ខេត្តសៀមរាប ៖ ក្រោយពីទទួលបានព័ត៌មានថា អាជីវករនៅបារាយ៍ទឹកថ្លាមានបញ្ហារឿងដណ្តើមម៉ូយនឹងគ្នានោះ ត្រូវបានឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានចាត់តាំងឱ្យលោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត ចុះដឹកនាំប្រជុំណែនាំដល់បងប្អូនអាជីវករលក់ដូរក្នុងភូមិសាស្ត្របារាយណ៍ទឹកថ្លា ស្ថិតក្នុងសង្កាត់ទឹកវិល ខេត្តសៀមរាប កាលពីថ្ងៃទី០៤ ខែ តុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោកប្រធានស្តីទី មន្ទីរទេសចរណ៍ខេត្តសៀមរាប លោកចៅសង្កាត់ទឹកវិល លោកនាយបុស្តិ៍រដ្ឋបាល សង្កាត់ទឹកវិល មន្ត្រីនគរបាលការពារបេតិកភណ្ឌ មន្ត្រីអាជ្ញាធរជាតិអប្សរា និងមានការចូលរួមពីបងអាជីវករសរុបប្រមាណ៣០រូប។
បន្ទាប់ពីពិភាក្សាគ្នារួច អង្គប្រជុំបានធ្វើការណែនាំដល់បងប្អូនអាជីវករដូចខាងក្រោម ៖ ១- បញ្ឈប់នូវរាល់សកម្ម ភាពសួរនាំភ្ញៀវពាក់ព័ន្ធនឹងប្រភេទមធ្យោបាយធ្វើដំណើររបស់ភ្ញៀវ ។ ២- អាជីវករគ្រប់រូបត្រូវបញ្ឈប់នូវរាល់សកម្មភាពដើរហៅភ្ញៀវមិនរៀបរយនៅតាមផ្លូវ ការចូលតូបណាមួយជាជម្រើសរបស់ភ្ញៀវ ។ ៣- បញ្ឈប់សកម្មភាពកាក់សួរនាំភ្ញៀវនៅលើចំណុចចំណោតឡើង លើខ្នងបារាយណ៍ ដែលជាសកម្មភាពអាចបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយដល់ភ្ញៀវទេសចរ ។ ៤- ត្រូវពង្រឹងបន្ថែមនូវសេវាកម្មរបស់ខ្លួនពាក់ព័ន្ធនឹងការរៀប ចំអនាម័យនៅកន្លែងអង្គុយបរិភោគអា ហារនិងពិសេសត្រូវពង្រឹងគុណភាព រស ជាតិ និងអនាម័យម្ហូបអាហាររបស់ខ្លួន។
៥-ក្រោយពីបានស្តាប់ការពន្យល់ណែនាំរួចមក បងប្អូនអាជីវករ ប្តេជ្ញា នឹងចូលរួមតាមការណែនាំរបស់រដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីចូលរួមកែលំអរសេវាកម្មទទួលភ្ញៀវនៅតំបន់បារាយណ៍ទឹកថ្លាឱ្យកាន់តែមានភាពល្អប្រសើរ និងទទួលបានការពេញចិត្តពីភ្ញៀវទេសចរ។ ក្នុងនាមអាជ្ញាធរខត្ត ក៏ស្នើដល់បងប្អូនអាជីវករទាំងអស់ត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលកើតមានឡើង ដើម្បីរួមគ្នាលើកស្ទួយវិស័យទេចរណ៍។
រដ្ឋបាលខេត្តសូមថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ក៏ដូចជា អាជីវករដែលបានផ្តល់ព័ត៌ មានអំពីបញ្ហាដែលកើតឡើងនៅតំបន់ទេសចរណ៍បាយរាយទឹកថ្លានេះ និង តែងតែជ្រើសរើសយកខេត្តសៀមរាប ជាគោលដៅទេសចរណ៍ និងដំណើរកំសាន្តរបស់ខ្លួន ៕
ចែករំលែកព័តមាននេះ