ខេត្តសៀមរាប ៖ អ្នកដំណើរពីភ្នំពេញ មកកាន់ខេត្តសៀមរាប តាមរយៈរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ ដែលរៀបចំដោយរាជរដ្ឋាភិបាល ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ បានមកដល់ ចំណតនៅមណ្ឌលរដ្ឋបាលមន្ទីររបស់ខេត្តសៀមរាបជាបន្តបន្ទាប់ហើយ កាលពីរសៀលថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០២៤ ។
បើតាមការឱ្យដឹងពីស្ត្រីឈ្មោះ នី ចាន់មាន ដែលមានស្រុកកំណើតនៅសង្កាត់ក្របីរៀល ក្រុងបានលើកឡើងថា គ្រួសារអ្នកស្រីធ្លាប់បានទទួលសេវារថយន្តក្រុងដោយឥតគិតថ្លៃនេះជាច្រើនលើកមកហើយតាំងពីរាជរដ្ឋាភិបាលប្រកាសឱ្យផ្តល់រថយន្តក្រុងដឹកពលរដ្ឋ ដោយមិនតម្រូវឱ្យបង់ថ្លៃជាលើកដំបូង។
អ្នកស្រីប្រាប់ពីបទពិសោធន៍ជិះរថយន្តក្រុងសាធារណៈកន្លងមក គឺមានភាពងាយស្រួល មិនចង្អៀត មិនធុញថប់ ហើយមានសុវត្ថិភាពទៀត។ ជាពិសេស អាចកាត់បន្ថយការចំណាយបានច្រើន ខណៈកាលមិនទាន់មានសេវារថយន្តក្រុងសាធារណៈនេះ អ្នកស្រីត្រូវចំណាយថវិកា ២០ម៉ឺនរៀលជាមួយស្វាមី ដើម្បីធ្វើដំណើរមកកាន់ស្រុកកំណើតវិញ។
សម្រាប់ពលរដ្ឋផ្សេងទៀតដែលជិះរថយន្តក្រុងនេះដែលអ្នកខ្លះជាអ្នកសៀមរាប ហើយអ្នកខ្លះអ្នកភ្នំពេញ មកលេងសៀមរាប ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋដោយផ្តល់ជារថយន្តក្រុងដឹកពលរដ្ឋទៅលេងស្រុកកំណើតជួបជុំគ្រួសារ និងបានធ្វើដំណើរមកលេងខេត្តសៀមរាប ដោយអស់ប្រាក់លើការចំណាយថ្លៃធ្វើដំណើរបន្តិចបន្តួច។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាបបានបង្ហាញថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិត និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើ ដំណើរទៅលេងស្រុកកំណើតជួបជុំបង ប្អូន ក្រុមគ្រួសារពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់ទៅរាជធានីភ្នំពេញ រយៈពេល០៦ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា រហូតដល់ថ្ងៃទី០៤ ខែ តុលា ឆ្នាំ២០២៤ ដោយឥតបង់ថ្លៃសម្រាប់ការធ្វើដំណើរតាមរថយន្តក្រុង (City Bus) រដ្ឋបាលរាជធានីភ្នំពេញ។
ជាមួយគ្នានេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ តាមរថយន្តក្រុង (City Bus) រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្ត ចំនួន១៣៥គ្រឿង សម្រាប់បម្រើដល់ការដឹកជញ្ជូនពីរាជធានីភ្នំពេញ មក កាន់ខេត្តសៀមរាប និង ការដឹកជញ្ជូនពីខេត្តសៀមរាបត្រឡប់ទៅរាជធានីភ្នំពេញវិញ តាមពេលវេលា និងទីតាំងចំណតដូច ជា៖ ១. ចេញដំណើរពីរាជធានីភ្នំពេញមកខេត្តសៀមរាប ទីតាំងចំណតដីឡូតិ៍តំបន់ OCICជ្រោយចង្វារ (រង្វង់មូលទេពមច្ឆា) រៀងរាល់ម៉ោង០៦៖៣០នាទីព្រឹក (ចេញជាបន្តបន្ទាប់រហូតអស់រថយន្ត) ចាប់ពីថ្ងៃទី២៩ខែកញ្ញា ដល់ថ្ងៃទី០៣ខែតុលា ឆ្នាំ ២០២៤ មកទីតាំងចំណតមណ្ឌលរដ្ឋបាលមន្ទីរ ខេត្តសៀមរាប វិថីសម្តេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ)។ ២. ចេញដំណើរពីខេត្តសៀមរាប ទៅរាជធានីភ្នំពេញ តាមពេលវេលា និងទីកន្លែងដូចជា៖ -នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៤ ចេញដំណើរនៅវេលាម៉ោង ១៤៖៣០ នាទីរសៀល។
ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ចេញដំណើររៀងរាល់ម៉ោង៦៖៣០ នាទីព្រឹក (ចេញដំណើរជាបន្តបន្ទាប់រហូតអស់រថយន្ត) ចេញដំណើរពីទីតាំងមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប វិថីសម្តេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ) ទៅទីតាំងចំណតដីឡូតិ៍តំបន់ OCIC ជ្រោយចង្វារ (រង្វង់មូលទេពមច្ឆា)។ ហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ធ្វើ ដំណើរ តាមរថយន្ត របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុង (City Bus) រដ្ឋបាលរាជធានីភ្នំពេញ ប្រកប ដោយសុវត្ថិភាព ៕
ចែករំលែកព័តមាននេះ