ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ជួសជុល​កំពែង​ក្រុង​អង្គរធំ ប្រវែង​២៥​ម៉ែត្រ ដែល​ខូចខាត​ឲ្យ​រឹង​មាំ​ឡើង​វិញ

19 ម៉ោង មុន

ខេត្តសៀមរាប ៖ ក្រុម​អ្នកជំនាញ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ចំណាយពេល ៨​ខែ ដើម្បី​ជួសជុល​កំពែង​ធ្វើ​ពី​ថ្មបាយក្រៀម​របស់​ក្រុង​អង្គរធំ ដែល​ស្ថិត​នៅ​ប៉ែក​ខាងជើង ខ្លោងទ្វារ​ដី​ឆ្នាំង ប្រវែង​២៥​ម៉ែត្រ…

ខេត្តសៀមរាប ៖ ក្រុម​អ្នកជំនាញ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ចំណាយពេល ៨​ខែ ដើម្បី​ជួសជុល​កំពែង​ធ្វើ​ពី​ថ្មបាយក្រៀម​របស់​ក្រុង​អង្គរធំ ដែល​ស្ថិត​នៅ​ប៉ែក​ខាងជើង ខ្លោងទ្វារ​ដី​ឆ្នាំង ប្រវែង​២៥​ម៉ែត្រ ធ្វើ​ឱ្យ​រឹង​មាំ​ឡើង​វិញ នេះ​បើ​យោង​តាម​អាជ្ញាធរ​ជាតិ​អប្សរា ។

កំពែង​របស់​ក្រុង​អង្គរធំ​ប្រវែង​២៥​ម៉ែត្រ​នេះ បាន​ខូចខាត​បណ្តាល​មក​ពី​អាយុកាល​របស់​ថ្ម ព្រមទាំង​កត្តា​ធម្មជាតិ​មួយ​ចំនួន​ទៀត ដូច​ជា ទឹកភ្លៀង​ហូរ​ច្រោះ រុក្ខជាតិ​ដុះ​ចាក់​ឬ​ស​ធ្វើ​ឱ្យ​ថ្ម​ញែក​ចេញពី​គ្នា ព្រមទាំង​កង្វះ​ការ​ថែទាំ​ធ្វើ​ឱ្យ​ថ្ម​ជញ្ជាំង​កំពែង​ពុក​ផុយ​ហើយ​ដួល​រលំ ។

លោក ម៉ៅ សុខ​នី មន្ត្រី​បច្ចេកទេស​របស់​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា ឱ្យ​ដឹង​ថា ការ​ជួសជុល​កំពែង​ក្រុង​អង្គរធំ​ពេល​នេះ គឺ​ត្រូវ​ពង្រឹង​គ្រឹះ​ជើង​ក្រោម​របស់​កំពែង​ចំនួន​៣​ស្រទាប់ ឱ្យ​បាន​រឹង​មាំ​ជា​មុន រួច​ហើយ​រៀប​ជញ្ជាំង ដែល​ខូចខាត​ទាំងអស់​ឡើង​វិញ ។ នេះ គឺជា​ការ​ជួសជុល​កំពែង​របស់​ក្រុង​អង្គរធំ​ដំណាក់កាល​ទី​៦​។ ជា​ច្រើន​ឆ្នាំ​មកនេះ ក្រុម​អ្នកជំនាញ​ធ្លាប់​បាន​ជួសជុល​កំពែង​របស់​ក្រុង​អង្គរធំ​ដែល​សាងសង់​ពី​ថ្មបាយក្រៀម​ចំនួន​៥​កន្លែង​រួច​មក​ហើយ ។

ក្រុម​អ្នកជំនាញ​ផ្នែក​ជួសជុល ឱ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​ឈាន​ដល់​ការ​ជួសជុល​កំពែង​ក្រុង​អង្គរធំ​ប្រវែង​២៥​ម៉ែត្រ​នេះ គឺ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ធ្វើ​កំណាយ ដើម្បី​សិក្សា​ពី​រចនា​សម្ពន្ធ​ទាំងមូល​របស់​កំពែង ដើម្បី​ឱ្យ​ប្រាកដ​ថា តើ​ការ​ដួល​រលំ​របស់​កំពែង​នេះ​បណ្ដាល​មក​ពី​កត្តា​អ្វី ? តើ​នៅ​ទី​នេះ ធ្លាប់​មានការ​ជួសជុល​ពី​មុន​ដែរ​ឬទេ ? បន្ទាប់​មក​ទើប​ក្រុមការងារ​ធ្វើការ​សម្អាត សិក្សា​ពី​ជើង​គ្រឹះ​ក្រោម ដើម្បី​ពង្រឹង​គ្រឹះ​ឡើង​វិញ ។

គម្រោង​ជួសជុល​នេះ ក៏​មានការ​ត្រួតពិនិត្យ​បច្ចេកទេស​ពី​គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​អង្គរ​សម្រាប់​អង្គរ​ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​អង្គរ និង​សំបូរ​ព្រៃ​គុក ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ