សម្ដេចធិបតី ៖ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា រួមចំណែកលើកកម្ពស់វិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃ នៅកម្ពុជា
រាជធានីភ្នំពេញ ៖ រសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី…
រាជធានីភ្នំពេញ ៖ រសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី…
រាជធានីភ្នំពេញ ៖ រសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានសន្ដិភាព ។
ក្នុងឱកាសនៃជំនួប លោកស្រី ញ៉ែត ស្រីអូន ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានគោរពអបអរសាទរសមិទ្ធផលរបស់រាជរដ្ឋាភិបាល ដែលសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមក និងបានគោរពរាយការណ៍ ជូនសម្តេចធិបតី អំពីវឌ្ឍនភាពការងាររបស់សមាគម ដែលមានដូចជា ៖ ការប្រមូលផ្ដុំចងក្រងសមាជិកសមាគម, ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនានា និងការរៀបចំពិពរណ៍គ្រឿងអលង្ការប្រចាំឆ្នាំ ។
ទន្ទឹមនេះ លោកស្រីប្រធានសមាគម ក៏បានគោរពជម្រាបជូនសម្ដេចធិបតីថា សមាគមមានផែនការបង្កើតវិទ្យាស្ថានមួយ ដើម្បីសិក្សាស្រាវជ្រាវ និងបណ្ដុះបណ្ដាលជំនាញកែច្នៃគ្រឿងអលង្ការ និងត្បូងមានតម្លៃ នៅកម្ពុជា ។
ជាការឆ្លើយតប សម្ដេចធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងាររបស់សមាគម ក៏ដូចជាការចូលរួមចំណែករបស់សមាគមក្នុងការលើកកម្ពស់វិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃនៅកម្ពុជា ។
សម្ដេចធិបតី បានគូសបញ្ជាក់ថា សម្ដេចគាំទ្រគំនិតផ្តួចផ្តើម នៃការរៀបចំពិពរណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃ ២ដង ក្នុងមួយឆ្នាំ និងការបង្កើតវិទ្យាស្ថាន ដោយសម្ដេចបានណែនាំឱ្យសមាគមបន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសហការររៀបចំសិក្សាបន្ថែមលើការរៀបចំឯកសារទស្សនាទាន និងផែនការសកម្មភាព នៃការបង្កើតវិទ្យាស្ថាននេះ ។
សម្ដេចធិបតី បានលើកទឹកចិត្តឱ្យសមាគមជំរុញការផលិត កែច្នៃផលិតផលត្បូង ក្នុងស្រុកឱ្យបានកាន់តែច្រើន ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស កសាងទំនុកចិត្ត និងការពារអ្នកប្រើប្រាស់ និងអាជីវករគ្រឿងអលង្ការ និងត្បូងមានតម្លៃ ៕
ចែករំលែកព័តមាននេះ