ក្បាលហុងទឹកឆាជាប់ចំណាត់ថ្នាក់លេខ១មានភ្ញៀវទេសចរមកលេងច្រើនជាងគេ ក្នុងឱកាសបុណ្យភ្ជុំ
- កំពង់ចាម
ខេត្តកំពង់ចាម ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌមនុស្សក្មេងចាស់ប្រុសស្រី បានធ្វើដំណើរមកពីគ្រប់ទិសទី បានលំហែកាយតាមរមណីយដ្ឋាននានាចំនួន១១កន្លែងក្នុងខេត្តកំពង់ចាមគឺមានចំនួនច្រើនគួរឱ្យកត់សម្គាល់។ក្នុងនោះមានរមណីយដ្ឋានក្បាលហុងទឹកឆានៅស្រុកព្រៃឈរ ដែលបានទាក់ទាញមនុស្សមកលេងច្រើនជាងគេ ហើយបញ្ហាសន្តិសុខនិងសណ្ដាប់ធ្នាប់វិញក៏ធានាបានល្អប្រសើរផងដែរ។

លោកស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ខេត្តមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី៣តុលា ឆ្នាំ ២០២៤ថា: នៅក្នុងកិច្ចប្រជុំសាលាខេត្តឯកឧត្តមអ៊ុនចាន់ដា អភិបាលខេត្ត បានប្រជុំពង្រឹងសន្តិសុខនិងសណ្ដាប់ធ្នាប់ដល់កងកម្លាំងនគរបាល ទាហាន និងអាវុធហត្ថ ត្រូវពង្រាយតាមគោលដៅទេសចរណ៍នានាធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋ មកកំសាន្តលេងតាមរមណីយដ្ឋានក្នុងនោះមានដូចជាក្បាលហុងទឹកឆា ភ្នំប្រុសភ្នំស្រី ប្រាសាទនគរបាជ័យ ភ្នំហាន់ជ័យ ព្រមទាំងតំបន់មួយចំនួនទៀត ធ្វើយ៉ាងណាឱ្យពួកគាត់មានសុវត្ថិភាពទាំងមកនិងការវិលត្រឡប់ទៅផ្ទះវិញ។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តមានប្រសាសន៍បន្តថា ក្នុងរយៈពេលពីរថ្ងៃគឺបិណ្ឌទី១៤និងថ្ងៃភ្ជុំបិណ្ឌគឺមនុស្សម្នាក្មេងចាស់ប្រុសស្រីបានធ្វើដំណើរតាមម៉ូតូ រថយន្តមកលេងរមណីយដ្ឋានក្បាលហុងទឹកឆាស្ថិតនៅក្នុងស្រុកព្រៃឈរគឺមានរហូតដល់រាប់ម៉ឺននាក់ឯណោះ។ និយាយរួមក្បាលហុងទឹកឆា ត្រូវបានចាត់ទុកជារមណីយដ្ឋានគំរូលេខមួយក្នុងខេត្តកំពង់ចាម ដែលមនុស្សមកលេងកំសាន្តច្រើនជាងគេ។

បន្ទាប់មកមានភ្នំហាន់ជ័យ ភ្នំប្រុសភ្នំស្រីប្រាសាទនគរបាជ័យក្នុងស្រុកកំពង់សៀម សម្រាប់គោលដៅទេសចរណ៍ទាំងអស់ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ព្រមទាំងប្រជាការពារជួយរក្សាពង្រឹងសន្តិសុខនិងសណ្ដាប់ធ្នាប់បានល្អតាមការណែនាំពីសំណាក់ឯកឧត្តមអភិបាលខេត្ត។
សូមបញ្ជាក់ថារមណីយដ្ឋានក្បាលហុងទឹកឆា ត្រូវបានវិនិយោគទុនឲ្យឯកជនជាមួយនោះការយកតម្លៃលើមុខម្ហូបអាហារគឺត្រូវបានកំណត់ក្នុងសៀវភៅបន្ទុក ដោយមិនអនុញ្ញាតឱ្យយកតម្លៃលើសពីហ្នឹងនោះទេ។ហើយភ្ញៀវដែលមកកំសាន្តលេងនៅក្បាលហុងទឹកឆា គឺពលរដ្ឋម្នាក់ៗមានការយល់ដឹងច្រើនក្រោយពីទទួលទានអាហារគឺបានប្រមូលសំរាមទុកដាក់ត្រឹមត្រូវក្នុងធុងសំរាមត្រឹមត្រូវ ទាំងនេះបង្ហាញឲ្យឃើញថាពលរដ្ឋស្រឡាញ់បរិស្ថានស្អាត។
តាំងពីវេនដាក់បិណ្ឌមួយរហូតដល់ថ្ងៃភ្ជុំបិណ្ឌ គឺមិនមានពលរដ្ឋណាម្នាក់ប្ដឹងមកមន្ទីរទេសចរណ៍ខេត្តរឿងតម្លៃម្ហូបអាហារនោះទេ។បានន័យថាតាមរមណីយដ្ឋាននីមួយៗ គឺអនុវត្តតាមការណែនាំរបស់មន្ទីរទេសចរណ៍ខេត្ត។ បើតាមតួលេខដែលទទួលបានក្នុងរយៈពេលពីថ្ងៃនេះភ្ញៀវមកលេងតាមរមណីយដ្ឋាននានាក្នុងខេត្តកំពង់ចាមមានរហូតដល់ជាង៦ម៉ឺននាក់ បើប្រៀបធៀបទៅឆ្នាំ២០២៣កន្លងទៅឆ្នាំនេះគឺមានការកើនឡើងជាង។

ចំណែកលោកយាយសយ អាយុ៧៦ឆ្នាំអ្នករស់នៅភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរវិញមានប្រសាសន៍ឲ្យដឹងដែរថា គាត់ត្រូវបានកូនឌុបតាមម៉ូតូមានចម្ងាយប្រមាណប្រាំគីឡូម៉ែត្រ មកកាន់រមណីយដ្ឋានក្បាលហុងទឹកឆា ដើម្បីធ្វើកម្រងផ្កាសម្រាប់លក់ឲ្យភ្ញៀវដែលមកលេងក្នុងនោះកម្រងផ្កាពាក់នៅលើក្បាលលក់បានមួយតម្លៃ៤០០០រៀល។ចំពោះលុយដែលលក់បានគឺគាត់សម្រាប់ចាយវាយដោះស្រាយជីវភាពគ្រួសារនិងមួយផ្នែកទៀតសម្រាប់យកធ្វើបុណ្យនៅឯវត្ត។ លោកយាយលើកឡើងថាកាលពីគាត់នៅវ័យកុមារក្បាលហុងនេះ មានប្រភពទឹកចេញមកពីក្នុងដីគឺច្រើនជាងសព្វថ្ងៃនេះទៅទៀតព្រោះគ្រានោះសម្បូរទៅដោយធនធានធម្មជាតិព្រៃឈើ ៕












































ចែករំលែកព័តមាននេះ