ខេត្តកណ្ដាល ៖ ឯកឧត្ដម គួច ចំរើន អភិបាលនៃគណអភិបាលខេត្តកណ្តាលបានផ្ញើរសាជាសំឡេង នៅក្នុងបណ្តាញឆាណែលតេឡេក្រាមផ្ទាល់ខ្លួន របស់លោកនារសៀលថ្ងៃទី០១ ខែតុលានេះថា ដោយពិនិត្យទៅលើស្ថានភាពការរងគ្រោះនៃការលង់ទឹក បណ្តាលឱ្យស្លា.ប់ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ យើងខ្ញុំសុំធ្វើការអំពាវនាវដល់លោកឪពុក អ្នកម្តាយ អាណាព្យាបាល ដែលមានកូនតូច ឬយុវ័យរបស់យើងដែលមានទីលំនៅតាមមាត់ទឹកមាត់ព្រែកទាំងឡាយសុំបង្កើនការយកចិត្តទុកដាក់ ព្រោះក្នុងរយៈពេល៣ថ្ងៃកន្លងទៅនេះ សង្កេតឃើញថា មានកូនចៅ ប្រជាពលរដ្ឋរបស់យើងបានលង់ទឹក បណ្តាលឲ្យស្លា.ប់ចំនួន៧នាក់រួចមកហើយ បណ្ដាលមកពីរអិលធ្លាក់ចូលក្នុងព្រែក ប្រឡាយដែលមានទឹកហូរខ្លាំង ខ្លះដើរកម្សាន្តលើទឹក បណ្តាលឲ្យធ្លាក់ចូលទឹក បណ្ដាលឱ្យលង់ស្លា.ប់ ។
ឯកឧត្តមបន្តថា ផ្អែកទៅលើស្ថានភាពបែបនេះជាគ្រោះថ្នាក់ដែលបានឆក់យកអាយុជីវិតកូនចៅរបស់បងប្អូនប្រជាពលរដ្ឋយើងភ្លាមៗដូច្នេះដើម្បីបញ្ចៀសគ្រោះថ្នាក់បែបនេះ សូមឱ្យលោកឪពុកអ្នកម្តាយអាណាព្យាបាលក៏ដូចជាអាជ្ញាធរ គ្រប់លំដាប់ថ្នាក់បន្តខិតខំយកចិត្តទុកដាក់ អប់រំណែនាំដាស់តឿនទៅដល់កូនៗចៅៗ និងត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការមើលថែកូនចៅតូចៗ ជាពិសេសបងប្អូនដែលរស់នៅលើទឹកដែលកំពុងតែជន់លិចនេះសុំ ឱ្យយកចិត្តទុកដាក់ខ្ពស់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ ពិសេសសុំប្រុងប្រយ័ត្ន និងជៀសឱ្យផុតពីគ្រោះថ្នាក់នេះ ព្រមទាំងសូមជូនពរឱ្យបងប្អូនយើងសុខសប្បាយក្នុងឱកាសបុណ្យភ្ជុំបិណ្យនេះទាំងអស់គ្នា ៕
ចែករំលែកព័តមាននេះ