ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​អ៊ីស្រាអែល-​ហេស​បូឡា​ផ្ទុះ​ឡើង​ហើយ​១​ថ្ងៃ​​ស្លា.ប់២៧០​នាក់

16 ម៉ោង មុន

ទី​ក្រុង​យេរូសាឡឹម៖ សង្គ្រាម​ទ្រង់​ទ្រាយ​ធំ​ចាប់​ផ្ដើម​ផ្ទុះ​ឡើង​ជា​បណ្ដើរ​ៗ​ហើយ​រវាង​អ៊ីស្រាអែល និង​ក្រុម​ហេស​បូឡា​ទោះ​បី​សហ​គមន៍​អន្តរជាតិ និង​ប្រទេស​មហា​អំណាច​​ខិត​ខំ​ទប់​ស្កាត់​យ៉ាង​ណា​ក្ដី​។​ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ការ​វាយ​ប្រហាររបស់​អ៊ីស្រាអែល​ទៅ​លើ​ប្រទេស​លីបង់​ភាគ​ខាង​ត្បូង​ដែល​ជា​សម្បុក​របស់​ក្រុម​ហេស​បូឡា​បាន​ឆក់​យក​ជីវិត​មនុស្ស​​រាប់​រយ​នាក់​​។ គេ​មិន​ទាន់​ដឹង​​ថា​តើជន​ស៊ីវិល​ស្លាប់​ប៉ុន្មាន​នាក់ និង​យុទ្ធ​ជន​របស់​ហេស​បូឡា​ស្លាប់​ប៉ុន្មាន​នាក់​ទេ​។ ​​អ៊ីស្រាអែល​អះ​អាង​ថា​ទី​តាំង​វាយ​ប្រហារ​ទាំង​នោះ​សុទ្ធ​តែ​ជា​មូល​ដ្ឋាន​យោធា​របស់​ក្រុម​ហេស​បូឡា។ ប៉ុន្តែ​បើ​គេ​ពិនិត្យ​ជាក់​ស្ដែង​ភាគ​ច្រើន​ជា​ផ្ទះ​​​របស់​ជន​ស៊ីវិល​។ អ៊ីស្រាអែល​បន្ត​វាយ​ប្រហារ​​តាម​អាកាស​ទៅ​លើ​​ប្រទេស​លីបង់​​ភាគ​ខាង​ត្បូង…

ទី​ក្រុង​យេរូសាឡឹម៖ សង្គ្រាម​ទ្រង់​ទ្រាយ​ធំ​ចាប់​ផ្ដើម​ផ្ទុះ​ឡើង​ជា​បណ្ដើរ​ៗ​ហើយ​រវាង​អ៊ីស្រាអែល និង​ក្រុម​ហេស​បូឡា​ទោះ​បី​សហ​គមន៍​អន្តរជាតិ និង​ប្រទេស​មហា​អំណាច​​ខិត​ខំ​ទប់​ស្កាត់​យ៉ាង​ណា​ក្ដី​។​ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ការ​វាយ​ប្រហាររបស់​អ៊ីស្រាអែល​ទៅ​លើ​ប្រទេស​លីបង់​ភាគ​ខាង​ត្បូង​ដែល​ជា​សម្បុក​របស់​ក្រុម​ហេស​បូឡា​បាន​ឆក់​យក​ជីវិត​មនុស្ស​​រាប់​រយ​នាក់​​។

គេ​មិន​ទាន់​ដឹង​​ថា​តើជន​ស៊ីវិល​ស្លាប់​ប៉ុន្មាន​នាក់ និង​យុទ្ធ​ជន​របស់​ហេស​បូឡា​ស្លាប់​ប៉ុន្មាន​នាក់​ទេ​។ ​​អ៊ីស្រាអែល​អះ​អាង​ថា​ទី​តាំង​វាយ​ប្រហារ​ទាំង​នោះ​សុទ្ធ​តែ​ជា​មូល​ដ្ឋាន​យោធា​របស់​ក្រុម​ហេស​បូឡា។ ប៉ុន្តែ​បើ​គេ​ពិនិត្យ​ជាក់​ស្ដែង​ភាគ​ច្រើន​ជា​ផ្ទះ​​​របស់​ជន​ស៊ីវិល​។ អ៊ីស្រាអែល​បន្ត​វាយ​ប្រហារ​​តាម​អាកាស​ទៅ​លើ​​ប្រទេស​លីបង់​​ភាគ​ខាង​ត្បូង និង​ភាគ​ខាង​កើត​ បង្ក​ជា​ផ្សែង​ក្រាស់​ឃ្មឹក​ហោះ​ហើរ​ខ្មួល​ខ្មាញ់​ទៅ​​លើ​​​​អាកាស​​។ ជន​ស៊ីវិល​មិន​អាច​បន្ត​រស់​នៅ​ទី​នោះ​បាន​ត​ទៅ​ទៀត​ឡើយ​។

​ពួក​គេ​ត្រូវ​តែ​វេចសម្ពាយ ដឹក​កូន​ជញ្ជូន​ចៅ​ ចាក​ចេញ​ជា​បន្ទាន់​។ ទិដ្ឋ​ភាព​នេះ​ធ្វើ​ឱ្យ​គេ​នឹក​ឃើញ​ទៅ​ដល់​ព្រឹត្តិ​ការណ៍​សង្គ្រាម​រវាង​អ៊ីស្រាអែល​ និង​ហេស​បូឡា​កាល​ពី​ឆ្នាំ​២០០៦​ដែល​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​រង្គាល។ ប៉ុន្តែ​សង្គ្រាម​លើក​នេះ​មើល​មិន​ឃើញ​ ថា​មិន​ត្រូវ​ឡើយ​។ ហេង​ស៊យ​អាច​នឹង​ផ្ទុះ​ឡើង​ខ្លាំង​ជាង​ពេល​នោះ​ទៅ​ទៀត​ក៏​អាច​ថា​បាន​ដែរ​។

អ្នក​ខ្លះ​ចាត់​ទុក​ភ្លើង​សង្គ្រាម​នៅ​ថ្ងៃ​ចន្ទ​ថា​មាន​សភាព​ខ្លាំង​ក្លា​ជាង​សង្គ្រាម​ឆ្នាំ​២០០៦​ទៅ​ទៀត​។ កាល​នោះ ភាគី​ទាំង​ពីរ​វាយ​ប្រហារ​គ្នា​ដោយ​កង​ទ័ព​ជើង​គោក ជើង​ទឹក​ និង​ជើង​អាកាស​ ធ្វើ​ឱ្យ​ប្រទេស​លីបង់​រង​គ្រោះ​យ៉ាង​ដំណំ​។ គេ​ប៉ាន់​ស្មាន​ថា​មនុស្ស​លើស​ពី​១១០០​នាក់​បាន​ស្លាប់​​មុន​ពេល​ភាគី​ទាំង​២​យល់​ព្រម​បញ្ចប់​សង្គ្រាម​ និង​ចុះ​ហត្ថ​លេខា​លើ​បទ​ឈប់​បាញ់​។​

ក្រោយ​​ការ​វាយ​ប្រហារ​របស់​​ក្រុម​ហាម៉ាស់​ទៅ​លើ​អ៊ីស្រាអែល​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០២៣​ ក្រុ​ម​ហេស​បូឡា​ចាប់​ផ្ដើម​ដើរ​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​នោះ ហើយ​ចាប់​ផ្ដើម​ដុត​បញ្ឆេះ​សង្គ្រាម​នៅ​តាម​ព្រំ​ដែន​ដើម្បី​បង្ហាញ​ការ​គាំទ្រ​ចំពោះ​​​ហាម៉ាស់​។ ​​កាល​ពី​ពេល​កន្លង​មក ការ​ប៉ះ​ទង្គិច​គ្នា​រប៉េះ​រប៉ោះ​តាម​ព្រំដែន​ច្រើន​កើត​ឡើង​នៅ​ក្នុង​រង្វង់​​៤​គីឡូម៉ែត្រ​នៃ​ព្រំ​ដែន​ប្រទេស​ទាំង​២​។

​លើក​នេះ​មិន​មែន​ជា​ការ​ប៉ះ​ទង្គិច​គ្នា​ទេ ប៉ុន្តែ​ជា​សង្គ្រាម​ទ្រង់​ទ្រាយ​ធំ​តែ​ម្ដង​​បន្ទាប់​ពី​​អ៊ីស្រាអែល​​កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន​បាន​អនុម័ត​ជា​ផ្លូវ​ការ​ទៅ​លើ​ការ​ធ្វើ​មាតុ​ភូមិ​និវត្ត​​ជន​ជាតិ​អ៊ីស្រាអែល​ដែល​បាន​ផ្លាស់​ប្ដូរ​ទី​លំ​នៅ​ទៅ​នៅ​តំបន់​ខាង​ជើង​នោះ​ត្រឡប់​មក​វិញ​។ ចាប់​តាំង​ពី​ពេល​នោះ​មក អ៊ី​ស្រា​អែល​វាយ​ប្រហារ​ក្រុ​មហេស​បូឡា​កាន់​តែ​ខ្លាំង​ឡើង​ៗ​។ វាយ​ប្រហារ​ទី​តាំង​យោធា​មិន​ថ្វី​ទេ​​ ប៉ុន្តែ​គេ​​សង្កេត​​ឃើញ​ថា​ទី​តាំង​រង​ការ​វាយ​ប្រហារ​ពី​អ៊ីស្រាអែល​ភាគ​ច្រើន​មាន​ជន​ស៊ីវិល​រស់​នៅ​ជា​ច្រើន​។


អ៊ីរ៉ង់​ព្រមាន​អ៊ីស្រាអែល​ថា​នឹង​ទទួល​រង​ផល​វិបាក​ធ្ងន់​ធ្ងរ​
​រដ្ឋាភិបាល​អ៊ីរ៉ង់​ចេញ​សេច​ក្ដីព្រមាន​ធ្ងន់​ៗ​ថា​អ៊ីស្រាអែល​​នឹង​ទទួល​រង​ផល​វិបាក​ធ្ងន់​ធ្ងរ​ក្រោយ​​ការ​វាយ​ប្រហារ​មួយ​ប្រាវ​កាល​ពី​ថ្ងៃ​ចន្ទ​បណ្ដាល​​ឱ្យ​ស្លាប់​មនុស្ស​ជាង​២៧០​នាក់​។ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អ៊ីរ៉ង់​ លោក​ណា​ស៊ែ​ ខា​ណា​នី (Nasser Kanaani) ប្រកាស​ថ្កោល​ទោស​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​ជា​ទម្ងន់​។ លោក​ចាត់​ទុក​ថា​នេះ​ជា​ទង្វើ​ដ៏​ឆ្កួត​លេ​លា។

អ្នក​នាំ​ពាក្យ​រូប​នេះ​ក៏​ឆ្លៀតរិះ​គន់​ប្រទេស​អាមេរិក​យ៉ាង​ចាស់​ដៃ​ផង​ដែរ​ដែល​បន្ត​គាំទ្រ​អ៊ី​ស្រាអែលដើម្បី​​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​នៅ​លើ​​​ទឹក​ដី​ប៉ាឡេស្ទីន​​។ លោក​ចាត់​ទុក​ថា​ការ​ដែល​អ៊ី​ស្រាអែល​ពង្រីក​សង្គ្រាម​ចូល​ប្រទេស​លីបង់​ជាសក្ខី​ភាព​បញ្ជាក់​ថា​​​សន្តិ​ភាព​ និង​សន្តិ​សុខ​នៅ​ក្នុង​តំបន់​ និង​នៅ​លើ​ឆាក​​អន្តរ​ជាតិកំពុង​ទទួល​រង​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់​ធ្ងរ​​។ ដូច្នេះ លោក​​បាន​អំពាវ​នាវ​យ៉ាង​ទទូច​​ឱ្យ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​ចាត់​វិធាន​ការ​ជា​បន្ទាន់​ដើម្បី​បញ្ឈប់​អំពើ​ឧក្រិដ្ឋ​ទាំង​នេះ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ