ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រស្ដេចយាងពីការចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់ កូហ្វូនីលើកទី១៩ នៅបារាំងប្រកបដោយព្រះរាជសុវត្ថិភាព

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​គង់​ប្រថាប់​យាង​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី លើក​ទី​១៩ នៅ Villers-Cotterêts និង​នៅ​ទី​ក្រុងប៉ារីស ដែល​ជា​ការ​តប​តាម​ការ សូម​យាង​របស់​ឯកឧត្តម Emmanuel…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​គង់​ប្រថាប់​យាង​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី លើក​ទី​១៩ នៅ Villers-Cotterêts និង​នៅ​ទី​ក្រុងប៉ារីស ដែល​ជា​ការ​តប​តាម​ការ សូម​យាង​របស់​ឯកឧត្តម Emmanuel Macron ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង​នោះ នា​ព្រឹក​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២៤ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​អង្គ​បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ សម្ដេច​យាង​មក​ដល់​កម្ពុជា ប្រកបដោយ​ព្រះរាជ​សុវត្ថិភាព ។

យាង និង​អញ្ជើញ​ថ្វាយ​ព្រះរាជ​ដំណើរ​នៃ​ការ​យាង​មក​ដល់​របស់​ព្រះ​អង្គ​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​មាន​វត្តមាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច​មហារដ្ឋ​សភា​ធិ​ការ ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា ព្រមទាំង​សម្ដេច​ឯកឧត្ដម លោក​ជំទាវ ជា​សមាជិក​សមាជិកា ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​មន្ត្រី​អ្នកមុខអ្នកការ​ជា​ច្រើន​រូប​ទៀត ។

ដោយឡែក ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​បារាំង​ប្រចាំ​កម្ពុជា ក៏​មាន​វត្តមាន​ក្នុង​ឱកាស​នោះ​ផង​ដែរ ។ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ចេញផ្សាយ ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០២៤ ពី​ទី​ក្រុងប៉ារីស ប្រទេស​បារាំង បានឱ្យ​ដឹង​ថា ក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី លើក​ទី​១៩ ឯកឧត្តម អេ​ម៉ា​នុយ​អែ​ល ម៉ា​ក្រុង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង បាន​ប្រកាស​ជា​ផ្លូវការ នៅ​វិមាន Grand Palais ទី​ក្រុងប៉ារីស​ថា «​ប្រទេស​កម្ពុជា គឺជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី លើក​ទី​២០ នៅ​ឆ្នាំ​២០២៦» ដោយ​មានការ​ទះដៃ​អបអរសាទរ​យ៉ាង​កងរំពង​ពី​បណ្តា​ប្រមុខរដ្ឋ និង​រដ្ឋាភិបាល ។

បន្ទាប់​ពី​ការ​ប្រកាស​មានការ​ចាក់​បញ្ចាំង​វី​ដេ​អូ ស្តី​ពី​ប្រទេស​កម្ពុជា​ដែល​បង្ហាញ​ថា កម្ពុជា​ជា​ប្រទេស​ដែល​មាន​វប្បធម៌​ជា​ច​លករ​មួយ​សម្រាប់​ការ​អភិវឌ្ឍ និង​ជា​ចំណុច​មួយ​ដែល​អតីតកាល និង​អនាគត​រួបរួម​គ្នា​ប្រកបដោយ​សុខដុមរមនា ។ ជា​កិច្ច​បន្ត​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យាង​ថ្លែង​សុន្ទរកថា​បិទ​កិច្ចប្រជុំ ដែល​ព្រះ​អង្គ មាន​ព្រះរាជ​កិត្តិយស​ទទួល​ឱ្យ​ប្រទេស​កម្ពុជា ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី លើក​ទី​២០ នៅ​ឆ្នាំ​២០២៦ ។

ក្នុង​ភាព​ស្ងៀមស្ងាត់​ដ៏​អស្ចារ្យ និង​ក្រោម​ក្រសែភ្នែក​កោត​ស​សើរ​របស់​អង្គប្រជុំ​ទាំងមូល​ព្រះករុណា ព្រះមហាក្សត្រ បាន​ថ្លែង​ព្រះរាជ​សុន្ទរកថា ដ៏​ឱឡារិក ហើយ​មាន​ព្រះរាជ​បន្ទូល​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រទេស​សមាជិក​ទាំងអស់​ដែល​បាន​គាំទ្រ​បេក្ខភាព​របស់​កម្ពុជា ។ ព្រះ​អង្គ​ក៏​បាន​គូសបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ របស់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ក្នុង​នាម​ជា​ប្រទេស​ម្ចាស់ផ្ទះ ដើម្បី​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី លើក​ទី​២០​ឱ្យ​ក្លាយជា​ឱកាស​ដ៏​ពិសេស​មួយ សម្រាប់​ការ​ចែករំលែក និង​ការ​ប្រារព្ធ​ពិធី​មួយ​ដ៏​សប្បាយ​រីករាយ ។

គួរ​រម្លឹក​ដែរ​ថា ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​អង្គ​បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ស្ដេច​យាង​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​១៩ កាលពី​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២៤ នៅ​សាធារណរដ្ឋ​បារាំង ក្រោម​មូលបទ «​ការ​បង្កើត​ថ្មី នវានុវត្តន៍ និង​សហគ្រិនភាព​ជា​ភាសា​បារាំង​» កិច្ចប្រជុំ​កំពូល​នេះ​ជា​ឱកាស​មួយ​សម្រាប់​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល ដើម្បី​ពិភាក្សា​ពី​ដំណោះស្រាយ​នៃ​បញ្ហា​ប្រឈម​នានា​ដូច​ជា ការ​បង្កើត​ការងារ​សម្រាប់​យុវជន ក្នុង​តំបន់​ប្រើប្រាស់​ភាសា​បារាំង ។

គោលបំណង​មួយ​នៃ​កិច្ចប្រជុំ​កំពូល​នេះ គឺ​ដើម្បី​បង្កើត​បរិយាកាស​ដែល​មាន​លក្ខណៈ​អំណោយផល​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដែល​គោរព​សេរីភាព​នៃ​ការ​បង្កើត​ថ្មី និង​សហគ្រិនភាព ព្រមទាំង​ធ្វើ​ឱ្យ​ពហុភាគី​និយម មាន​ភាព​រស់​រវើក​ឡើង​វិញ ដោយ​មានការ​រួមចំណែក​ពី​ស្ថាប័ន​ហ្វ្រ​ង់​កូ​ហ្វូ​ន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ