កម្ពុជា នឹងអាចប្រើសុទ្ធតែឡានអគ្គិសនីឬទេ នៅពេលអនាគត?
- ភ្នំពេញ
ការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការផ្លាស់ប្តូររថយន្ត ៤០ភាគរយ និងម៉ូតូ ៧០ភាគរយ ដែលប្រើប្រេងឥន្ធនៈ ទៅជារថយន្ត និងម៉ូតូអគ្គិសនី (EVs) នៅឆ្នាំ២០៥០ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកាត់បន្ថយការបញ្ចេញកាបូន។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ បើផ្អែកលើផលធៀបជាមួយនឹងយានយន្តដែលប្រើប្រេងឥន្ធនៈសរុបប្រមាណជាជាង ៧លានគ្រឿង នៅលើផ្លូវរបស់ខ្លួនសព្វថ្ងៃនេះ ដោយ ៨៥ភាគរយ ជាម៉ូតូ គោលដៅដ៏មហិច្ឆតា ប្រហែលជានឹងមិនធ្វើដំណើរលើផ្លូវដែលរលោងនោះឡើយ។
ចាប់ពីពេលនេះទៅ ដល់ឆ្នាំ២០៥០ គឺត្រូវប្រើប្រាស់ពេលវេលាជាង២៥ឆ្នាំទៅមុខ ដូច្នេះកម្ពុជា អាចនឹងសម្រេចបាន ប៉ុន្តែក៏ទាមទារនូវការប្តេជ្ញាចិត្តមួយដ៏ខ្ពស់ ត្បិតពេលវេលានៅយូរដែរក៏ដោយ ពីព្រោះថា ដើម្បីសម្រេចបាននូវគោលដៅដែលកំណត់នេះ កម្ពុជាកំពុងតែប្រឈមនឹងបញ្ហាដ៏ស្មុគស្មាញនៃកត្តាសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងសង្គមនៅឡើយទេ នៅពេលនេះ ។
ឧបសគ្គចម្បងមួយដែលកម្ពុជាប្រឈមមុខ គឺការពឹងផ្អែកខ្លាំងរបស់ខ្លួន លើយានយន្តដែលប្រើប្រេងឥន្ធនៈ ពីព្រោះមកដល់ពេលនេះ ប្រជាជនភាគច្រើន ជាពិសេសនៅតំបន់ជនបទ គឺពឹងផ្អែកលើម៉ូតូ ដែលស្មើនឹង ៨៥% នៃចំនួនយានយន្តសរុប។ ហើយនៅទូទាំងប្រទេស រថយន្តដែលប្រជាពលរដ្ឋកំពុងតែប្រើ ទៀតសោតមិនត្រឹមតែជារថយន្តប្រើត្រឹមតែប្រេងឥន្ធនៈប៉ុណ្ណោះទេ គឺថែមទាំងសំបូររថយន្តចាស់ៗទៀតផង ។ សូមកុំភ្លេច! មកដល់ពេលនេះ នៅតាមដងផ្លូវ មានរថយន្តមិនតិចទេ ដែលជាប្រភេទរថយន្តជជុះ ដែលឆ្នាំផលិតនោះ គឺហួសអាយុកាលប្រើប្រាស់ច្រើនឆ្នាំ ។
លើសពីនេះ ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេស ត្រូវការការកែលម្អបន្ថែមទៀតច្រើន ពីព្រោះថា ទោះបីជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស សឹងតែអាចមានលទ្ធភាពប្រើប្រាស់អគ្គិសនីក៏ពិតមែន ប៉ុន្តែជាទូទៅ នៅជនបទមួយភាគធំ គឺពលរដ្ឋអាចប្រើប្រាស់ត្រឹមតែអំពូល និង កង្ហារ ហើយបើប្រើប្រាស់ ឧបករណ៍សាកប្រភេទយានយន្តអគ្គិសនីមិនអាចអូសរួចឡើយ ។ ម្យ៉ាងវិញទៀត ហេដ្ឋារចនាសម្ព័ន្ធបណ្តាញអគ្គិសនីនាពេលបច្ចុប្បន្នរបស់កម្ពុជា ក៏មិនទាន់បានបំពាក់ឲ្យគ្រប់គ្រាន់ ដើម្បីដោះស្រាយតម្រូវការនៃបញ្ចូលថ្មយានយន្តទាំងអស់នោះនៅឡើយ ។ នៅទូទាំងប្រទេសកម្ពុជា ទើបតែមានយានយន្តអគ្គិសនីសរុបត្រឹមតែ ៣.៦៧៦គ្រឿងហើយ មានស្ថានីយ៍សាកអាគុយទើបតែបាន២១កន្លែងតែប៉ុណ្ណោះ ។
ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ ក៏ប្រទេសកម្ពុជា មានផ្លូវជាច្រើនដែលអាចផ្លាស់ប្តូរទៅជាយានជំនិះអគ្គិសនីដោយជោគជ័យ បើមានការប្តេជ្ញាចិត្ត និងមានការលើកទឹកចិត្តខ្ពស់។ ទី១ កម្ពុជា អាចពន្លឿនការអនុម័តការប្រើប្រាស់យានយន្តអគ្គិសនី ដោយផ្តល់ការលើកទឹកចិត្តខ្ពស់ ។ ការលើកទឹកចិត្តទាំងនេះ អាចរួមបញ្ចូលទាំងការបន្ធូរបន្ថយពន្ធលើការនាំចូល ការឧបត្ថម្ភធនសម្រាប់អ្នកប្រើប្រាស់ និងការបញ្ចុះថ្លៃហេដ្ឋារចនាសម្ព័ន្ធគិតថ្លៃ។ រដ្ឋាភិបាល ក៏អាចបង្កើតគោលនយោបាយ ដែលលើកទឹកចិត្តដល់ស្ថាប័នហិរញ្ញវត្ថុក្នុងការផ្តល់ប្រាក់កម្ចីដែលមានការប្រាក់ទាបដល់អតិថិជនដែលទិញរថយន្តអគ្គិសនី ដែលធ្វើឱ្យវាកាន់តែងាយស្រួលប្រើប្រាស់និងទាក់ទាញ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសកម្ពុជា បានបោះជំហានក្នុងទិសដៅអភិវឌ្ឍន៍ថាមពលនេះរួចហើយ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀតនឹងត្រូវបានទាមទារ ដើម្បីធ្វើឱ្យថាមពលកកើតឡើងវិញ ដែលជាឆ្អឹងខ្នងនៃការផ្គត់ផ្គង់អគ្គិសនីរបស់ខ្លួនកាន់តែរឹងមាំ។ យុទ្ធសាស្ត្រសំខាន់មួយទៀត គឺការវិនិយោគលើការដឹកជញ្ជូនសាធារណៈ។ ការលើកទឹកចិត្តដល់ការប្រើប្រាស់រថយន្តក្រុងអគ្គិសនី និងការលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដែលមានអគ្គិសនីនៅក្នុងតំបន់ទីក្រុង នឹងកាត់បន្ថយការបំភាយឧស្ម័នយ៉ាងច្រើន។ វិធីសាស្ត្រនេះ ក៏នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងការបំពុលបរិយាកាស ជាពិសេសនៅក្នុងទីក្រុងធំៗដូចជារាជធានីភ្នំពេញ។
ក្រៅពីនេះ ការសម្រេចបាននូវគោលដៅឆ្នាំ២០៥០ របស់ប្រទេសកម្ពុជា ក៏នឹងតម្រូវឱ្យមានការផ្លាស់ប្តូរអាកប្បកិរិយាសាធារណៈចំពោះយានយន្តអគ្គិសនី ផងដែរ។ យុទ្ធនាការផ្សព្វផ្សាយការយល់ដឹងជាសាធារណៈអំពីអត្ថប្រយោជន៍នៃយានជំនិះអគ្គិសនី ទាំងការសន្សំថ្លៃដើម និងផលប៉ះពាល់បរិស្ថាន នឹងមានសារៈសំខាន់។ ជាងនេះទៅទៀត រដ្ឋាភិបាលត្រូវតែធ្វើការជាមួយវិស័យឯកជន ដើម្បីធានាថា ស្ថានីយ៍សាកថ្ម និងកន្លែងជួសជុលមានយ៉ាងទូលំទូលាយ ដូច្នេះវាកាត់បន្ថយការព្រួយបារម្ភរបស់អ្នកប្រើប្រាស់អំពីភាពងាយស្រួល។
សរុបមកវិញ គោលដៅនៃការផ្លាស់ប្តូររបស់កម្ពុជា ចំពោះយានយន្តអគ្គិសនីតំណាងឱ្យការទទួលខុសត្រូវរួមគ្នារវាងរដ្ឋាភិបាល ធុរៈជន និងប្រជាពលរដ្ឋ។ ផ្អែកនៅលើទឡ្ហីករណ៍ ដែលមានការកំណត់គោលដៅឆ្នាំ ២០៥០ គឺគួរឱ្យខ្លាច ដោយសារតែគោលដៅនេះ មានតែនៅលើគោលនយោបាយ តែការវិនិយោគ និងកិច្ចសហប្រតិបត្តិការសាធារណៈ វានៅមានសំពាធ និងស្ថានភាពមិនស៊ីគ្នា ប៉ុន្តែប្រសិនបើកម្ពុជា អាចធ្វើការផ្លាស់ប្តូរនេះដោយជោគជ័យ វានឹងមិនត្រឹមតែរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាសាកលក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដាក់ខ្លួនជាអ្នកដឹកនាំក្នុងតំបន់ក្នុងការដឹកជញ្ជូនប្រកបដោយនិរន្តរភាពផងដែរ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ