សង្ឃវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យបិណ្ឌបាតដីវត្តមកវិញ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធនានា មិនទាន់មានវិធានការ ឬចាត់ឲ្យមន្ត្រីជំនាញណាមួយចុះស្រាវជ្រាវជុំវិញការចោទរំលោភយកដីវត្តនៅឡើយទេ បន្ទាប់ពីព្រះសង្ឃ គណៈកម្មការអាចារ្យ និងពុទ្ធបរិស័ទចំណុះជើងវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ ប្រមាណជាង៣០០អង្គ/នាក់ បានជួបប្រមូលផ្តុំទទួចស្នើសុំឲ្យមានអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិ បាល និងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធនានា ទាក់ទិននឹងការរស់នៅលើដីវត្ត ហើយ ទីបំផុតខាងវត្តបែរជាចាញ់ក្ដីអ្នករំលោភយកដីវត្តទៅវិញ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ មុនថ្ងៃកាន់បិណ្ឌចូលមកដល់ ព្រះចៅអធិការវត្ត គ្រូសូត្រឆ្វេង ស្តាំ ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត ដូនជី តាជី សិស្ស និស្សិត និងពុទ្ធបរិស័ទចំណុះជើងវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ ដែលស្ថិតនៅភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ចំនួន៣៦៨អង្គ/នាក់ បានជួបប្រមូលផ្តុំនៅក្នុងបរិវេណវត្តដើម្បីតវ៉ា ទាមទារ ដោយទទូចស្នើសុំដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងពាក់ព័ន្ធ ឲ្យជួយអន្តរាគមន៍ទប់ស្កាត់ករណីក្រុមគ្រួសារលោក ហុក អៀង បាននិងកំពុងរត់ការឯកសារធ្វើប្លង់រំលោភយកដីវត្តអស់មួយជ្រុងធំ ដែលមានទំហំ២៨ម៉ែត្រគុណនឹង៤៤,៥ម៉ែត្រ ដែលជាដីរបស់គរុភណ្ឌវត្តតាំងពីយូរមកហើយ ។

ការតវ៉ានេះ បន្ទាប់ពីព្រះសង្ឃ គណៈកម្មការអាចារ្យ និងពុទ្ធបរិស័ទ បានទទួលដំណឹងពីអាជ្ញាធរថា ក្រុមគ្រួសារលោក ហុក អៀង បានរត់ការធ្វើប្លង់យកដីវត្តដោយសំអាងថា មានសាលដីកាសម្រេចរបស់តុលាការកំពូល និងជាសាលដីការបស់សាលាឧទ្ធរណ៍ ដែលប្រគល់ដីវត្តទៅឱ្យឈ្មោះ ហុក អៀង ។

តាមព្រះវរបញ្ញាញាណ ថៃ ប៊ុនធឿន ព្រះចៅអធិការវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ បានមានថេរដីកាឱ្យដឹងថា បន្ទាប់ពីព្រះសង្ឃ គណៈកម្មការអាចារ្យ សិស្ស និស្សិត និងពុទ្ធបរិស័ទចំណុះជើងវត្ត បានជួបជុំគ្នាធ្វើញត្តិចូលទៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រ កម្ពុជា ដើម្បីសុំឱ្យជួយអន្តរាគមន៍ទប់ស្កាត់ករណីក្រុមគ្រួសារលោក ហុក អៀង រត់ការឯក សារធ្វើប្លង់យកដីវត្ត ដែលមានទំហំ២៨ម៉ែត្រគុណ៤៤,៥ម៉ែត្រ ដែលជាដីគរុភណ្ឌវត្ត រហូតមកដល់ថ្ងៃទី២១ ខែកញ្ញា ពុំទាន់មានអន្តរាគន៍ពីថ្នាក់ដឹកនាំ ឱ្យមន្ត្រីជំនាញចុះមកស្រាវជ្រាវសួរនាំឡើយ ។

ព្រះចៅអធិការវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ បានមានថេរដីកាប្រាប់កោះសន្តិភាពថា កាលពីកំឡុងឆ្នាំ១៩៨២ លោក ហុក អៀង បានមកស្នាក់នៅធ្វើរោងលក់ទឹកកកនៅក្នុងរបងវត្ត ហើយក្រោយមកក៍បានវាយរបងធ្វើជាផ្ទះធំ និងរស់នៅលើដីវត្ត ។ លុះក្រោយមកនៅឆ្នាំ២០១៣ ព្រះអង្គបានទទួលលិខិតរបស់គណៈគម្មការសូរិយោលដីថ្នាក់រាជធានី ដោយកាត់ដីនោះប្រគល់ទៅឱ្យក្រុមគ្រួសារលោក ហុក អៀង ហើយទុករយៈពេល៣០ថ្ងៃឱ្យព្រះអង្គតវ៉ាទៅថ្នាក់ជាតិ និងសាលា ឧទ្ធរណ៍ ហើយក៍បាត់ដំណឹងរហូតមក។ ស្រាប់តែនៅឆ្នាំ២០២៣ ព្រះអង្គទទួលបានដំណឹងពីអាជ្ញាធរមូលដ្ឋានថា ក្រុមគ្រួសារលោក ហុក អៀង ធ្វើលិខិតស្នើសុំធ្វើប្លង់កាន់កាប់ដីវត្តនេះ ដោយយោងលើសាលដីការបស់តុលាការកំពូល ដែលបានប្រគល់ដីវត្តទៅឱ្យក្រុមគ្រួសារលោក ហុក អៀង តែព្រះអង្គពុំទទួលបានសាលដីកានោះនៅឡើយទេ ។

ចាប់តាំងពីពេលនោះមក ព្រះសង្ឃ គណៈកម្មការអាចារ្យ សិស្ស និស្សិត និងពុទ្ធបរិស័ទចំណុះជើងវត្ត បាននាំគ្នាផ្តិតមេដៃចំនួន៣៦៨អង្គ/នាក់ ដើម្បីធ្វើញត្តិចូលទៅសម្តេចតេជោ ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឯកឧត្តមបណ្ឌិត សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់, ឯកឧត្តមបណ្ឌិត កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដើម្បីឲ្យជួយអន្តរាគមន៍ទប់ស្កាត់ និងប្រគល់ដីនោះមកវត្ត ដើម្បីទុកជាគរុភណ្ឌរបស់វត្ត ជារបស់ជាតិ និងសាសនា ។

តាមកំណត់ហេតុអង្កេតដីរបស់គណៈកម្មការចុះវាស់វែងដីវត្ត កាលពីឆ្នាំ២០០០ បានឱ្យដឹងថា ដីវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ មានទំហំ៤ហិកតា៧១អា និង១១សង់ទីអា ដែលមានព្រំប្រទល់ខាងជើងទល់នឹងផ្លូវ ខាងត្បូងទល់នឹងផ្លូវ ខាងកើតទល់នឹងផ្លូវព្រះមុនីរ៉េត ខាងលិចទល់នឹងផ្លូវ ។ នៅក្នុងកំណត់ហេតុ លោក សេង សាញ់ អតីតចៅសង្កាត់ស្ទឹងមានជ័យក៏បានបញ្ជាក់ថា ដីវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ មានរបងរឹងមាំព័ទ្ធជុំវិញតាំងពីជំនាន់មុនរហូតមកដល់បច្ចុប្បន្ន ។ តាមយោបល់របស់គណៈកម្មការចុះវាស់វែងកំណត់ព្រំដីវត្តស្ទឹងមានជ័យឃើញថា មានពាក់ព័ន្ធជាមួយប្រជាពលរដ្ឋមួយគ្រួសារឈ្មោះ ហុក អៀង បានមកសាងសង់លំនៅឋានស្នាក់នៅក្នុងបរិវេណវត្តផ្នែកខាងកើតឆៀងខាងត្បូង ដោយវាយរបងវត្តធ្វើផ្លូវចេញចូល និងបានធ្វើរបងបន្លាលួសព័ទ្ធដីក្នុងវត្តគ្រប់គ្រងផ្ទាល់ខ្លួនថែមទៀត ។

ទាក់ទិនការចោទប្រកាន់នេះ កោះសន្តិភាពបានទាក់ទងតាមទូរស័ព្ទទៅក្រុមគ្រួសារលោក ហុក អៀង ដោយបានជួបអ្នកស្រីម្នាក់ដើម្បីសុំការបំភ្លឺ ហើយគាត់បានប្រាប់ថា ចាំសួរបងរបស់គាត់សិន តែក្រោយមកគាត់ក៍បានផ្តល់ដំណឹងថា ឱ្យទៅសាកសួររកឯកសារនៅតុលាការមានទាំងអស់ ។
គួរបញ្ជាក់ថា បច្ចុប្បន្នដីនេះ ត្រូវបានកាត់ជាកង់ៗ សង់ជាតូបជួលទៅឱ្យឯកជនលក់ទូរស័ព្ទ ៕














ចែករំលែកព័តមាននេះ