ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ប្រព័ន្ធ​លូ​ជ្រុង​ខ្នាត​ធំ​ ត​ភ្ជាប់​ទៅ​ប្រឡាយ​បឹង​សាឡា​ង ​ដើ​ម្បី​រំដោះ​ជំនន់​ទឹកភ្លៀង

9 ខែ មុន

រាជធានីភ្នំពេញ ​៖ ​ការងារ​ដាក់​ប្រព័ន្ធ​លូ ​ជ្រុង​ខ្នាត​ធំ ​មុខកាត់​ទំហំ​ ៤​ម៉ែត្រ​ គុណ​២​ម៉ែត្រ ១​ខ្សែ​ប្រវែង​ ១៧៩​ម៉ែត្រ លើ​បណ្ដោយ​ផ្លូវ​២៣០…

រាជធានីភ្នំពេញ ​៖ ​ការងារ​ដាក់​ប្រព័ន្ធ​លូ ​ជ្រុង​ខ្នាត​ធំ ​មុខកាត់​ទំហំ​ ៤​ម៉ែត្រ​ គុណ​២​ម៉ែត្រ ១​ខ្សែ​ប្រវែង​ ១៧៩​ម៉ែត្រ លើ​បណ្ដោយ​ផ្លូវ​២៣០ (​ផ្លូវ​កោសដូង​) ចាប់ពី​ភ្លើងស្តុប​២៣០ ​កែង​មហាវិថី​ម៉ៅ​សេ​ទុង ដល់​ប្រឡាយ​បឹង​សាឡា​ង ​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ដែល​បាន​ចាប់ផ្តើម​ការដ្ឋាន​កាលពី​ថ្ងៃទី១៩ ខែ​សីហា កន្លង​មក គិត​មក​ដល់​ពេល​នេះ ការ​ស្ថាបនា​ សម្រេច​បានជា​ច្រើន​ភាគរយ​ហើយ គ្រោង​បញ្ចប់​ក្នុង​ខែវិច្ឆិកា ​២០២៤​នេះ ជាមួយ​នឹង​ការ​អ៊ុត​កៅស៊ូ ពីលើ​ផង​ដែរ​ នៅ​ពេល​ការដ្ឋាន​ដាក់​លូ​នេះ ​បាន​រួចរាល់ ​។

មន្ត្រី​ជំនាញ ​នៃ​មន្ទីរ​សាធារណការ ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤​ ខែកញ្ញា​នេះ​ទៀត​ថា​ ការដ្ឋាន​ដាក់​លូ​ខ្នាត​ធំ​នេះ ​ក្រោយ​ស្ថាបនា​រួចរាល់ អាច​នឹង​រំដោះ​ទឹកជំនន់​ទឹកភ្លៀង​ នៅ​តំបន់​ម៉ុង​ឌី​យ៉ា​ល់​ បាន​យ៉ាង​ល្អ​ប្រសើរ នៅ​ក្នុង​រដូវវស្សា​ ។

មន្ត្រី​ដដែល ​បាន​បញ្ជាក់​ថា​ ការដ្ឋាន​នេះ ស្ថិត​ក្នុង​គម្រោង​របស់​ថ្នាក់​ជាតិ អនុវត្ត​ដោយ​ក្រុមហ៊ុន Precast Plants ដែល​ជា​ក្រុមហ៊ុន ដែលមានការ​ផ្គត់ផ្គង់​ និង​ដំឡើង​លូ​ជ្រុង​ មុខកាត់​ទំហំ​៤​ម៉ែត្រ​ កំពស់​២​ម៉ែត្រ ។

មន្ត្រី​ដ​ដែល បាន​បន្ត​ទៀត​ថា​ ការដ្ឋាន​ដាក់​លូ ​ប្រអប់​លើ​ផ្លូវ​លេខ 108 BT ទំហំ ៤​ម៉ែត្រ គុណនឹង ២​ម៉ែត្រ មាន​ប្រវែង​១៩៧​ម៉ែត្រ បាន​ដំណើរការ​កាលពី​ខែឧសភា ដើម្បី​ដោះស្រាយ​ទឹក​លិច ​នៅ​តំបន់​វត្ត​ដំបូក​ខ្ពស់ ក្រោយ​ផ្សារ​ប៉េសេ ក្នុងភូមិ​សាស្ត្រ​សង្កាត់​បឹង​ទំពុន​ទី​១ ខណ្ឌមានជ័យ ក៏​ជា​គម្រោង​របស់​ថ្នាក់​ជាតិ​អនុវត្ត ដោយ​ក្រុមហ៊ុន Precast Plants​ នេះ​ដែរ​ ។

ដោយឡែក ការដ្ឋាន​ដាក់​លូ​ប្រអប់​ ទំហំ​ ៤​ម៉ែត្រ គុណ ២​ម៉ែត្រ នៅ​ផ្លូវជាតិ​លេខ​៤ ប្រវែង​ ៥,៦៥០​ម៉ែត្រ ក្នុង​សង្កាត់​ចោម​ចៅ​ទី​៣ ​ខណ្ឌ​ពោធិ​សែន​ជ័យ ​និង​គម្រោង​ស្ថាបនា​ជញ្ជាំង​បេតុង​ នៃ​ប្រឡាយ​បារាំង ចាប់ពី​ផ្លូវ​មហាវិថី ស៊ី ជី​ន​ពីង ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល​បាន​និង​កំពុង​អនុវត្ត​ដោយ​ក្រុមហ៊ុន Precast Plants ​នេះ​ដែរ​នោះ​ ក៏ស្ថិត​ក្នុងគម្រោង​ផែនការ​វិនិយោគ​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ ប្រ​ព័​ន្ឋ​លូ និង​ប្រ​ព័​ន្ឋ​រំដោះ​ទឹក​ សម្រាប់​បញ្ចៀស​ការ​ជន់​លិច ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ ផង​ដែរ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ