ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧស្សាហកម្ម​ភោជនីយដ្ឋាន​ថៃ​ជួប​វិប.ត្តិ​ធ្ងន់ធ្ងរ ជាមួយ​ការ​បិទទ្វារ​ជាង​៦០​ម៉ឺន​កន្លែង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ

13 ម៉ោង មុន

ប្រទេស​ថៃ ៖ យោង​តាម​ប្រភព​ពី​សារព័ត៌មាន​ថៃ The Nation កាលពី​ពេល​ថ្មី​ៗ​នេះ បាន​រាយការណ៍​ថា ឧស្សាហកម្ម​ភោជនីយដ្ឋាន​របស់​ប្រទេស​ថៃ​កំពុង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ ហើយ​ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន​ជាង​៦០​ម៉ឺន​កន្លែង​ទាំង​តូច​ទាំង​ធំ​បាន​បិទទ្វារ​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ​។…

ប្រទេស​ថៃ ៖ យោង​តាម​ប្រភព​ពី​សារព័ត៌មាន​ថៃ The Nation កាលពី​ពេល​ថ្មី​ៗ​នេះ បាន​រាយការណ៍​ថា ឧស្សាហកម្ម​ភោជនីយដ្ឋាន​របស់​ប្រទេស​ថៃ​កំពុង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ ហើយ​ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន​ជាង​៦០​ម៉ឺន​កន្លែង​ទាំង​តូច​ទាំង​ធំ​បាន​បិទទ្វារ​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ​។

លោកស្រី ថា​នី​វ៉ា​ន់ គុណ​មង្គល (Thaniwan Kulmongkol) ប្រធាន​សមាគម​ភោជនីយដ្ឋាន​ថៃ​បាន​ថ្លែង​ថា ភោជនីយដ្ឋាន​ជា​ច្រើន​មិន​អាច​សម្រប​ខ្លួន​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​ទីផ្សារ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពិសេស​អ្នក​ដែល​ប្រកាន់ខ្ជាប់​គំរូ​អាជីវកម្ម​បែប​ប្រពៃណី​កំពុង​តែ​ពិបាក​កាន់តែ​ខ្លាំង នៅ​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​គូប្រជែង​បែប​ទំនើប​កម្ម​ជាង​មុន ដែល​នាំ​ឱ្យ​មានការ​ខាតបង់ និង​បិទទ្វារ​ជា​បន្តបន្ទាប់​។

ស្ថានភាព​នេះ​បាន​ក្លាយទៅជា​ការ​ព្រួយបារម្ភ​ជា​ពិសេស​សម្រាប់​ភោជនីយដ្ឋាន​ធំ​ៗ និង​ហាង​ដែល​ពឹងផ្អែក​លើ​ការ​ជួបជុំ​របស់​អតិថិជន ដូច​ជា​ពិធីជប់លៀង​ជាដើម​។ ការ​កក់​ទុក​សម្រាប់​កម្ម​វិធិ​បែប​នេះ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដែល​បណ្តាល​ឱ្យប្រាក់​ចំណូល​ក៏​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ផង​ដែរ​។ សូ​ម្បី​តែ​ភោជនីយដ្ឋាន​លំដាប់​ផ្កាយ ដែល​ទទួល​បាន​ពានរង្វាន់ ក៏​បានឃើញ​ប្រាក់​ចំណូល​របស់​ពួក​គេ​ធ្លាក់​ចុះ​ផង​ដែរ​។

ទោះបី​មាន​បញ្ហា​ប្រឈម​ទាំងនេះ​ក៏​ដោយ ក៏​ការ​ព្យាករណ៍​ពី​ទីភ្នាក់ងារ TTB Analytics បាន​បង្ហាញ​ថា ទីផ្សារ​ភោជនីយដ្ឋាន​ទាំងមូល​នៅ​ក្នុង​ប្រទេស​ថៃ​មាន​តម្លៃ​រហូត​ដល់ ៦៦៩​ពាន់​លាន​បាត ដែល​ស្មើនឹង ២០​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២៤ ដែល​បង្ហាញ​ពី​សក្តានុពល​ដ៏​រឹង​មាំ ចំ​ពេល​មានការ​ប្រកួតប្រជែង​ខ្លាំង​។

កម្មវិធី Lineman Wongnai ដែល​ជា​វេទិកា​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក​លេខ​១ សម្រាប់​សេវាកម្ម​នៅ​ប្រទេស​ថៃ​បាន​រាយការណ៍​ថា ភោជនីយដ្ឋាន​ថ្មី​ជាង ១០​ម៉ឺន​កន្លែង​បាន​បើក​កាលពី​ឆ្នាំ​មុន ពោល​គឺ​កើនឡើង ១៣.៦% ដែល​នាំ​ឱ្យ​ចំនួន​ភោជនីយដ្ឋាន​សរុប​នៅ​ក្នុង​ប្រទេស​ថៃ​កើនឡើង​ដល់ ៦៨០,១៩០​ម៉ឺន​កន្លែង​។ ទោះ​យ៉ាងណា​ក៏​ដោយ ភោជនីយដ្ឋាន​ប្រហែល ៥០% បាន​បិទ​ក្នុង​រយៈពេល​៦​ខែ​ដំបូង នៃ​ឆ្នាំ​នេះ​។ ខណៈ​ពេល​ដែល​អំណាច​នៃ​ការ​ទិញ​បាន​ធ្លាក់​ចុះ ទោះបីជា​ប្រជាជន​ថៃ​នៅ​តែ​រក្សា​ទម្លាប់​របស់​ពួក​គេ ក្នុង​ការ​ទទួលទាន​អាហារ​ក្រៅ​ផ្ទះ ក៏​ព្រោះតែ​សម្ពាធ​សេដ្ឋកិច្ច​បាន​នាំ​ឱ្យ​ពួក​គេ​ជ្រើសរើស​ជម្រើស​ការ​ចំណាយ​ដែល​មាន​តម្លៃ​សមរម្យ​ជាង​មុន​។

ដើម្បី​ដោះ​គន្លឹះ​សោ​វិបត្តិ​នា​ពេល​បច្ចុប្បន្ន លោកស្រី ថា​នី​វ៉ា​ន់ គុណ​មង្គល បាន​ជំរុញ​ឱ្យ​ម្ចាស់​ភោជនីយដ្ឋាន​ទទួលយក​ដំណើរការ​តាម​បច្ចេកវិទ្យា​ទំនើប​ដូច​ជា ទីផ្សារ​អន​ឡាញ ការ​គ្រប់គ្រង​ចំណូល​-​ចំណាយ​ត្រឹមត្រូវ និង​ការ​បញ្ជា​ទិញ​តាម​អ៊ីនធឺណិត​។ ភាព​ខុស​ប្លែក​ពី​គេ​តាម​រយៈ​ការ​ផ្តល់​ជូន​ម្ហូបអាហារ​ប្លែក​ៗ ឬ​បរិយាកាស​ទាក់ទាញ​ក៏​ជា​កត្តា​សំខាន់​សម្រាប់​ការ​ទាក់ទាញ​អតិថិជន​ផង​ដែរ​។

អ្នកស្រី​បាន​បន្ត​ថា ការ​គ្រប់គ្រង​ការ​ចំណាយ​ប្រកបដោយ​ប្រសិទ្ធភាព និង​ការ​យល់​ដឹង​ស៊ីជម្រៅ​អំពី​អាកប្បកិរិយា​អតិថិជន​គឺ​ចាំបាច់​សម្រាប់​ការ​អភិវឌ្ឍ​ផលិតផល និង​សេវាកម្ម​ដែល​ស្រប​នឹង​ទីផ្សារ​។ ខណៈ​ពេល​ដែល​អនាគត​នៃ​ឧស្សាហកម្ម​ភោជនីយដ្ឋាន​នៅ​ក្នុង​ប្រទេស​ថៃ​បង្ហាញ​ពី​បញ្ហា​ប្រឈម​ដ៏​សំខាន់​នោះ លោកស្រី​នៅ​តែ​មាន​សុទិដ្ឋិនិយម​ចំពោះ​ទស្សនវិស័យ​រយៈពេល​វែង ដែល​ជំរុញ​ដោយ​ទម្លាប់​នៃ​ការ​ទទួលទាន​អាហារ​របស់​ប្រជាជន​ថៃ​ចំនួន ៦០​លាន​នាក់ និង​ការ​ហូរ​ចូល​នៃ​ភ្ញៀវ​ទេសចរ​បរទេស​ផង​ដែរ​៕ (​ប្រភព ៖ The Nation និង VnExpress)

លោកស្រី ថានីវ៉ាន់ គុណមង្គល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ