រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋបាននាំគ្នាសម្រុកចាកចេញពីរាជធានីភ្នំពេញដើម្បីទៅស្រុកកំណើតជួបជុំសាច់ញាតិ បងប្អូនបណ្តើរៗហើយ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះបន្ទាប់ពីឈប់សម្រាកពីការងារ។

តាមព័ត៌មានឲ្យដឹងថា ចាប់តាំងពីវេលាល្ងាចថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២៤នេះ ក្រុមហ៊ុន រោងចក្រ សហគ្រាសមួយចំនួនបានឈប់សម្រាកបណ្ដើរៗហើយដែលរោងចក្រ សហគ្រាសខ្លះបានឈប់សម្រាក រយៈពេលមួយសប្តាហ៍ខុសពីមន្ត្រីរាជការឈប់សម្រាកតែបីថ្ងៃប៉ុណ្ណោះ។ទន្ទឹមនឹងនោះប្រជាពលរដ្ឋមួយចំនួនដែលឈប់សម្រាកពីការងារមុនគេក៍បានរៀបចំអីវ៉ាន់ចាកចេញពីរាជធានីភ្នំពេញទៅស្រុកកំណើតតាមបណ្ដាខេត្តនានាបណ្តើរ។

តាមព័ត៌មានឲ្យដឹងទៀតថានៅវេលាព្រឹកព្រលឹមស្រាងៗថ្ងៃទី ២៩ខែកញ្ញាឆ្នាំ ២០២៤នេះប្រជាពលរដ្ឋដែលបានឈប់សម្រាកមុនគេបានភ្ញាក់ពីព្រលឹមធ្វើដំណើរចាកចេញពីរាជធានីទៅស្រុកកំណើតបណ្ដាលអោយតាមដងផ្លូវមួយចំនួនបានកកស្ទះ។នៅព្រឹកនោះដែរនៅតាមមហាវិថីឈ្នះឈ្នះត្រង់ស្ពានអាកាសច្រកចូលផ្លូវល្បឿនលឿនក្នុងសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យគេ សង្កេតឃើញមានយានយន្តរបស់ប្រជាពលរដ្ឋបានធ្វើដំណើរចេញពីរាជធានីភ្នំពេញ
ទៅតាមបណ្ដាខេត្តបណ្ដើរៗយ៉ាងច្រើនកុះករដើម្បីត្រៀមជួបជុំបងប្អូនរៀបចំម្ហូបអាហារ ភេសជ្ជៈ នំ ផ្លែឈើ ទុកជូនឪពុក ម្ដាយបងប្អូនចាស់ព្រឹទ្ធាចារ្យនិងរៀបចំបាយសម្លរទៅវត្តសែនព្រេនដូនតានៅក្នុងថ្ងៃបុណ្យភ្ជុំធំខាងមុខនេះ។

គួរបញ្ជាក់ថាបុណ្យភ្ជុំបិណ្ឌ ប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធធ្វើឡើងជារៀងរល់ឆ្នាំចាប់ពីថ្ងៃទី១ រោច ដល់ ១៥រោច ខែភទ្របទមាន រយៈពេល១៥ថៃ្ង ក្នុងនោះ១៤ថ្ងៃហៅ“បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ” ។ចំណែកថ្ងៃ១៥រោច ដែលជាថ្ងៃចុងក្រោយនោះគឺថ្ងៃភ្ជុំធំ ។ នៅឆ្នាំនេះបុណ្យភ្ជុំបិណ្ឌចាប់ផ្តើមត្រូវថ្ងៃទី១៨ខែកញ្ញាហើយថ្ងៃចុងក្រោយថ្ងៃភ្ជុំធំត្រូវថ្ងៃទី២ខែតុលាឆ្នាំ២០២៤។បុណ្យនេះពុទ្ធបរិស័ទបានមកជួបជុំបងប្អូនដើម្បីរៀបចំសែនព្រេនរំលឹកដល់ជីដូនជីជីតា ឪពុកម្តាយនិងញាតិការទាំង៧សន្តានដែលបានចែកឋានទៅកាន់លោកខាងមុខដើម្បីសុំសេចក្តីសុខ ៕






ចែករំលែកព័តមាននេះ