ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​ត្រៀម​បញ្ជូន​ទ័ព​ទៅ​មជ្ឈិម​បូព៌ា​នៅ​ពេល​សង្គ្រាមកំពុង​ផ្ទុះ​ខ្លាំង

2 ខែ មុន

ទី​ក្រុង​យេរូសាឡឹម៖ ​ប្រទេស​អាមេរិក​ប្រកាស​ថា​ខ្លួន​ត្រៀម​​បញ្ជូន​កង​ទ័ព​ទៅ​តំបន់​មជ្ឈិម​បូព៌ា​ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​ជាតិ​របស់​ខ្លួន​​​នៅ​ពេល​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ហេស​បូឡា​ចាប់​ផ្ដើម​ផ្ទុះ​ឡើង​នៅ​ក្នុង​ទ្រង់​ទ្រាយ​ធំ​។​ ​សង្គ្រាម​នេះស្រួល​មិន​ស្រួល​អាច​នឹង​ផ្ទុះ​ឡើងមិន​ត្រឹម​តែ​នៅ​លីបង់ និង​​​​អ៊ីស្រា​អែល​ប៉ុណ្ណោះ​ទេ​​ ប៉ុន្តែ​អាច​នឹង​​រីក​រាល​ដាល​ទូទាំង​​​មជ្ឈិម​បូព៌ា​។​ មន្ទីរ​បញ្ច​កោណ​​ប្រកាស​​ថា​កង​ទ័ព​អាមេរិក​បន្ថែម​ទៀត​នឹង​​ដាក់​ពង្រាយ​បន្ថែម​ពី​​លើ​កង​ទ័ព​អា​មេ​រិក​ដែល​មាន​ស្រាប់​ចំនួន​​៤​ម៉ឺន​នាក់​​​នៅ​មជ្ឈិម​បូព៌ា​។ ក្រៅ​ពី​នេះ អាមេរិក​ក៏​​ត្រៀម​បញ្ជូន​នាវា​ និង​យន្ត​ហោះ​ចម្បាំង​រាប់​សិប​គ្រឿង​​បន្ថែម​ទៀត​ផង​ដែរ​។…

ទី​ក្រុង​យេរូសាឡឹម៖ ​ប្រទេស​អាមេរិក​ប្រកាស​ថា​ខ្លួន​ត្រៀម​​បញ្ជូន​កង​ទ័ព​ទៅ​តំបន់​មជ្ឈិម​បូព៌ា​ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​ជាតិ​របស់​ខ្លួន​​​នៅ​ពេល​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ហេស​បូឡា​ចាប់​ផ្ដើម​ផ្ទុះ​ឡើង​នៅ​ក្នុង​ទ្រង់​ទ្រាយ​ធំ​។​ ​សង្គ្រាម​នេះស្រួល​មិន​ស្រួល​អាច​នឹង​ផ្ទុះ​ឡើងមិន​ត្រឹម​តែ​នៅ​លីបង់ និង​​​​អ៊ីស្រា​អែល​ប៉ុណ្ណោះ​ទេ​​ ប៉ុន្តែ​អាច​នឹង​​រីក​រាល​ដាល​ទូទាំង​​​មជ្ឈិម​បូព៌ា​។​

មន្ទីរ​បញ្ច​កោណ​​ប្រកាស​​ថា​កង​ទ័ព​អាមេរិក​បន្ថែម​ទៀត​នឹង​​ដាក់​ពង្រាយ​បន្ថែម​ពី​​លើ​កង​ទ័ព​អា​មេ​រិក​ដែល​មាន​ស្រាប់​ចំនួន​​៤​ម៉ឺន​នាក់​​​នៅ​មជ្ឈិម​បូព៌ា​។ ក្រៅ​ពី​នេះ អាមេរិក​ក៏​​ត្រៀម​បញ្ជូន​នាវា​ និង​យន្ត​ហោះ​ចម្បាំង​រាប់​សិប​គ្រឿង​​បន្ថែម​ទៀត​ផង​ដែរ​។ ចំណាត់​ការ​នេះ​ធ្វើ​ឡើ​ងបន្ទាប់​ពី​អ៊ីស្រាអែល​វាយ​ប្រហារ​​​ខ្លាំង​ៗ​តាម​អាកាស​​​ចូល​កាន់​តែ​ជ្រៅ​​ទៅ​ក្នុង​ប្រទេស​លីបង់​។

ក្រសួង​ការ​បរទេស​អាមេរិក​ប្រកាស​ឱ្យ​​ពល​រដ្ឋ​របស់​ខ្លួន​ទាំង​អស់​ប្រញាប់​ចាក​ចេញ​ពី​ប្រទេស​លីបង់​។​ ​ភាព​តាន​តឹង​បាន​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​ដូច​ទឹក​ពុះ​១០០​អង្សា​​កាល​ពី​មួយ​សប្ដាហ៍​មុន​នេះ​ ហើយ​រឹត​តែ​ធ្ងន់​ធ្ងរ​បន្ថែម​ទៀត​ក្រោយ​ហេតុ​ការណ៍​ផ្ទុះ​ឧបករណ៍​ផ្ញើ​សារ និង​វិទ្យុ​ទាក់​ទង​នៅ​ទូទាំង​ប្រទេស​លីបង់​កាល​ពី​ថ្ងៃ​អង្គារ និង​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​។ ឧបករណ៍​ទាំង​២​នេះ​ប្រើ​ប្រាស់​ដោយ​យុទ្ធ​ជន និង​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់​របស់​ក្រុម​ហេស​បូឡា ហើយ​ធ្វើ​ឱ្យ​ពួក​គេ​ស្លាប់​យ៉ាង​តិច​៣៧​នាក់ និង​របួស​៣​ពាន់​នាក់​។ អ៊ីរ៉ង់, លីបង់ និង​ហេស​បូឡា​ចាត់​ទុក​ថា​នេះ​ជា​ស្នា​ដៃ​របស់​អ៊ីស្រាអែល​យ៉ាង​ពិត​ប្រាកដ​។​​

តាម​ពិត​ ការ​វាយ​ប្រហារ​​កើត​ឡើង​តាំង​ពី​យប់​ថ្ងៃ​សៅរ៍​​​នៅ​ពេល​អ៊ីស្រាអែល​​បើក​យុទ្ធ​នា​ការ​ទម្លាក់​គ្រាប់​បែក​ទៅ​លើ​មូល​ដ្ឋាន​របស់​ក្រុម​ហេស​បូឡា​ និង​បាញ់​កម្ទេច​ជើង​ទម្រ​បាញ់​កាំ​ជ្រួច​ហ្វូង​មួយ​រយ​គ្រឿង​ដែល​អ៊ីស្រាអែល​អះ​អាង​ថា​នេះ​ជា​ការ​វាយ​ប្រហារ​ការ​ពារ​ខ្លួន​ទុក​ជា​មុន ​ខណៈ​ដែល​ហេស​បូឡា​ចង់​ប្រើ​ប្រាស់​អាវុធ​ទាំង​នេះ​ដើម្បីសង​សឹក​ទៅ​លើ​អ៊ីស្រាអែល​នៅ​ក្នុង​ករណី​ផ្ទុះ​ឧបករណ៍​ខាង​លើ​​។ នៅ​យប់​ថ្ងៃ​សៅរ៍​ ហេស​បូឡា​អះ​អាង​ថា​ខ្លួន​បាញ់​រ៉ុក​កែត​១០០​គ្រាប់​ចូល​ទឹក​ដី​អ៊ីស្រាអែល​​។

​អ្វី​ដែល​ជា​ចំណាប់​ផ្ដើម​នៃសង្គ្រាម​ទ្រង់​ទ្រាយ​ធំ​គឺ​ការ​វាយ​ប្រហារ​​គ្នា​​កាល​ពី​ថ្ងៃ​ចន្ទ​។ ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ យុទ្ធ​នា​ការ​វាយ​ប្រហារ​តាម​អាកាស​ទៅ​លើ​ប្រទេស​លីបង់​ឆក់​យក​ជីវិត​មនុស្ស​ជាង​២៧០​នាក់​ និង​របួស​ជាង​៧០០​នាក់​។ អ៊ី​ស្រា​អែល​អះ​អាង​ថា​ហេស​បូឡា​​បាញ់​រ៉ុក​កែត​រាប់​ម៉ឺន​គ្រាប់​។ ប៉ុន្តែ​​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​របស់​​ខ្លួន​​អាច​បាញ់​ទម្លាក់​​បាន​ភាគ​ច្រើន​។

រដ្ឋាភិបាល​របស់​លោក​បៃដិនប្រាប់​អ៊ីស្រាអែល​​ថា​​​បើ​សង្គ្រាម​នេះ​ផ្ទុះ​ឡើង​កាន់​តែ​ខ្លាំង​គ្មាន​ផល​ចំណេញ​សម្រាប់​អ៊ីស្រា​អែល​ទេ​។ ដូច្នេះ គួរ​ណាស់​ងាក​មក​រកការ​ដោះ​ស្រាយ​​​ផ្នែក​ការ​ទូត​វិញ​ល្អ​ជាង​។ នៅ​សេត​វិមាន​ លោក​បៃដិន​បញ្ជាក់ថា​លោក​នឹង​ធ្វើ​អ្វី​ៗ​គ្រប់​បែប​យ៉ាង​ទៅ​តាម​លទ្ធ​ភាព​ដែល​អាច​ធ្វើ​​បាន​ដើម្បី​ទប់​ស្កាត់​មិន​ឱ្យ​ភ្លើង​សង្គ្រាម​ឆាប​ឆេះ​កាន់​តែ​ខ្លាំង​​។​​លោក​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​យើង​នឹង​ពិភាក្សា​គ្នា​អំពី​ការ​បញ្ចប់​សង្គ្រាម​នៅតំបន់​ហ្កាហ្សា​ និង​បញ្ហា​ដទៃ​​ទៀត​នៅ​ក្នុង​តំបន់​​។​

ក្រសួង​ការ​បរទេស​អាមេរិក​​​ថ្លែង​ថា​​​សង្គ្រាម​អាច​នឹង​ផ្ទុះ​ឡើង​ហួស​ពី​ការ​ស្មាន។​ ដូច្នេះ ស្ថាន​ទូត​អា​មេ​រិក​​អំពាវ​នាវ​ឱ្យ​ពល​រដ្ឋ​របស់​ខ្លួន​ទាំង​អស់​ចាក​ចេញ​ពី​ប្រទេស​លីបង់​ជា​បន្ទាន់​​នៅ​ពេល​ដែល​មិន​ទាន់​ហួស​ពេល​, ​នៅ​ពេល​​​​សង្គ្រាម​ទើប​តែ​ផ្ទុះ​ឡើង​ថ្មី​ៗ និង​នៅ​ពេល​​​​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​របស់​ក្រុម​ហ៊ុន​ឯក​ជន​នៅ​អាច​ឆ្លៀត​ហោះ​ចូល​ប្រទេស​​លីបង់​ដើម្បី​ដឹក​មនុស្ស​។​

​អាមេរិក​ដាក់​ពង្រាយ​កង​ទ័ព​ និង​នាវា​ចម្បាំង​នៅ​សមុទ្រ​មេឌីទែ​រ៉ាណេ​ខាង​កើត​ និង​ឈូង​សមុទ្រ​អូ​ម៉ង់ (Oman)​តាំង​ពី​យូរ​មក​ហើយ​។ គ្រាន់​តែ​ថា​ក្រោយ​​ពេល​​ផ្ទុះ​សង្គ្រាម​នៅ​តំបន់​ហ្កាហ្សា​កាល​ពី​ខែ​តុលា ឆ្នាំ​២០២៣ ​​អាមេរិក​បន្ថែម​កង​ទ័ព​រហូត​ដល់​​៤​ម៉ឺន​នាក់​។ ​បន្ទាប់​ពី​ដក​នាវា​ដឹក​យន្ត​ហោះ​១​គ្រឿង​ទៅ​អាស៊ី​ប៉ាស៊ី​ហ្វិក អាមេរិក​សព្វ​ថ្ងៃ​នេះ​​​​នៅ​សល់​​នាវា​ដឹក​យន្ត​ហោះ​១​​គ្រឿង​នៅ​មជ្ឈិម​បូព៌ា, ​​នៅ​សល់​នាវា​ពិឃាត​ឈរ​ជើង​នៅ​សមុទ្រ​ក្រហម និង​​នៅ​សល់​នាវា​ចម្បាំង​៦​គ្រឿង​​នៅ​​សមុទ្រ​មេឌីទែ​រ៉ាណេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ