម្តេច​តេ​ជោ ចាំ​ទទួល​ពាក្យបណ្តឹង និង​ធ្វើការ​សម្របសម្រួល​លើ​រឿង ដែល​អាច​សម្របសម្រួល​បាន​។ ចំពោះ​រឿង​មិន​អាច​សម្របសម្រួល​បាន ត្រូវ​ប្តឹង​ទៅ​តុលាការ ចាត់ការ​តាម​ច្បាប់ ។

៤.​ស្នើ​សុំ​សមត្ថកិច្ច​តាម​ឃ្លាំមើល លី សា​ម៉េ​ត កុំ​ឲ្យ​រត់​ចេញ​ផុត​ពី​សំណាញ់​ច្បាប់​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ