ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្អុ.យឈ្មោះ​ប្រធាន​ភូមិបាល​ស្រុក​មុខលុយ ស៊ី​១​លាន​រៀល​ថ្លៃ​ទឹកប៊ិច​ស៊ី​ញ៉េ

3 ខែ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ស្រប​ពេល​ដែល​ទំនាស់​រវាង​អតិថិជន​រាប់​សិប​នាក់ ជាមួយ​ម្ចាស់​គម្រោង​ផ្សារ​ក្ដឿង​រាយ ស្ថិត​នៅ​ភូមិ​ដូង​វាល ឃុំ​ក្ដឿង​រាយ ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង កំពុង​ក្ដៅ​គគុក លុះ​ពេល​សារព័ត៌មាន​ចុះ​ផ្សាយ​ទើប​ប្រគល់​លុយ​អោយ​ម្ចាស់​គេ​វិញ…

ខេត្តព្រៃវែង ៖ ស្រប​ពេល​ដែល​ទំនាស់​រវាង​អតិថិជន​រាប់​សិប​នាក់ ជាមួយ​ម្ចាស់​គម្រោង​ផ្សារ​ក្ដឿង​រាយ ស្ថិត​នៅ​ភូមិ​ដូង​វាល ឃុំ​ក្ដឿង​រាយ ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង កំពុង​ក្ដៅ​គគុក លុះ​ពេល​សារព័ត៌មាន​ចុះ​ផ្សាយ​ទើប​ប្រគល់​លុយ​អោយ​ម្ចាស់​គេ​វិញ ។

បែរជា​ភាគី​ពលរដ្ឋ​ចេញ​មុខ​បកអាក្រាត​នូវ​អំពើ​ពុក​រលួយ​របស់​លោក អ៊ា​ង សា​រ៉ុ​ម ប្រធាន​ការិយា ល័យ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​ភូមិបាល​ស្រុក​កញ្ជ្រៀច​ថែម​មួយ​ករណី​ទៀត ។ ដោយ​ចោទ​ថា លោក​ប្រធាន​ការិយាល័យ​រូប​នេះ បាន​ទទួល​សំណូក​យក​ប្រាក់​ចំនួន​១.០០០.០០០​រៀល ជា​ថ្នូរ​នឹង​ការ​ចុះហត្ថលេខា​លើ​ឯកសារ​នៃ​ទម្រង់​បែបបទ ដើម្បី​កាត់ឈ្មោះ​ពី​អ្នកលក់​មក​អ្នកទិញ សម្រាប់​ដី​១​ប្លង់​តូច គឺ​ថ្លៃ​ទឹកប៊ិច​… ហេ​! ហេ​!

ករណី​នេះ លោក អ៊ា​ង សា​រ៉ុ​ម ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​កញ្ជ្រៀវ​បាន​ប្រាប់​ភ្នាក់ងារ​យើង​អោយ​ដឹង​តាម​ទូរស័ព្ទ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ កញ្ញា ឆ្នាំ​២០២៤ នេះ​ថា ពាក់ព័ន្ធ​១​លាន​រៀល​នេះ គឺ​គេ​ជូន​សារ​គុណ​លោក​ដែល​គេ​ប្រើ​អោយ​ចុះ​វាស់វែង​ដី​៣-៤​ដងនោះ​ទេ មិន​ពាក់ព័ន្ធ​ការ​ស៊ីសំណូក​នោះ​ឡើយ​….! ហើយ​រឿង​នេះ ក្រោម​ការ​សម្របសម្រួល​របស់​រដ្ឋបាល​ខេត្ត ក៏​ត្រូវ​បាន​បញ្ចប់​រួចរាល់​អស់ហើយ​ផង​ដែរ គឺ​អ្នក​ស៊ីលុយ​រលាស់​ខ្លួន​ព្រិល​តែ​ម្តង ។

ជុំវិញ​រឿង​នេះ លោក ផ​ន សាន ជា​គ្រូបង្រៀន និង​ជា​អាជីវករ​ផ្សារ​ក្ដឿង​រាយ​បាន​អះអាង​ប្រាប់​កោះសន្តិភាព​ដឹង​ថា លោក អ៊ា​ង សា​រ៉ុ​ម ប្រធាន​ភូមិបាល​ស្រុក​កញ្ជ្រៀច ពិតជា​បាន​ទទួល​លុយ​ចំនួន​១​លាន​រៀល​ពី​គាត់​ពិតប្រាកដ​មែន ។

លោក ផ​ន សាន បន្ត​ទៀត​ថា លុយ​ចំនួន​១​លាន​រៀល​នេះ គឺ​ថ្លៃ​ចុង​ប៊ិ​ច លោក អ៊ា​ង សា​រ៉ុ​ម ដែល​ត្រូវ​ស៊ី​ញ៉េ​លើ​ទម្រង់​ឯកសារ​បែបបទ (​ប្លង់​រឹង​) ក្នុង​ការ​កាត់ឈ្មោះ​ពី​អ្នកលក់​មក​ឱ្យ​ខ្លួន​ជា​អ្នកទិញ ។
បើ​តាម​លោក ផ​ន សាន ដី​លំនៅ​ឋាន​ផ្ទះល្វែង​ដែល​ត្រូវ​កាត់ឈ្មោះ​នោះ គឺ​រូប​លោក​បាន​ទិញ​ពី​លោក​ឈាង ផាត ម្ចាស់​ក​ម្រោ​ង​ផ្ទះល្វែង​ជាប់​ផ្លូវ​ចូល​ផ្សារ​ក្ដឿង​រាយ ស្ថិត​នៅ​ភូមិ​ដូង​វាល ឃុំ​ក្ដឿង​រាយ ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង ។

ការ​ស្នើ​កាត់ឈ្មោះ​ដី​លំនៅ​ឋាន​នៅ​ពេល​នេះ បន្ទាប់​ពី​លោក​ឈាង ផាត ម្ចាស់​គម្រោង​បាន​ធ្វើការ​សម្របសម្រួល​បញ្ចប់​វិវាទ​ជាមួយ​ខ្លួន ដែល​ជា​អ្នកទិញ ។ ក្នុង​នោះ ភាគី​អ្នកលក់​ត្រូវ​ផ្ទេរ​ដី រួម​និង​ផ្ទះ​ដែល​សាងសង់​មិន​ទាន់​រួចរាល់ ឱ្យមក​អ្នកទិញ តាម​ការ​ព្រមព្រៀង​១​គុណ​ជា​២ ។

លោក ផ​ន សាន បញ្ជាក់​ទៀត​ថា ប្រាក់​ចំនួន​១​លាន​រៀល ដែល​ខ្លួន​ប្រគល់​ឱ្យ​លោក អ៊ា​ង សា​រ៉ុ​ម ប្រធាន​ភូមិបាល​ស្រុក​កញ្ជ្រៀច​កាលពី​ថ្ងៃ​ទី​១៧ ខែ​០៩ ២០២៤ នោះ គឺ​ពុំ​មែន​សម្រាប់​ឱ្យ​លោក
អ៊ា​ង សា​រ៉ុ​ម យក​ទៅ​រត់ការ​.​ធ្វើ​សោហ៊ុយ​.​បង់​សេវា​ច្រក​ចេញចូល​តែ​មួយ ឬ​បង់ពន្ធ​ចូល​រដ្ឋ​អ្វី
ឡើយ ។

ជាក់ស្តែង លុយ​នោះ បង់​ចូល​ហោប៉ៅ លោក អ៊ា​ង សា​រ៉ុ​ម តែ​ម្ដង ជា​ថ្នូរ​នឹង​ការ​វាស់វែង​ចុះហត្ថ លេខា​លើ​លិខិត​ទម្រង់​ក្នុង​ការ​បំពេញ​នីតិវិធី​សម្រាប់​កាត់ឈ្មោះ​តែ​ប៉ុណ្ណោះ ។ លោក ផ​ន សាន អះអាង​ថា ខ្លួន​កំពុង​ទន្ទឹងរង់ចាំ​ឯកសារ​ទម្រង់ ពី​លោក អ៊ា​ង សា​រ៉ុ​ម យ៉ាង​អន្ទះសា​បំផុត ។ ដោយហេតុ​ថា ទំនាស់​រវាង​ខ្លួន និង​លោក​ឈាង ផាត ទើប​បញ្ចប់ ហើយ​ត្រូវ​កាត់ឈ្មោះ​ឱ្យ​រួចរាល់​ឆាប់​ៗ កុំឱ្យ​ហ្មងសៅ​ទៅ​ថ្ងៃក្រោយ​ទៀត ។

តែ​ផ្ទុយ​ទៅ​វិញ បន្ទាប់​ពី​ទទួល​បាន​លុយ​ចំនួន​១​លាន​រៀល​ហើយ បែរជា​លោក អ៊ា​ង សា​រ៉ុ​ម ប្រធាន​ភូមិបាល​ស្រុក​កញ្ជ្រៀច​មិន​អើពើ​ក្នុង​ការ​ស៊ី​ញ៉េ​ព​ន្លឿ​ន​ឯកសារ ដោយ​យក​ទម្រង់​ទៅ​ទុក​ចោល មិន​ព្រម​ទម្លាក់ ឬ​ប្រគល់​ឱ្យទៅ​ការិយាល័យ​ជំនាញ ដើម្បី​គូស​ប្លង់​អ្វី​ឡើយ ។ ម្ល៉ោះហើយ​ទើប​ខ្លួន​រំលើកបើកកកាយ និង​បកអាក្រាត​អំពើ​ពុក​រលួយ​របស់​លោក អ៊ា​ង សា​រ៉ុ​ម តែ​ម្ដង​ទៅ ។

បើ​តាម​ប្រភព​បង្ហើប​ថា អំពើ​ពុក​រលួយ​របស់​លោក អ៊ា​ង សា​រ៉ុ​ម ពុំ​មែនមាន​តែ​១​ករណី​ហ្នឹង​ទេ ពោល​គឺ​នៅ​មាន​ច្រើន​ករណី​ទៀត ដែល​ស្ថិត​ក្នុង​អាថ៌​កំបាំង ដូច​ជា​ដី​ពាក់ព័ន្ធ​ដី​ផ្ទេរ​កម្ម​សិទ្ធ ដី​ឯកសារ​មិន​គ្រប់ ខុស​នេះ​ខុស​នោះ ដី​កាត់ឈ្មោះ ឬ​បំបែក​(​ប្លង់​)​ជាដើម ។ ក្នុង​នោះ​ដែរ ការ​កាត់ឈ្មោះ​នីមួយ​ៗ​ពលរដ្ឋ​ត្រូវ​ចំណាយ​ខ្ទង់ពាន់​ដុល្លារ​ឯណោះ​ក្នុង​១​ប្លង់ ។

ទន្ទឹម​និង​នោះ ក៏​មាន​ពលរដ្ឋ​រអ៊ូរ​រទាំ​អំពី​ការ​ផ្ដល់​សេវា​សាធារណៈ​មិនល្អ​ពី​សំណាក់​លោក អ៊ា​ង សា​រ៉ុ​ម ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​ភូមិបាល​ស្រុក​កញ្ជ្រៀច​ទៀត​ផង ។

រីឯ​លោក សឿង សុ​ជាតិ អភិបាលស្រុក​កញ្ជ្រៀច​មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បាន​ទេ ។ ចំណែក​លោក ប៉ែន ថុ​ន មេឃុំ​ក្ដឿង​រាយ​បាន​ថ្លែង​ថា រូប​លោក​ពុំ​បានដឹង​ទេ ពាក់ព័ន្ធ​ការ​យក​លុយ​អី​ទាំង
នុង ។ ក្នុង​រឿង​នេះ គេ​សង្ឃឹមថា លោក អេ​ង ផេង​អាន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្តព្រៃវែង នឹង​ចាត់វិធានការ​លើ​លោក អ៊ា​ង សា​រ៉ុ​ម មិន​ខាន​ឡើយ ។
ដើម្បី​កុំឱ្យ​ប៉ះពាល់​សតិអារម្មណ៍ ពលរដ្ឋ​ក្នុងស្រុក​កញ្ជ្រៀច​តទៅ​ទៀត និង​ដើម្បី​ចៀសវាង កុំឱ្យ​ខូច​ឈ្មោះ​ដល់​អង្គភាព មន្ទីរ​សុរិយោដី​ខេត្តព្រៃវែង ដែល​កំពុង​បម្រើសេវា​សាធារណៈ​ដល់​ពលរដ្ឋ ដោយ​មិន​ខ្លាច​នឿយហត់ ។

សូម​ជម្រាប​បន្ថែម​ថា គម្រោង​ផ្សារ​ក្ដឿង​រាយ បាន​អភិវឌ្ឍន៍​លើ​ដីស្រែ​ទំហំ​ប្រមាណ​ជាង​៥​ហិ​កតា ស្ថិត​នៅ​ភូមិ​ដូង​វាល ឃុំ​ក្ដឿង​រាយ ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង ហើយ​បច្ចុប្បន្ន គម្រោង​មួយ​នេះ កំពុង​កើត​ទំនាស់​ជា​ខ្លាំង​រវាង​ក្រុម​ពលរដ្ឋ​អ្នកទិញ និង​ម្ចាស់​គម្រោង ។ ក្រោយ​អតិថិជន​រាប់​សិប​នាក់ ទិញ​ផ្ទះល្វែង ដី​ឡូត៍ និង​តូប ក្នុង​គម្រោង​ផ្សារ​ក្ដឿង​រាយ បង់លុយ​គ្រប់​ចំនួន​រយៈពេល​២ ទៅ​៣​ឆ្នាំ​ហើយ បែរជា​មិន​ទាន់​ទទួល​បាន​(​ប្លង់​) ឬ​លិខិតផ្ទេរកម្មសិទ្ធិ ។

ជាមួយ​គ្នា​នោះ ពលរដ្ឋ​ចំនួន​២៨​គ្រួ​សារបាន​ប្ដឹង​លោក​ម៉ៅ អៀង ម្ចាស់​គម្រោង​វិនិយោគ​ផ្សារ​ក្ដឿង​រាយ​ចូល​អយ្យការ​អម​សាលាដំបូង​ខេត្តព្រៃវែង ពី​បទ «​រំលោភ​លើ​ទំនុកចិត្ត​» ពាក់ព័ន្ធ​លុយរាប់​ម៉ឺន​ដុល្លារ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ