ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃអង្ករនៅអាស៊ីធ្លាក់ចុះ ខណៈឥណ្ឌាបើកឱ្យនាំចេញអង្ករស បង្កើនការប្រកួតប្រជែង

4 ម៉ោង មុន

អន្តរជាតិ ៖ តម្លៃអង្ករនាំចេញនៅអាស៊ីបានធ្លាក់ចុះខ្លាំង កាលពីសប្តាហ៍មុន បន្ទាប់ពីឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករធំបំផុតរបស់ពិភពលោក បានបន្ធូរបន្ថយការរឹតបន្តឹង ការនាំចេញអង្កររបស់ខ្លួន ដែលបង្កើនឱ្យមានការប្រកួតប្រជែងខ្លាំងក្នុងតំបន់ ដែលបង្ខំឱ្យប្រទេសនាំចេញអង្ករសំខាន់ៗផ្សេងទៀតដូចជា…

0:00
0:00

អន្តរជាតិ ៖ តម្លៃអង្ករនាំចេញនៅអាស៊ីបានធ្លាក់ចុះខ្លាំង កាលពីសប្តាហ៍មុន បន្ទាប់ពីឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករធំបំផុតរបស់ពិភពលោក បានបន្ធូរបន្ថយការរឹតបន្តឹង ការនាំចេញអង្កររបស់ខ្លួន ដែលបង្កើនឱ្យមានការប្រកួតប្រជែងខ្លាំងក្នុងតំបន់ ដែលបង្ខំឱ្យប្រទេសនាំចេញអង្ករសំខាន់ៗផ្សេងទៀតដូចជា ប៉ាគីស្ថាន ថៃ និងវៀតណាម ក៏បានកាត់បន្ថយតម្លៃអង្កររបស់ពួកគេផងដែរ។

ប្រទេសឥណ្ឌា កាលពីថ្ងៃទី២៨ ខែកញ្ញា កន្លងទៅ អនុញ្ញាតឱ្យនាំចេញអង្ករសមិនមែនបាស្មាទី ពោលត្រឹម១ថ្ងៃ បន្ទាប់ពីកាត់បន្ថយពន្ធលើការនាំចេញអង្ករចំហ៊ុយ (Parboiled Rice) ពី ២០% មកត្រឹម ១០% ។ ឈ្មួញដែលមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរីបានអះអាងថា ការសម្រេចចិត្តរបស់ឥណ្ឌាបានបង្កើនការផ្គត់ផ្គង់ភ្លាមៗ និងកំពុងផ្តល់ឱ្យអ្នកទិញនូវដង្ហើមដកថ្មីមួយ ក៏ដូចជាការគិតឡើងវិញអំពីស្ថានភាពតម្រូវការខ្ពស់ និងការផ្គត់ផ្គង់សកល។ពូជអង្ករចំហ៊ុយរបស់ឥណ្ឌានាំចេញនៅក្នុងតម្លៃចន្លោះ ៤៩៤-៤៩៨ដុល្លារក្នុងមួយតោន កាលពីសប្តាហ៍មុន ដែលជាតម្លៃទាបបំផុតចាប់តាំងពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ខណៈដែលតម្លៃនាំចេញអង្ករសមិនមែនបាស្មាទីចន្លោះពី ៤៩០-៤៩៥ដុល្លារក្នុងមួយតោន។

លោក B.V. Krishna Rao ប្រធានសមាគមអ្នកនាំចេញអង្ករឥណ្ឌាបានថ្លែងថា តម្លៃបានធ្លាក់ចុះច្រើនដោយសារការកាត់ពន្ធ។ដោយឡែក អង្ករបីកំណាត់របស់ថៃបានធ្លាក់ថ្លៃពី ៥៥០-៥៦០ដុល្លារក្នុងមួយតោន មកត្រឹម ៥១០-៥១៥ដុល្លារក្នុងមួយតោន ដែលជាតម្លៃទាបបំផុតចាប់តាំងពីខែមិថុនា ឆ្នាំ ២០២៣ ដោយសារការប្រែប្រួលនៃប្រាក់បាត ហើយស្របពេលដែលឥណ្ឌាបានលុបចោលការហាមឃាត់ការនាំចេញអង្កររបស់ខ្លួន។ ចំណែកអង្ករបីកំណាត់របស់វៀតណាមបានធ្លាក់ថ្លៃពី ៥៦៥ដុល្លារក្នុងមួយតោន មកនៅត្រឹម ៥៥២ដុល្លារក្នុងមួយតោន ដែលជាតម្លៃបានធ្លាក់ចុះទាបបំផុតក្នុងរយៈពេលជាង១ឆ្នាំ។

ពាណិជ្ជករនៅទីក្រុងបាងកក ប្រទេសថៃ លើកឡើងថា តម្លៃអង្ករធ្លាក់ចុះភ្លាមៗ ខណៈដែលអ្នកទិញរង់ចាំអ្នកនាំចេញសម្រាប់ការទម្លាក់តម្លៃ បន្ទាប់ពីឥណ្ឌាបានលុបចោលការហាមឃាត់ការនាំចេញ ដោយបន្ថែមថា តម្លៃនៅក្នុងស្រុកនៅតែមានស្ថិរភាព ជាមួយនឹងការផ្គត់ផ្គង់សកលមានកម្រិតខ្ពស់ ដែលរំពឹងទុកដោយសារកម្រិតទឹកដាំដុះល្អ។ ចំណែកពាណិជ្ជករនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ក៏បានលើកឡើងថា រឿងនេះអាចបង្កបញ្ហាប្រឈមសម្រាប់វៀតណាមក្នុងការឈានដល់គោលដៅនាំចេញអង្ករប្រមាណ៨លានតោនរបស់ខ្លួន នៅក្នុងឆ្នាំនេះ។ ទោះយ៉ាងណាក៏ដោយ បើក្រឡេកទៅតម្លៃអង្ករនៅក្នុងប្រទេសបង់ក្លាដែស នៅតែកើនឡើង ដោយសារតែទឹកជំនន់កើតឡើងថ្មីៗនេះ នៅតំបន់ភាគខាងជើងគំរាមកំហែងដល់ការបំផ្លាញផលដំណាំ៕ (ប្រភព ៖ Reuters និង បាងកកប៉ុស្តិ៍)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ