រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើរាជរដ្ឋាភិបាលបង្កើតគ្រុប CoolApp របស់រាជរដ្ឋាភិបាល របស់ស្ថាបន័ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ។
យោងតាមបណ្តាញសង្គមរបស់សម្តេចតេជោ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ បានលើកឡើងថា ប៉ុន្មានខែមកនេះ តេឡេក្រាម (Telegram) របស់ខ្ញុំទទួលសារបាន តែមិនអាចបញ្ជូនសារចេញបាន ទាំងអក្សរ ទាំងសារសំឡេង ប្រសិនជាចេញបាន ក៏ត្រូវរង់ចាំ ដែលធ្វើឲ្យអ្នកផ្ញើសារមកខ្ញុំ តាមតេឡេក្រាម មិនបានឆ្លើយតបពីខ្ញុំ ឬត្រូវឆ្លើយយឺត ។
សម្តេចតេជោ ក៏បានអំពាវនាវថា ៖ ខ្ញុំសូមបងប្អូន ដែលមានទំនាក់ជាមួយខ្ញុំ ងាកមកប្រើតាម WhatsApp ពិសេសតាម CoolApp ដែលជារបស់ខ្មែរ ។
សម្តេចបន្ថែមថា ដោយសារមានព័ត៌មានជាច្រើន បានផ្សាយពីការបែកធ្លាយទិន្នន័យបុគ្គលតាម Telegram នៅតាមប្រទេសមួយចំនួនបានធ្វើឲ្យខ្ញុំ ព្រួយបារម្មណ៍ពីសន្តិសុខជាតិ និងសុវត្តិភាពព័ត៌មានផ្ទាល់ខ្លួនរបស់ប្រជាជនយើងម្នាក់ៗ ។
សម្តេចតេជោ បានបញ្ជាក់ថា ៖ «ដោយកង្វល់ពីបញ្ហាដូចបានលើកឡើងខាងលើ ខ្ញុំស្នើរាជរដ្ឋាភិបាលបង្កើតគ្រុប CoolApp របស់រាជរដ្ឋាភិបាល របស់ស្ថាបន័ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជំនួសឲ្យ Telegram» ។
ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានស្នើឱ្យស្ថាប័នផ្សេងទៀត ដូចជា ៖ ព្រឹទ្ធសភា រដ្ឋសភា តុលាការ ក៏គួររៀបចំគ្រុប CoolApp ផងដែរ។ មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងប្រជាជន ដែលប្រើស្មាតហ្វូន ក៏គប្បីបង្កើត CoolApp ដើម្បីប្រើតាមការស្ម័គ្រចិត្ត ។
សម្តេចគូសបញ្ជាក់ថា ៖ “នេះមិនមែនជាការបង្ខិតបង្ខំឲ្យប្រើប្រាស់ CoolApp ទេ តែជាការដាស់តឿនសម្រាប់ធានាដល់សន្តិសុខជាតិ និងសន្តិសុខផ្ទាល់ខ្លួន អាស្រ័យដោយ CoolApp ជារបស់ខ្មែរ ក្នុងដែនសុវត្ថិភាពរបស់កម្ពុជា និងម្យ៉ាងទៀត CoolApp ក៏ប្រើប្រាស់បាននៅទូទាំងពិភពលោក ដូចប្រព័ន្ធដទៃទៀតដែរ ខុសគ្នាត្រង់ CoolApp មិនអាចឲ្យបរទេសចូលយកទិន្នន័យរបស់រដ្ឋ ឬឯកជនបាននោះឡើយ ។យើងត្រូវការប្រព័ន្ធល្បឿនលឿន និងច្បាស់ទាំងសំឡេង ទាំងរូបភាព ដូច CoolApp សព្វថ្ងៃ ព្រមទាំងត្រូវការរក្សាការសម្ងាត់របស់ជាតិ ក៏ដូចជា បុគ្គលម្នាក់ៗផងដែរ” ។
សម្តេចតេជោ បានឲ្យដឹងទៀតថា បច្ចុប្បន្នអ្នកប្រើប្រាស់ CoolApp បានកើនលឿនរហូតដល់ ៣០ម៉ឺននាក់ និងប្រើប្រាស់ប្រព័ន្ធ Encryption ដូចកម្មវិធីបរទេសដែរ មិនអាចជនណាម្នាក់ មើលសាររបស់យើងបានឡើយ សូម្បីតែក្រុមហ៊ុនផ្ទាល់ក៏ដោយ។ កម្ពុជាមាន CoolApp ក៏ជាមោទនភាពរបស់ខ្មែរយើងដែរ ព្រោះសមាជិកអាស៊ានទាំងអស់ មានតែ វៀតណាម និងកម្ពុជា ៕
ចែករំលែកព័តមាននេះ