រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី២១ តុលា សាលាដំបូងរាជធានី បានបើកសវនាការកាត់ទោសរឿងក្តីជនកំហូចនេត ខៃ ដែលជាប់ចោទក្នុងអំពើផលិតរូបភាពអាសអាភាសលើកុមារ។ អង្គសវនាការ មានលោកឌិន ស៊ីវុទ្ធី ជាប្រធានក្រុមប្រឹក្សា លោកសួន សំណាង និងលោកស្រីសែម សក្តិកូឡា ចៅក្រមអមតំណាងអយ្យការ មានលោកប្លង់ សុផល ព្រះរាជអាជ្ញារងដើមបណ្តឹងក្នុងរឿងនេះ។ សវនាការបានធ្វើឡើងចំពោះមុខជនកំហូចនេត ខៃ និងមេធាវីការពារក្តី ក្នុងនោះក៏មានជនរងគ្រោះ២នាក់សុទ្ធតែជាអនីតិជនបានចូលរួមផងដែរ។
សវនាការត្រូវបានប្រធានក្រុមប្រឹក្សាលោកស្រីចៅក្រម ព្រមទាំងព្រះរាជអាជ្ញាសួរដេញដោលតាមនីតិវិធី ប៉ុន្តែសវនាការនេះធ្វើឡើងជាអសាធារណៈ មានន័យថា ចំពោះមុខតែជនដែលត្រូវចោទនិងជនរងគ្រោះ។ សវនាការបានសួរដេញដោលអស់រយៈពេលជាង១ម៉ោងប្រធានក្រុមប្រឹក្សាបានសំរាកដើម្បីពិចារណាសំរេចផ្តន្ទាទោស។ បន្ទាប់ពីសំរាករួចមក សវនាការបានប្រកាសសាលក្រមតែម្តង ក្នុងនោះមាន២សំណុំរឿង។ សំណុំរឿង១ផ្តន្ទាទោស៨ឆ្នាំ ៦ខែ សងជំងឺចិត្តជនរងគ្រោះ៥០លានរៀល និងសំណុំរឿង១ទៀតផ្តន្ទាទោស ៨ឆ្នាំ ៦ខែ សងជំងឺចិត្តជនរងគ្រោះ៥០លានដូចគ្នា តាមច្បាប់ស្តីអំពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ត្រង់មាត្រា៤១ ដែលច្បាប់នេះតំរូវដាក់គុកពី៥ឆ្នាំទៅ១០ឆ្នាំ។ សាលក្រមបានប្រកាសចំពោះមុខជនជាប់ចោទ ក៏ដូចជាជនរងគ្រោះហើយបើមិនសុខចិត្តក្នុងការកាត់ក្តីនេះ បើកផ្លូវប្តឹងទៅសាលាឧទ្ធរណ៍ដោយទុកពេល៣០ថ្ងៃ។
គួររំលឹកថា ជនរងគ្រោះដោយសារទឹកមន្ដរបស់ជនកំហូចឈ្មោះនេត ខៃ បើតាមប្រភពព័ត៌មានមុននេះថា មានស្ដ្រីភេទជាង ៦០០នាក់បានរងគ្រោះ តែមានបណ្ដឹង៣នាក់ប៉ុណ្ណោះតែករណីទី១ បានកាត់ក្ដីរួចហើយនិង លើកនេះ២នាក់ទៀតដែលសុទ្ធតែជាអនីតិជន បានមកដាក់ពាក្យបណ្ដឹងបន្ថែមលើជននោះ ខណៈកំពុងជាប់ឃុំរួចជាស្រេចទៅហើយនៅក្នុងពន្ធនាគារព្រៃស។ ជនរងគ្រោះទាំង៣នាក់ ដែលមកដាក់ពាក្យប្ដឹងតាមផ្លូវច្បាប់នេះ គឺជាគំរូមួយដើម្បីឱ្យជនរងគ្រោះទាំងអស់នាំគ្នាដាក់បន្ទុកលើជនកំហូច ហើយមន្ដ្រីតុលាការរំពឹងថា នឹងមានអ្នករងគ្រោះដទៃទៀតមកដាក់ពាក្យបណ្ដឹងបន្ដទៀតដែរ។ តាមប្រភពព័ត៌មានថា អ្នករងគ្រោះដោយការលួចថតមានចំនួនជាង៦០០នាក់ ដោយជនឈ្មោះនេត ខៃ ប្រើល្បិចឱ្យចូលក្នុងបន្ទប់ទឹកដោះសំលៀកបំពាក់នៅខ្លួនននលគកដែលធ្វើឱ្យប៉ះពាល់ដល់កិត្ដិយសស្ដ្រីខ្មែរយ៉ាងធ្ងន់ធ្ងរបំផុត។
មន្ដ្រីតុលាការនិយាយថា បណ្ដឹងជនរងគ្រោះជាអនីតិជននេះគ្រប់គ្រាន់ពេកទៅហើយ សំរាប់តុលាការផ្ដន្ទាទោសទៅលើជនកំហូចនេត ខៃ ព្រោះជនរងគ្រោះជាអនីតិជន គឺបើជនរង គ្រោះជាអនីតិជន តាមច្បាប់ពាក់ព័ន្ធនឹងការ ផលិត និងចែកចាយរូបអាសអាភាសក្នុងកថា ខណ្ឌទី១ ទី២ មាត្រា៤១ តំរូវផ្ដន្ទាទោសលើជន ជាប់ចោទពី៥ឆ្នាំទៅ១០ឆ្នាំ ឬពី១០ឆ្នាំទៅ២០ឆ្នាំ។ នេត ខៃ ត្រូវបានតុលាការចេញដីកាឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស តាំងពីថ្ងៃ ទី២៩ មិថុនា ដើម្បីរង់ចាំការបើកសវនាការ វិនិច្ឆ័យទោសជាផ្លូវការ។ តាមប្រភពច្បាស់ការណ៍នៅសាលាដំបូងរាជធានី តំណាងអយ្យការ គឺលោកឯក ឆេងហួត ព្រះរាជអាជ្ញារងបានធ្វើការឆែកឆេរ និងរកឃើញរូបភាពស្ដ្រី អាក្រាតកាយក្នុងម៉េម៉ូរីកុំព្យូទ័រជនកំហូចឈ្មោះ នេត ខៃ នេះមានចំនួន ៦២៧នាក់ ដែលបានទៅងូតទឹកមន្ដក្នុងបន្ទប់។
បន្ទាប់ពីបានរកឃើញរូបភាពស្ដ្រីស្រាតក្នុងបន្ទប់ទឹកមន្ដនៅក្នុងកុំព្យូទ័ររបស់ជនកំហូចនេះហើយលោកឯក ឆេងហួត ក៏បានចោទប្រកាន់លើឈ្មោះនេត ខៃ ជាផ្លូវការពីបទផលិត និងចែកចាយរូបភាពអាសអាភាស។
តាមមាត្រា៣៩ កថាខណ្ឌទី៣ បានបញ្ជាក់ យ៉ាងច្បាស់ថា រូបភាពនិងសំភារអាសអាភាស មានន័យថា ជាសំភារដែលអាចមើលឃើញនឹងភ្នែកដូចជារូបថត ខ្សែវីដេអូ រួមទាំងសំភារ អេឡិចត្រូនិកដែលពិពណ៌នាអំពីកេរិ៍្ដភេទ ឬ រូបភាពអាសអាភាសប្រហាក់ប្រហែលផ្សេង ទៀតធ្វើឱ្យរំភើប ឬរំជួលដល់ចំណុចផ្លូវភេទ។
បើពិនិត្យទៅលើអង្គច្បាប់ឃើញថា អ្នកប្រព្រឹត្ដបទល្មើសដូចជនកំហូច នេត ខៃ នេះហាក់ដូច ជាមានទោសស្រាលពេកណាស់ ប៉ុន្ដែទោះជាយ៉ាងណាការស៊ើបអង្កេតរបស់តុលាការពិតជា រកបន្ទុកដាក់បន្ថែមទៀត ដើម្បីរកយុត្ដិធម៌ឱ្យ អ្នកដែលត្រូវរងគ្រោះដោយសារជនឈ្មោះនេត ខៃ ដែលយកកិត្ដិយសស្ដ្រីភេទលេងសើចបែប នេះជាកំហុសឆ្គងធ្ងន់ធ្ងរជាងអ្នកបញ្ចូលរូប អាសអាភាសនៅតាមចិញ្ចើមផ្លូវទៅទៀត ព្រោះ ទី១-បានធ្វើឱ្យប៉ះពាល់ទៅដល់កិត្ដិយស នៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ទី២-បានធ្វើឱ្យពិធីការតាមបែបសាសនានានា មានការប៉ះពាល់ ទី៣-គឺភាពអាក្រាតរបស់នារី ភេទដែលធ្វើឱ្យមានភាពអាម៉ាស់ប៉ះពាល់ដល់ កិត្ដិយសស្ដ្រីភេទយ៉ាងធ្ងន់ធ្ងរ។ តាមការសារភាពថាការថតនេះគឺធ្វើ ដោយខ្លួនឯង ខណៈនារីមករកទឹកមន្ដទាំងនោះ ចូលបន្ទប់ងូតទឹកនេត ខៃ ដែលមានបន្ទប់ ជាប់គ្នាក៏បានទៅលួចថត រីឯការបែកធ្លាយ នេះគឺសិស្សសាលាបានបាញ់ប្លូធូទៅមិត្ដភក្ដិពួកគេទើបបញ្ជូនចេញតៗគ្នា៕
ចែករំលែកព័តមាននេះ